ការស្រាវជ្រាវ៖ ទេសចរណ៍ត្រីឆ្លាមចំណេញជាងនេសាទត្រីឆ្លាម
វិស័យទេសចរណ៍ផ្នែកការទស្សនា កម្សាន្ត ត្រីឆ្លាម នឹងទទួលបានប្រាក់ចំណូលច្រើនជាងការនេសាទសម្លាប់ត្រីឆ្លាម។ នេះបើតាមការអង្កេតរបស់សកលវិទ្យាល័យមួយនៅប្រទេសកាណា ដែលមានឈ្មោះថា University of British Columbia ។
ក្រុម អ្នកស្រាវជ្រាវ បានរកឃើញថា វិស័យទេសចរណ៍ធម្មជាតិផ្នែកទស្សនាត្រីឆ្លាម បានទទួលប្រាក់ជាង៣១៤លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំ ហើយមានរំពឹងថាចំណូលនេះនឹងកើនឡើងទ្វេដងក្នុងពេល២០ឆ្នាំខាង មុខ។
ប្រសិនបើគេធ្វើការប្រៀបធៀបគ្នានោះ ថ្វីត្បិតតែការនេសាទត្រីឆ្លាមបានចំណូល៦៣០លានដុល្លាររៀងរាល់ ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែឧស្សហកម្មនេះបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈ ពេលមួយ ទសវត្សរ៍មកនេះ។
យោងតាមការសិក្សានេះនៅឆ្នាំ២០០៩ សត្វឆ្លាមចំនួនប្រមាណ៣៨លានក្បាលត្រូវគេសម្លាប់ ដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារស៊ុបព្រុយត្រីឆ្លាមនៅអាស៊ី។
ប៉ុន្តែគេបានរកឃើញផងដែរថា ការទស្សនា និងការហែលទឹកជាមួយហ្វូងត្រីឆ្លាមដើម្បីការកម្សាន្តនោះ គឺជាប្រភពនៃចំណូលដ៏សំខាន់នៅក្នុងបណ្ដាប្រទេសនៅតំបន់ ប៉ាស៊ីហ្វិក៕ (Radio Australia)