ស្លាប់២ក្នុងការបង្រ្កាបបាតុកម្មនៅតួកគី សហព័ន្ធសហជីពចេញមុខគាំទ្របាតុករ
បាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលតួកគី នៅតែបន្តធ្វើ ហើយមានសន្ទុះកាន់តែខ្លាំង។ ចំនួនបាតុករស្លាប់ ក្នុងការប្រឈមមុខដាក់គ្នាជាមួយប៉ូលិសបានកើនឡើងដល់ ២នាក់ ហើយសហព័ន្ធសហជីពមន្រ្តីរដ្ឋការស៊ីវិលក៏បានប្រកាសរៀបចំធ្វើកូដកម្ម រយៈពេល ៤៨ម៉ោង ដើម្បីប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាល ទៅលើបាតុករប្រឆាំង។
ជនរងគ្រោះ ទី២ នៅក្នុងការបង្រ្កាបបាតុកម្ម គឺជាបាតុករវ័យ ២២ឆ្នាំ ស្លាប់ដោយគ្រាប់កាំ ភ្លើង នៅក្នុងពេលប្រឈមមុខដាក់គ្នាជាមួយប៉ូលិស កាលពីយប់ថ្ងៃចន្ទ ហើយ ការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករប្រឆាំងនៅតែបន្តកើតមានរហូតដល់ព្រឹកថ្ងៃអង្គារ។
ក្នុងពេលជាមួយគ្នា សហព័ន្ធសហជីពតំណាងបុគ្គលិកមន្រ្តីរដ្ឋការស៊ីវិលតួកកី បានប្រកាសអំពាវនាវឲ្យមានការធ្វើកូដកម្មរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃអង្គារនេះទៅ ដើម្បីជាការព្រមានដល់រដ្ឋាភិបាល ឲ្យបញ្ឈប់ការប្រើកម្លាំងបង្រ្កាបទៅលើបាតុកម្មប្រឆាំង ដែលធ្វើឡើងដោយសន្តិវិធី។
គួរបញ្ជាក់ថា សហព័ន្ធសហជីពខាងលើនេះ មានសមាជិកសរុប ចំនួនប្រមាណជា ២៤ម៉ឺននាក់ នៅទូទាំងប្រទេសតួកគី។ កូដកម្មរបស់ពួកគេអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការ នៅតាមសាលា រៀន សកលវិទ្យាល័យ មន្ទីរក្រសួង ព្រមទាំងការិយាល័យសាធារណៈផ្សេងៗទៀត នៅទូទាំងប្រទេស។
លោក Recep Tayyip Erdogan នាយករដ្ឋមន្រ្តីតួកគី ដែលបានចាកចេញពីប្រទេស កាលពីថ្ងៃ ចន្ទ ដើម្បីទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសម៉ារ៉ុក បានច្រានចោលនូវការលើកឡើងថា ចលនាប្រឆាំងនៅក្នុងប្រទេសតួកគី នៅពេលនេះ គឺជាចលនាបដិវត្តន៍ ដូចជា នៅតាមបណ្តាប្រទេសអារ៉ាប់មុនៗ។ លោកបានស្តីបន្ទោសដល់ក្រុមប្រឆាំងជ្រុលនិយមថា ជាអ្នកបង្កបញ្ហាចលាចលពេលនេះ ហើយថា ស្ថានភាពអាចនឹងវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
គួររំឭកសាជាថ្មីឡើងវិញថា បាតុកម្មនៅក្នុងប្រទេសតួកគី នៅពេលនេះ បានចាប់ផ្តើមឡើងដំបូង ដើម្បីត្រឹមតែជាការប្រឆាំងនឹងគម្រោងរដ្ឋាភិបាល ដែលចង់យកសួនឧទ្យាន ទៅអភិវឌ្ឍធ្វើជាមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលបានប្រើកម្លាំងប៉ូលិសបង្រ្កាបបាតុកម្មម្តងហើយម្តងទៀត ព្រមទាំងបានចាត់ទុកពួកបាតុករថា “ជាក្រុមជនពាលមួយក្តាប់តូច” ទើបធ្វើឲ្យបាតុករផ្ទុះកំហឹង ហើយបាតុកម្មទ្រង់ទ្រាយតូច ដើម្បីប្រឆាំងនឹងគម្រោងអភិវឌ្ឍសួនឧទ្យាន ក៏បានរាលដាលទៅជាបាតុកម្មធំ នៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងនាយករដ្ឋមន្រ្តីតួកគីតែម្តង៕ ដោយ សេង ឌីណា (RFI)