អ្នកបឹងកក់បន្តបិទផ្លូវចូលសាលាក្រុង ខណៈស្ត្រីមួយចំនួនធ្លាក់ខ្លួនឈឺ
Cambodia News
ភ្នំពេញ៖ អតីតអ្នកបឹងកក់ជិត៥០នាក់ នៅថ្ងៃ៣០ ខែឧសភា នេះ បានបន្តកូដកម្មបិទផ្លូវចូលក្នុងសាលារាជធានីភ្នំពេញ បន្ទាប់ពីពួកគេរងការបង្ក្រាបពីសមត្ថកិច្ចកាលពីម្សិលម៉ិញ ដែលពួកគេអះអាងពេលនេះកំពុងធ្លាក់ខ្លួនឈឺ។
កាលពីថ្ងៃពុធម្សិលមិញនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើឡានទឹកចំនួន៣គ្រឿង បាញ់បង្ក្រាបប្រជាសហគមន៍ ជិត២០០នាក់ មកពីបឹងកក់ អតីតអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោល ដែលព្យាយាមបិទមហាវិថីព្រះមុន្នីវង្ស ខាងមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញអភិបាលថ្មី ចេញមុខដោះស្រាយជម្លោះដីធ្លី តាមការសន្យា។ ក្នុងការបង្ក្រាបនោះ ធ្វើឲ្យប្រជាពលរដ្ឋ៣នាក់សន្លប់ អ្នកខ្លះរបូតសម្លៀកបំពាក់ និងអ្នកខ្លះទៀតរងការឈឺចាប់ ដោយសាររងកម្លាំងទឹក។
តំណាងឲ្យជាង៣០០គ្រួសារ ចាប់ផ្តើមតវ៉ាតាំងពីម្សិលមិញ និងបានចងតង់ដេក នៅមុខសាលារាជធានី រហូតដល់ម៉ោងប្រមាណជា៨យប់ទើបទៅផ្ទះវិញ តែដោយសារមិនទាន់ទទួលបានដំណោះស្រាយ ទើបពួកគេបន្តរហូតមកដល់ថ្ងៃនេះ៕