មហាអំណាចនុយក្លេអ៊ែរ នៅអាស៊ីបង្កើនអាវុធនុយក្លេអ៊ែរ
មហាអំណាច អាវុធនុយក្លេអ៊ែរ បី នៅអាស៊ី គឺ ចិន ឥណ្ឌា និង ប៉ាគីស្ថាន បានបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែ រាប់រយគ្រាប់។ ការផលិតក្បាលពាំគ្រាប់នេះ ធ្វើឡើង ក្នុងខណៈដែលភាពតានតឹងរវាងប្រទេស នៅអាស៊ីកំពុងតែ កើន ឡើង។ ប៉ុន្តែ សម្រាប់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ SIPRI ដែលមានមូលដ្ឋាន នៅStockholmវិញ នេះជាការផុយស្រួយនៃសន្តិភាពនៅអាស៊ីទៅវិញ។
ប្រទេស មហាអំណាចនុយក្លេអ៊ែ បី នៅអាស៊ី បានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែ របស់ខ្លួនលើស កាលពីឆ្នាំមុនៗ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ដែលចេញផ្សាយរបាយការណ៍របស់ខ្លួន នៅថ្ងៃចន្ទនេះ។
ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងបីនោះគឺ ប្រទេសចិន ឥណ្ឌា និងប៉ាគីស្ថាន ដែលបានផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់រយគ្រាប់។ ប្រទេសចិន នៅឆ្នាំ២០១៣នេះបានផលិតក្បាលគ្រាប់ នុយក្លេអ៊ែ ចំនួន ២៥០ គ្រាប់ ដែលកាលពីឆ្នាំ២០១២ បានផលិតតែ ២៤០ គ្រាប់តែប៉ុណ្ណោះ។ ចំណែកឯ ប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិនវិញ ក៏បានផលិតក្បាលគ្រាប់ ពី១០ ទៅ ជាង១០០ គ្រាប់ផងដែរ។ រីឯ ឥណ្ឌាឯណោះ ក៏បានបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរបស់ខ្លួន ពី១០ទៅ ជាង១០០គ្រាប់ដែរ។
គួរបញ្ជាក់ថា ប្រទេសនៅអាស៊ី តាំងពីឆ្នាំ ២០០៨ មក បានបង្កើនភាពតានតឹងដាក់គ្នា ដូចជា ឥណ្ឌា និងប៉ាគីស្ថាន ចិន និងជប៉ុន រួមទាំងបញ្ហា បងប្អូនគូសត្រូវកូរ៉េទាំងពីរផងដែរ។
ទាក់ទងបញ្ហាអាវុធនុយក្លេអ៊ែរនេះដែរ មានតែប្រទេសមហាអំណាចពិភពលោកពីរប៉ុណ្ណោះ គឺ អាមេរិក និង រុស្ស៊ី ដែលបានកាត់បន្ថយក្បាលពាំគ្រាប់អាវុធនុយក្លេអ៊ែរ។ រុស្ស៊ី បានកាត់បន្ថយគ្រាប់នុយក្លេអ៊ែ ពី ១ម៉ឺនគ្រាប់ មកត្រឹម ៨ពាន់ ៥រយគ្រាប់។ រីឯអាមេរិក បានកាត់បន្ថយ អាវុធនុយក្លេអ៊ែររបស់ខ្លួន ពី ៨ពាន់ មកត្រឹម៧ ពាន់ ៧រយគ្រាប់។
ប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែ នៅលើពិភពលោកផ្សេងទៀត គឺ ប្រទេសបារាំង មាន ៣០០គ្រាប់ ចក្រភពអង់គ្លេស ជាង ២០០គ្រាប់ និង អ៊ីស្រាអ៊ែល ចំនួន ៨០គ្រាប់។
ការបង្កើនការផលិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសទាំងបី នៅអាស៊ីនេះ បានឆ្លុះបញ្ចាំងពីការ ប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ និងបង្កើនភាពតានតឹងដែលនេះជាចំណុចផុយស្រួយនៃសន្តិភាព នៅអាស៊ី៕ (RFI)