រុស្ស៊ី​ទើប​បាន​បង្ហោះ​អវកាសយានិកអន្តរជាតិ​មួយក្រុមថ្មី

ក្រុម​នេះ​មាន​គ្នាបីនាក់ ផ្សំឡើង​ពី​ជាតិរុស្ស៊ី អាមេរិកាំង និង​អ៊ីតាលី ដែល​កណ្តាលអធ្រាត្រ​យប់​មិញ បាន​ហោះ​ចេញ​ទៅ តាម​រយៈ​យានអវកាស​រុស្ស៊ីធុន Soyuz រំលង​តែ ៦ម៉ោង​សោះ បាន​ទៅ​ដល់ ស្ថានីយ​អវកាសអន្តរជាតិ SSI ទៅ​ហើយ។ នេះ​ជា​ចំណុច​ថ្មី ខុស​ពី​លើក​មុនៗ ដែល​តែង​បាន​ស៊ីពេល​ដល់​ទៅ៤៨ម៉ោង​ឯណោះ ទម្រាំ​អាច​ទៅ​តភ្ជាប់​នឹង​ស្ថានីយ SSI ដែល​ជា​មន្ទីរពិសោធន៍​ប្រចាំ​នៅ​អវកាស ក្នុង​កំពស់​ជាង ៤០០គ.ម. ពី​ផែនដី។ គឺ​នៅ​ទីនោះ អវកាស​យានិក​ទាំង​បីនាក់​នឹង​ស្នាក់នៅ​ធ្វើការ​ស្រាវជ្រាវ​សម្រាប់​កន្លះឆ្នាំ​ទៅ​មុខ។

នាវាអវកាស​រុស្ស៊ី​តាម​លេខរៀង មាន​ឈ្មោះ​ថា Soyuz TMA-09M ផ្ទុក​ទៅ​ដោយ​ក្រុម​អវកាសយានិកអន្តរជាតិ​ថ្មី​នោះ​ត្រូវ​បាន​បង្ហោះ​ចេញ​ពី​ ព្រលាន​អវកាស​នៅ​កាហ្សាក់ស្ថាន Baikonour ដែល​រុស្ស៊ី​ជួល​ប្រើប្រាស់ ដល់​ឆ្នាំ២០៥០ ដោយ​បង់ថ្លៃ ១១៥លានដុល្លារ​ក្នុង​១ឆ្នាំ។ ចំណែក​ក្រុម​អវកាសយានិកអន្តរជាតិ​ថ្មី តាម​លេខរៀង គឺ​ជា​ក្រុមទី៣៧ ដែល​ទៅ​ស្នាក់​ធ្វើការ​ក្នុង​ស្ថានីយអវកាសអន្តរជាតិ SSI ដំណើរការ​តាំង​ពី​ឆ្នាំ២០០០​មក លើក​នេះ មាន​គ្នាបីនាក់ គឺ​ជាតិរុស្ស៊ី ជា​មេបញ្ជការ​ក្រុម​លោក Fedor Yuchikhin តំណាងឲ្យ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី RosKosmos ជាតិអាមេរិកាំង លោកស្រី Caren Naiberg តំណាងឲ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង​ជាតិអ៊ីតាលី លោក Luca Parmitano ដែល​មាន​មាឌខ្ពស់​ដល់​ទៅ​២ម៉ែត្រ តំណាង​ឲ្យ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ASE។ ជា​ការកត់សម្គាល់ រុស្ស៊ី​ទទួល​ថ្លៃ​សេវា​ប្រមាណ ៥០លានដុល្លារ​ចំពោះ​ការ​ផ្ញើខ្លួន​នៃ​ជាតិបរទេស​ម្នាក់ៗ​ ហោះ​តាម​នាវាអវកាស​រុស្ស៊ី។

ព្រឹកមិញ ពេល​ទៅ​ដល់​ស្ថានីយ SSI ហោះ​នៅ​កំពស់​ជាង៤០០គ.ម.ពី​ផែនដី គេ​ទាំងបី​នាក់​បាន​ទទួល​ការស្វាគមន៍​ពី​ក្រុមអវកាសយានិកអន្តរជាតិ​ទី៣៦ មាន​គ្នា​បីនាក់​ដែរ គឺ​ជាតិរុស្ស៊ី ២នាក់ និង​ជាតិអាមេរិកាំងម្នាក់​ដែល​កំពុង​ស្នាក់នៅ​ធ្វើការ​ទីនោះ តាំង​ពី​ខែ​មិនា​មក រហូត​ដល់​ខែ​កញ្ញា​ខាង​មុខ ទើប​គេ​ត្រឡប់​មក​ផែនដី​វិញ។ រីឯ​ក្រុមអវកាសយានិកអន្តរជាតិ​ទី៣៧ ដែល​ទើប​ទៅ​ដល់​ស្ថានីយ SSI ត្រូវ​ស្នាក់នៅ​ទីនោះ​ដល់​១៧២ថ្ងៃ គឺ​ជិត​កន្លះឆ្នាំ​ឯណោះ។

ក្នុង​អំឡុង​ពេល​នេះ គេ​ត្រូវ​បំពេញ​ការពិសោធន៍​វិទ្យាសាស្ត្រ​ចំនួន​៣៤ គេ​ត្រូវ​ទទួល​យាន​ផ្ទុក​ស្បៀង​របស់​រុស្ស៊ី​ធុន Progress ចំនួន​២លើក យាន​ផ្ទុក​ស្បៀង​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ធុន ATV-4 មួយលើក និង​យាន​ផ្ទុកស្បៀង​អាមេរិកាំង​មួយ​លើក​ដែរ ធុន Cygnus ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន Orbital Sciences គេ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​មន្ទីរពិសោធន៍ SSI សរុបទៅ​ចំនួន ៦លើក ទៅ​ធ្វើការ​នៅ​ឯ​ភាគ​ខាងក្រៅ​របស់​វា គឺ​ក្នុង​លំហ​ល្ហល្ហេវ​នៃ​អវកាស​តែ​ម្តង។

មិន​តែ​ប៉ុណ្ណោះ គេ​នឹង​ចូលរួម​ក្នុង​គម្រោង​ខាង​សិក្សា អំពី​ការ​ដុះ​លូតលាស់​នៃ​រុក្ខជាតិ​ក្នុង​លក្ខណៈអវកាស គឺ​គ្មាន​ទំនាញ​របស់​ផែនដី ព្រម​ទាំង​ស្រាវជ្រាវ​អំពី​អាកប្បកិរិយា​អណ្តាត​ភ្លើង ក្នុង​ភាព​គ្មាន​ទំនាញ​របស់​ផែនដី​ដែរ ដើម្បី​ដក​យក​មេរៀន​សម្រាប់​កែចំណុច​ខ្វះខាត​ដែល​អាច​កើត​មាន​នៅ​ក្នុង​ ម៉ាស៊ីន​ដើរ​ដោយ​ប្រេងឥន្ធនៈ៕ដោយ កែវ ឆាយា (RFI)

 

Related Articles

Back to top button
Close
Close