ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ
Cambodia News
ព្រះសីហនុ ៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលគួរឱ្យ កត់សម្គាល់កន្លងមកនេះ គឺការបុករវាងរថយន្តកុងតឺន័រ និងរថយន្តរបស់តារាចម្រៀង ខេមរៈ សិរីមន្ត កាលពីយប់ថ្ងៃទី៧ មីនា កន្លងមកលើ កំណាត់ផ្លូវជាតិលេខ៤ បើគិតមកដល់ពេលនេះគឺ មានរយៈពេលជិត៣ខែហើយ ប៉ុន្តែការដោះស្រាយតាមផ្លូវច្បាប់ជាមួយ ក្រុមហ៊ុន SK នៅពុំទាន់លេចចេញ ជារូបរាងនៅឡើយទេ ។
តាមមន្ត្រីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមិថុនា នៅការិយាល័យចរាចរណ៍ ជើងគោកខេត្តក្រុមការងារមួយ ក្រុមក្នុងនោះមាន កញ្ញាស៊ន លីនណា ចៅក្រមស៊ើបសួរ និងមេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាងជំនាញខាងរថយន្ត បានមកធ្វើការពិនិត្យ អង្កេតរថយន្តរបស់លោកខេមរៈ សិរីមន្ត ដែលរក្សាទុកនៅស្នងការដ្ឋានដើម្បី ធ្វើការវិនិច្ឆ័យដែលភាគីក្រុមហ៊ុន និយាយថា រថយន្តរបស់តារាចម្រៀងខេមរៈ សិរីមន្ត មានភ្លើងឡាហ៊ែ្សរទើបជាហេតុ នាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ។
ក្រោយពីពិនិត្យស្រាវជ្រាវជា ច្រើនលើកច្រើនសា ចម្លើយពីជាងជំនាញបានបង្ហាញថា រថយន្តតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាមានភ្លើងឡាហ៊ែ្សរមែន ហើយភ្លើងនេះគឺ ជាភ្លើងច្នៃ ប៉ុន្តែមាននៅតែផ្នែកខាងក្រោមស្ដុបកាងនៃរថយន្ត ភ្លើងនេះពុំអាចភ្លឺឆ្ងាយនោះទេ តែចំពោះការភ្លឺបានប៉ុន្មានម៉ែត្រនោះ នៅពុំទាន់អាចកំណត់បាននៅឡើយ ។ មេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត បានអះអាងថា រថយន្តលោក ខេមរៈ សិរីមន្ត ថ្វីដ្បិតតែមានភ្លើងឡាហ៊ែ្សរពិតមែន តែភ្លើងនេះពុំអាចភ្លឺបានចម្ងាយលើស ពី៥០ម៉ែត្រទេ ដូច្នេះហើយបើទស្សនៈ និងការយល់ឃើញរបស់ លោកភ្លើងនេះពុំអាចជាដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះជាដាច់ខាត៕