កូនពុលពងគីង្គក់កូនស្លាប់ ប្រពន្ធរត់ចោល ប្តីកើតសរសៃប្រាសាទដុតខ្លួនឯងស្លាប់
Cambodia News
ពោធិ៍សាត់ ៖ កាលពីវេលាម៉ោង១និង៣០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា បុរសម្នាក់បានយកសាំងស្រោច ហើយដុតខ្លួនឯង ត្រង់ចំណុចខាងក្រោយផ្ទះចម្ងាយ១០ម៉ែត្រ ស្ថិតក្នុងភូមិគៀនជង្រុក ឃុំអូសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យឆាបឆេះរលេះរលួយ ពេញខ្លួនប្រាណរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ដោយការធ្វើអត្តឃាតនេះត្រូវបានគេអះអាងដោយសារបុរសនេះមានជំងឺ សរសៃប្រសាទ។
បើ តាមលោកង៉ា ស៊ីណា នាយប៉ុស្តិ៍អូសោមបានឲ្យដឹងថា ជនរងគ្រោះរូបនោះមានឈ្មោះ សៀរ សេម អាយុ៣១ឆ្នាំ នៅភូមិខាងលើ។ អ៊ុំស្រីឈ្មោះ ឡូញ ខ្វិត អាយុ៥៩ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះខាងលើបានរៀបរាប់ថា ចាប់តាំងពីកូនប្រុសរបស់ជនរងគ្រោះស្លាប់ដោយពុលពងគីង្គក់ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៣ វេលាម៉ោង២និង៣០នាទីរសៀល នៅភូមិខាងលើរួចមក បុរសនេះមានសភាពខុសប្រក្រតី មិនសូវដឹងខុសត្រូវឡើយ ហើយក៏ត្រូវប្រពន្ធរត់ចោលទៅបាត់ទៀត។ ស្រាប់តែនៅថ្ងៃកើតហេតុពេល ដែលកូនប្រុសគាត់(ជនរងគ្រោះ) មកពី កាប់ចំការ ក៏បានហូបអាហារថ្ងៃ រួចក៏ចាក់សាំងមួយបោយទឹកដើរទៅក្រោយ ផ្ទះប្រហែល១០ម៉ែត្រ ស្រោចលើខ្លួន ហើយដុតខ្លួនឯងបណ្តាលឲ្យឆេះរលេះរលួយពេញប្រាណ ទើបនាំគ្នាជួយពន្លត់។ តែពេលដឹកទៅដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់វេលាម៉ោង១០យប់ស្លាប់ តែម្តង។
នគរបាល បានឲ្យដឹងថា បុរសនេះមានជំងឺសរសៃប្រសាទទើបដុតខ្លួនឯងដូច្នោះ ហើយបច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅដា្ឋនដើម្បី ធ្វើបុណ្យតាមប្រពៃណី៕