បារាំងចង់ពង្រឹងវត្តមានខ្លួន នៅអាស៊ីប៉ាស៊ីហ្វិកដែរ
ប្រទេសបារាំងកំពុងជួបបញ្ហាថវិកា ប៉ុន្តែ រដ្ឋាភិបាលបារាំងមិនចង់បាត់បង់តួនាទីយោធារបស់ ខ្លួន នៅអាស៊ី។ នៅថ្ងៃអាទិត្យនេះ នៅក្នុងវេទិកាដើម្បីសន្តិសុខ Shangri La ក្នុងប្រទេសសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិ បារាំង បានប្រកាសបង្កើនសហប្រតិបត្តិការយោធា នៅតំបន់អាស៊ីប៉ាស៊ីងហ្វិក។ អាស៊ីប៉ាស៊ីហ្វិកដែលបារាំងនៅតែចាត់ទុកជាតំបន់យុទ្ធសាស្រ្តដ៏ សំខាន់មួយរបស់ខ្លួន។
“បារាំង នៅតែចង់បំពេញតួនាទីរបស់ខ្លួន ដើម្បីប្រយោជន៍សន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ សន្តិសុខរបស់ប្រជាជនអាស៊ី ក៏ដូចជាសន្តិសុខបារាំង”។ នេះជាការថ្លែងរបស់លោកJean Yves Le Drian រដ្ឋមន្រ្តីការពារជាតិបារាំង ទៅប្រមុខមេដឹកនាំយោធានៅអាស៊ី នៅក្នុងឱកាសវេទិកាដើម្បីសន្តិសុខ ដែលតែងតែត្រូវរៀបចំឡើង ជារៀងរាល់ឆ្នាំ ក្នុងប្រទេសសិង្ហបុរី។
បើតាមរដ្ឋមន្រ្តីការពារជាតិបារាំង បារាំងមិនចង់បាត់តួនាទីរបស់ខ្លួន នៅអាស៊ី បើទោះជាមានកត្តាភូមិសាស្រ្ត ឬក៏ដោយសារបញ្ហាកាត់បន្ថយថវិការដ្ឋ ក៏ដោយចុះ។ នៅក្នុងន័យនេះ ទីក្រុងប៉ារីសចង់ចូលជិត ចងសម្ព័ន្ធភាពយោធាជាមួយប្រទេសសមាជិកអាស៊ាន ជាពិសេស ក្នុងទម្រង់ធ្វើសមយុទ្ធរួមគ្នា។ បច្ចុប្បន្ននេះ បារាំងកំពុងមានសហប្រតិបត្តិការយោធាជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។
បារាំងចង់បញ្ជាក់វត្តមានរបស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក ព្រោះដោយឃើញ ប្រទេសមហាអំណាច ដូចជាចិន និងអាមេរិក កំពុងបោះយុថ្កា ពង្រាយទ័ព កាន់តែច្រើន នៅអាស៊ី ប៉ាស៊ី ហ្វិក។ ជាលើកទីមួយ ថវិកាចំណាយទៅលើវិស័យកងទ័ព នៅអាស៊ីបានកើនឡើង ខ្ពស់ គឺច្រើន ជាងកញ្ចប់ថវិកា ដែលប្រទេសអឺរ៉ុប របស់អង្គការអូតង់ ចំណាយសម្រាប់ឆ្នាំ ២០១២ទៅទៀត។
ក្នុងនយោបាយរឹតត្បិតថវិកា បារាំងបានកាត់បន្ថយចំណាយលើវិស័យផ្សេងៗ ប៉ុន្តែ នៅរក្សាកញ្ចប់ថវិកាសម្រាប់ក្រសួងការពារជាតិ គឺប្រមាណ ៣១ពាន់លានអឺរ៉ូ។ ផ្ទុយទៅ រដ្ឋាភិបាលបានប្រកាសកាត់បន្ថយចំនួនទ័ពបន្ថែម គឺ២ម៉ឺន ៤ពាន់នាក់ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩។ ថវិកាដដែល ប៉ុន្តែ ចំនួនកងទ័ពនឹងថយចុះ ព្រោះរដ្ឋាភិបាលបារំាងចង់ពង្រឹងសមត្ថភាពយោធាបារំាង ហើយថវិកាសំខាន់មួយនឹងត្រូវគេចំណាយលើសន្តិសុខព័ត៌មានវិទ្យា៕ដោយ ឈាង បុប្ផា (RFI)