ស្ត្រីសកម្មជនធ្វើបាតុកម្មបង្អត់អាហារ ២រូបដួលសន្លប់
Cambodia News
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់បាតុកម្មបង្អត់អាហាររបស់តំណាងស្ត្រីអ្នកភូមិ បឹងកក់ កាលពីព្រឹកមិញ នៅមុខតុលាការឧទ្ធរណ៍ អ្នកស្រីតំណាងអ្នកភូមិបឹងកក់ អ្នកស្រីទេព វន្នី បានឲ្យដឹងថា ក្នុងចំណោមសកម្មជនតវ៉ាបង្អត់អាហារចំនួន៤រូបនោះ មានស្ត្រី២នាក់បានដួលសន្លប់កាលពីយប់មិញ នៅម៉ោងប្រមាណ៩យប់ថ្ងៃទី៣ ខែមិថុនា។
តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពួកគាត់បានជាសះស្បើយហើយ ក្រោយពីបានបញ្ជួនទៅមន្ទីរពេទ្យកាលពីយប់មិញរួចមក។
គួររំលឹកថា តំណាងស្ត្រីអ្នកភូមិបឹងកក់៤រូប បានធ្វើបាតុកម្មបង្អត់អាហារខ្លួនឯងរយៈពេលពេញមួយថ្ងៃ កាលពីម្សិលមិញ ដើម្បីទាមទារឲ្យតុលាការមានយុត្តិធម៌ក្នុងការដោះលែងអ្នកស្រី យោម បុប្ជា សកម្មជនបឹងកក់ដែលកំពុងជាប់ក្នុងពន្ធនាគារ ហើយគ្រោងនឹងលើកមកជំនុំជម្រះនៅព្រឹកថ្ងៃទី៥ ខែមិថុនាស្អែកនេះ៕