អាមេរិកដណ្តើមចំណាត់ថ្នាក់លេខមួយខាងប្រទេសពូកែប្រកួតប្រជែង
នៅឆ្នាំ ២០១៣ សហរដ្ឋអាមេរិកបានទទួលចំណាត់ថ្នាក់លេខមួយ ក្នុងនាមប្រទេសដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំងក្នុងពិភពលោក។ ទីក្រុងហុងកុង បានធ្លាក់ចំណាត់ថ្នាក់ទៅលេខពីរវិញ ដោយនាំមុខប្រទេសស្វីស។ នេះជាបើតាមរបាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំរបស់វិទ្យាស្ថាន ដើម្បីអភិវឌ្ឍការគ្រប់គ្រង IMD ដែលមានមូលដ្ឋានក្នុងប្រទេសស្វីស។
មានហេតុផលបីដែលធ្វើឲ្យវិទ្យាស្ថាន IMD ផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រទេសអាមេរិក។ នោះគឺផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនេះ បានងើបលោតឡើងវិញ ការបង្កើតថ្មីផ្នែកបច្ចេកវិទ្យាចេះតែមានមិនឈប់ និងចំណុចវិជ្ជមានចុងក្រោយ គឺក្រុមហ៊ុនអាមេរិកនៅតែមានសមត្ថភាពខ្ពស់ ក្នុងការធ្វើជំនួញយ៉ាងប្រសិទ្ធិភាព។
នៅឆ្នាំ២០១៣ អាមេរិកបានដណ្តើមតំណែងរបស់ខ្លួនមកវិញ បន្ទាប់ពីត្រូវទីក្រុងហុងកុងដណ្តើមយកទៅគ្រប់គ្រង ឆ្នាំ ២០១២ ដោយសារតែវិបត្តិសេដ្ឋកិច្ចអាមេរិក។ ស្វីសវិញនៅរក្សាចំណាត់ថ្នាក់លេខបី ដោយសារតែប្រទេសដ៏តូចមួយនេះរបស់អឺរ៉ុប ចេះបង្កើនឧស្សាហកម្មនាំចេញ ផ្នែកសេដ្ឋកិច្ច។ លើសពីនោះ ស្វីសត្រូវបានគេចាត់ទុកជាប្រទេសដែលមានបណ្តាញសហគ្រាសធុនមធ្យមធំ និងចេះគ្រប់គ្រងប្រព័ន្ធពន្ធអាករ។
នៅអឺរ៉ុប ស្វីសនំាមុខគេខាងប្រទេសពូកែប្រកួតប្រជែង ដោយនាំមុខ ស៊ុយអែដ អាល្លឺម៉ង់ ចំណែកបារាំងវិញត្រូវចាត់ចូលលេខរៀង ទី ២៨ គឺស្ថិតនៅពីក្រោយប្រទេសថៃ ដែលជាប់លេខ២៧។ ដូចជាឆ្នាំមុន អង់គ្លេស បារាំង និងប្រទេសអឺរ៉ុបដែលស្ថិតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ មិនសូវមានលក្ខណៈប្រកួតប្រជែងខ្លាំង ដោយសារតែនយោបាយត្បិតត្បៀតថវិការបស់រដ្ឋាភិបាល។ នេះបើតាមវិទ្យាស្ថានIMD។
និយាយពីក្រុមប្រទេសដែលទើបមានសេដ្ឋកិច្ចរីកលូតលាស់ថ្មី ដូចជាចិន និងរុស្ស៊ីមានការរីកចម្រើនជាងឆ្នាំមុន ដោយចិន ស្ថិតនៅចំណាត់ថ្នាក់ទី ២១ ចំណែករុស្ស៊ីស្ថិតនៅលេខរៀងទី ៤២។ ឥណ្ឌា ប្រេស៊ីល អាហ្រ្វិកខាងត្បូងបានធ្លាក់ចំណាត់ថ្នាក់ខ្លួនទៅវិញ។
សម្រាប់វិទ្យាស្ថានIMD ក្រុមប្រទេសមានសេដ្ឋកិច្ចទើបរីកលូតលាស់ថ្មី មិនទាន់អាចក្លាយជាប្រទេសដែលមានលក្ខណៈប្រកួតប្រជែងខ្លាំង ដោយសារតែសេដ្ឋកិច្ចប្រទេសទាំងនោះ នៅពឹងផ្អែកច្រើនទៅលើសេដ្ឋកិច្ចពិភពលោក ដែលបច្ចុប្បន្នកំពុងងើបដើរវិញ ដោយយឺតៗ៕ដោយ ឈាង បុប្ផា (RFI)