ចិន៖ អាមេរិកត្រូវ​ឈប់​លូកដៃ​ក្នុង​កិច្ចការ​របស់​ចិន

មហាអំណាច ចិន និង​អាមេរិក គឺ​ដូចទឹក និង​ប្រេង ពិតជា​មិន​អាច​ចុះសម្រុងគ្នា ជាពិសេស​នៅក្នុង​បញ្ហា​គោរព​សិទ្ធិមនុស្ស។ ជាថ្មី​ម្តងទៀត ទីក្រុង​ប៉េកាំង​បាន​ក្រើន​រំលឹក​ទីក្រុង​វ៉ាស៊ីនតោន​កុំ​ឲ្យ​លូកដៃ​ ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។ ចិន​ខឹង​ច្រឡោត​បន្ទាប់ពី​អាមេរិក បាន​ទាមទារ​ជាថ្មី ឲ្យ​អាជ្ញាធរ​ចិន​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​និស្សិត ដែល​អាជ្ញាធរ​ចាប់ដាក់គុក នៅក្នុង​អំឡុង​បង្រ្កាប​ចលនា​បាតុកម្ម នៅ​ទីលាន​ធានអានមេន។

រៀងរាល់ឆ្នាំ នៅ​ដើម​ខែ​មិថុនា គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន នៃការរំលឹកខួប​ការបង្រ្កាប​ចលនា នៅ​ទីលាន​ធានអានមេន ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​តែងតែ​ពាក់មុខ​យក្ស​ដាក់គ្នា។ កាលពី​ថ្ងៃ​សុក្រ ម្សិលម្ង៉ៃ ក្រសួងការបរទេស​អាមេរិក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ចិន ឲ្យ​ស្រាយបំភ្លឺ​ពី​ករណី​ដែល​មាន​មនុស្ស​ស្លាប់ ឬ​ត្រូវ​គេ​ចាប់ដាក់គុក និង​អ្នកតវ៉ា​មួយ​ចំនួន​ដែល​បាន​បាត់ខ្លួន នៅក្រោយ​ការបង្រ្កាប នៅ​ទីលាន​ធានអានមេន កាលពី​ថ្ងៃ​ទី ៣ និង​ទី ៤ មិថុនា ឆ្នាំ ១៩៨៩។

តាមក្រសួងការបរទេស​អាមេរិក “ខួប​លើក​ទី ២៤ នៃការបង្រ្កាប​ដ៏​ហិង្សា នៅ​ទីលាន​ធានអានមេន នឹង​ត្រូវ​គេ​ចងចាំ ព្រោះ​វា​ជា​សោកនាដកម្ម​ដែល​គេ​ធ្វើ​ទៅលើ​មនុស្ស​ស្លូតត្រង់។

ជាការឆ្លើយតប​វិញ នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន ចេញផ្សាយ នៅថ្ងៃ​សៅរ៍​ម្សិលមិញ ក្រសួងការបរទេស​ចិន បាន​បញ្ជាក់​ថា រឿងរ៉ាវ​នៅ​ដែល​កើតមាន នៅ​ទីលាន​ធានអានមេន​ត្រូវ​បាន​បិទ​បញ្ចប់​យ៉ាង​ជ្រះស្រឡះ​រួចហើយ។

មួយវិញទៀត ប្រទេស​ចិន​បាន​ព្រមាន​អាមេរិក​កុំ​ឲ្យ​ធ្វើ​ការចោទប្រកាន់​ដោយ​គ្មាន​ មូលដ្ឋាន។ ចិន​បញ្ជាក់​ទៅ​អាមេរិក ឲ្យ​ឈប់​មើលងាយ​នយោបាយ​របស់ចិន ប៉ុន្តែ ផ្ទុយទៅវិញ ត្រូវ​ទទួល ស្គាល់​ការរីកចម្រើន​របស់​ចិន។ ជាចុងបញ្ចប់ អាមេរិក​ត្រូវ​ឈប់​លូកដៃ​ក្នុងកិច្ចការ​ផ្ទៃក្នុង​របស់​ចិន តទៅទៀត ព្រោះ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។

កាលពី​ឆ្នាំ ១៩៨៩ អាជ្ញាធរ​​ចិន​បាន​ប្រើ​រថក្រោះ និង​ទាហាន​បង្រ្កាប​យ៉ាង​ហិង្សា​ទៅលើ​ក្រុម​និស្សិត​ដែល​ធ្វើការ​តវ៉ា​ ទាមទារ​យ៉ាង​សន្តិភាព នៅ​ទីលាន​ធានអានមេន។ និស្សិត​រាប់រយ​នាក់​ត្រូវ​រាយការណ៍​ថា បាន​ស្លាប់ នៅក្នុង​ការបង្រ្កាប ចំណែក​មនុស្ស​ជាច្រើន​រយនាក់​ផ្សេងទៀត ត្រូវ​ចាប់​ដាក់​គុក សម្ងាត់​ក្នុង​ប្រទេស​ចិន។ រហូតមកដល់​ពេលនេះ ហេតុការណ៍​កើតឡើង​នៅ​ទីលាន​ធានអានមេន នៅតែ​ជា​រឿង​ដ៏​រសើប ដែល​គេ​កម្រ​នឹង​ហ៊ាន​និយាយ​ឡើង នៅ​ក្នុង​ប្រទេស​ចិន៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close