ABC៖ ចិនលួចប្លង់អគារទីស្នាក់ការថ្មីនៃក្រសួងចារកិច្ចអូស្រ្តាលី
ចោរអ៊ីនធ័រនែតចិន (Hacker) បានចូលលួចប្លង់អគារទីស្នាក់ការថ្មីរបស់ក្រសួងចារកិច្ចអូស្រ្តាលី។ នេះបើយោងតាមការផ្សាយរបស់បណ្តាញព័ត៌មានអូស្រ្តាលី ABC នៅថ្ងៃអង្គារនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីមិនបានបដិសេធ តែក៏មិនបានទទួលស្គាល់ដែរថា ពិតជាមានការចូលលួចប្លង់ទីស្នាក់ការក្រសួងចារកិច្ចនេះមែន។ ប៉ុន្តែ លោកបានបញ្ជាក់ថា ព័ត៌មាននេះនឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងអូស្រ្តាលី និងចិននោះទេ។
យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានអូស្រ្តាលី ABC (Australian Broadcasting Corporation) ឯកសារ ដែលត្រូវបានពួក Hackers ចូលលួចនេះ គឺរួមមានប្លង់ ដែលបង្ហាញអំពីបណ្តាញខ្សែកាប និងប្រព័ន្ធសន្តិសុខ ក្នុងទីស្នាក់ការថ្មី នៃក្រសួងចារកិច្ចអូស្រ្តាលី ដែលកំពុងស្ថិតក្នុងការសាងសង់ជិតបញ្ចប់។ ឯកសារអស់ទាំងនេះ សុទ្ធសឹងជាឯកសារសម្ងាត់កម្រិតខ្ពស់បំផុត ហើយការស្រាវជ្រាវបានរកឃើញថា ការលួចតាមបណ្តាញអ៊ីនធ័រនែតនេះ មានប្រភពចេញពីប្រទេសចិន។
ក្រុមអ្នកស្រាវជ្រាវវិស័យការពារជាតិអូស្រ្តាលីបានអះអាងថា ប្លង់ដែល Hackers លួចយកទៅនេះ បង្ហាញពីទីតាំងសំខាន់ៗ ដែលអាចធ្វើឲ្យគូសត្រូវដឹងកន្លែង ដើម្បីដាក់ឧបករណ៍លបស្តាប់សំឡេង លួចយកការណ៍សម្ងាត់។
លោក Bob Carr រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាន ស្តីពីការលួចប្លង់ទីស្នាក់ការក្រសួងចារកិច្ចនេះទេ ក៏ប៉ុន្តែ បានលើកឡើងថា ព័ត៌មាននេះនឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងអូស្រ្តាលី និងចិននោះទេ។ លោកក៏បានអះអាងផងដែរថា រដ្ឋាភិបាលអូស្រ្តាលីដឹងខ្លួនជាមុន និងមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទាក់ទងសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រនែត។
គួរបញ្ជាក់ថា ទីស្នាក់ការថ្មី នៃក្រសួងចារកិច្ចអូស្រ្តាលី នៅក្នុងទីក្រុង Canberra គ្រោងនឹងត្រូវសាងសង់ចប់សព្វគ្រប់ នឹងដាក់សម្ពោធឲ្យដំណើរការ តាំងពីខែមុន ក៏ប៉ុន្តែ ការសាងសង់នេះមានការយឺតយ៉ាវ ហើយពន្យារពេលរហូតមកទល់នឹងពេលនេះ។ យោងតាម ABC ដែលដកស្រង់ប្រភពពីអ្នកជំនាញខាងផ្នែកសន្តិសុខ ការយឺតយ៉ាវ ព្រមទាំងការបង្កើនកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នៃការសាងសង់ ទីស្នាក់ការក្រសួងចារកិច្ចនេះ គឺទំនងជាបណ្តាលមកពីរឿង Hacker ចូលលួចប្លង់អគារនេះឯង ដោយសារតែគេត្រូវការរៀបចំប្លង់ថ្មីឲ្យខុសពីប្លង់ ដែលគេលួចទៅ។
គេមិនដឹងថា តើការចូលលួចប្លង់ទីស្នាក់ការក្រសួងចារកិច្ចនេះ បានកើតមានឡើង កាលពីពេលណាពិតប្រាកដនោះទេ ក៏ប៉ុន្តែ ការលេចធ្លាយព័ត៌មាននេះកើតមានឡើង នៅក្នុងពេល ដែលប្រធានាធិបតីចិន និងអាមេរិក កំពុងត្រៀមរៀបចំបើកធ្វើជំនួបកំពូលជាមួយគ្នា នៅដើមខែក្រោយ ហើយនៅក្នុងជំនួបកំពូលនេះ បញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រនែត (Cyber Security) គឺជាប្រធានបទដ៏សំខាន់បំផុតមួយ។
ជារឿយៗ គេសង្កេតឃើញថា អាមេរិកតែងតែចោទប្រកាន់ចិនថាជាអ្នកនៅពីក្រោយការវាយ ប្រហារតាម ប្រព័ន្ធអ៊ីនធ័រនែត ទៅលើទីតាំងយុទ្ធសាស្រ្តសំខាន់ៗរបស់អាមេរិក។ ការចោទប្រកាន់ ដែលចិនតែងតែបានបដិសេធថា គ្មានមូលដ្ឋានច្បាស់លាស់៕ដោយ សេង ឌីណា (RFI)