ក្រសួងការងារ ប្រកាសពីថ្ងៃឈប់សម្រាកឲ្យទៅចូលរួមបោះឆ្នោតជាតិ
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែមិថុនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង ប្រកាសឲ្យគ្រឹះស្ថាន ដែលស្ថិតក្រោមច្បាប់ស្តីពីការងារ អនុញ្ញាតឲ្យកម្មករ-និយោជិតរបស់ខ្លួន បានឈប់សម្រាក ដើម្បីទៅចូលរួមបោះឆ្នោតជាតិ អាណត្តិទី៥ ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ការឈប់សម្រាកនេះ គឺផ្អែកតាមទីតាំងគ្រឹះស្ថាន-សហគ្រាស និងទីតាំងការិយាល័យបោះឆ្នោតរបស់កម្មករ-និយោជិត។
សេចក្តីជូនដំណឹង បញ្ជាក់ថា សម្រាប់អ្នកដែលធ្វើការនៅភ្នំពេញ និងក្នុងទីរួមខេត្តទាំង២៣ ហើយត្រូវបោះឆ្នោតផ្ទាល់នៅរាជធានីភ្នំពេញ និងទីរួមខេត្តនោះ នឹងទទួលបានការអនុញ្ញាតិច្បាប់មួយថ្ងៃគឺថ្ងៃទី២៨ ខែកក្កដា។
ចំណែក កម្មករ-និយោជិត នៃគ្រឹះស្ថាន-សហគ្រាសនៅក្នុងខេត្តទាំង២៣ ហើយត្រូវទៅបោះឆ្នោតក្នុងខេត្តនោះ នឹងទទួលបានការអនុញ្ញាតច្បាប់ចំនួនពីរថ្ងៃ ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែកក្កដា។
ដោយឡែកអ្នក ដែលត្រូវចេញពីភ្នំពេញទៅបោះឆ្នោតនៅបណ្តាខេត្ត ឬពីបណ្តាខេត្តមកភ្នំពេញ ឬពីបណ្តាខេត្តណាមួយទៅបណ្តាខេត្តផ្សេងទៀត នឹងទទួលបានការអនុញ្ញាតច្បាប់ចំនួនបីថ្ងៃគឺថ្ងៃទី២៧-២៨-២៩ ខែកក្កដា។
ក្រសួងការងារ បញ្ជាក់ទៀតថា កម្មករ-និយោជិត នឹងពុំបាត់បង់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ ដោយសារការឈប់សម្រាកនេះឡើយ ហើយពេលត្រលប់មកវិញ ក៏មិនតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗដែរ។ ជាមួយគ្នានោះ ប្រាក់ឈ្នួលត្រូវបើកឱ្យបានមុនថ្ងៃទៅបោះឆ្នោត ឬយ៉ាងហោចណាស់ ថៅកែត្រូវអនុញ្ញាតឱ្យនិយោជិតរបស់ខ្លួនខ្ចីប្រាក់ឈ្នួលមួយភាគ ជាមុនសិន៕