សហភាពអឺរ៉ុបលុបចោលបម្រាមនាំគ្រឿងសព្វាវុធទៅឲ្យក្រុមឧទ្ទាមស៊ីរី
រដ្ឋមន្រ្តីក្រសួងការបរទេសសហភាព អឺរ៉ុប បានសម្រេច កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះថានឹងមិនបន្តការហាមឃាត់ការ នាំគ្រឿងសព្វាវុធទៅឲ្យក្រុមឧទ្ទាមស៊ីរីទៀតហើយ នៅក្រោយពេលដែលបម្រាមនេះត្រូវផុតសុពលភាព នៅថ្ងៃសៅរ៍ខាងមុខនេះ។ ការសម្រេចនេះមានន័យថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងអាចនឹងបញ្ជូនគ្រឿងសព្វាវុធទៅឲ្យ ក្រុមឧទ្ទាមស៊ីរីបាន។
ចាប់ពីថ្ងៃសៅរ៍ ទី៣១ ឧសភាខាងមុខនេះទៅ សហភាពអឺរ៉ុបលែងហាមឃាត់ប្រទេសជាសមាជិករបស់ខ្លួន ក្នុងការបញ្ជូនគ្រឿងសព្វាវុធទៅឲ្យក្រុមឧទ្ទាមនៅស៊ីរីទៀតហើយ ក៏ប៉ុន្តែ ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ នឹងនៅតែបន្តដាក់ដដែល។ ការសម្រេច ដែលធ្វើឡើង ក្រោយពីការជជែកគ្នាតឹងសសៃ ក អស់រយៈពេល ១២ម៉ោង កាលពីថ្ងៃចន្ទម្សិលមិញ រវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិក សហភាពអឺរ៉ុប។
ប្រទេសមួយចំនួន រួមមាន បារាំង និងអង់គ្លេស គឺជាអ្នកទាមទារឲ្យដកទណ្ឌកម្មលើក្រុមឧទ្ទាម ស៊ីរីនេះ។ ចំណែកប្រទេសផ្សេងទៀត រួមមាន អូទ្រីស ហ្វាំងឡង់ និងសាធារណរដ្ឋឆែក ជាដើម បានជំទាស់។
មន្រ្តីជាន់ខ្ពស់បារាំងម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការដកទណ្ឌកម្មចេញពីក្រុមឧទ្ទាមស៊ីរីនេះ គឺធ្វើឡើងត្រឹមតែជាគោលការណ៍ប៉ុណ្ណោះ ដោយមិនមានប្រទេសណា សម្រេចបញ្ជូនអាវុធទៅឲ្យក្រុមឧទ្ទាមនោះទេ។ សូម្បីតែអង់គ្លេស និងបារាំង ដែលជាប្រទេសចេញមុខគេ ក្នុងការទាមទារឲ្យដកទណ្ឌកម្មលើក្រុមឧទ្ទាមស៊ីរីនេះ ក៏មិនមានគម្រោងបញ្ជូនគ្រឿងសព្វាវុធទៅឲ្យក្រុមឧទ្ទាមស៊ីរីនៅពេលនេះ ដែរ។
មែនទែនទៅ រដ្ឋមន្រ្តីការបរទេសអឺរ៉ុបបានឯកភាពគ្នាថា នៅក្នុងរយៈពេល ២ខែខាងមុខនេះ នឹងមិនមានប្រទេសណាបញ្ជូនអាវុធទៅឲ្យក្រុមឧទ្ទាមស៊ីរីនោះទេ ដើម្បីចៀសវាងកុំឲ្យបង្កជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងតាមផ្លូវ ទូត ក្នុងការស្វែងរកដំណោះស្រាយវិបត្តិស៊ីរី តាមផ្លូវនយោបាយ តាមរយៈសន្និសីទអន្តរជាតិក្រុងហ្សឺណែវ។ ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់លោកបាស្ហា អាល់អាសាដ បានរិះគន់ការសម្រេចរបស់សហភាពអឺរ៉ុប ក្នុងការដកទណ្ឌកម្មលើក្រុមឧទ្ទាមស៊ីរីនេះ ថា វាប្រាកដជានឹងជះផលអវិជ្ជមាន ចំពោះសន្និសីទអន្តរជាតិក្រុងហ្សឺណែវស្តីពីវិបត្តិស៊ីរីនេះជា មិនខាន។
ចំណែកពីខាងក្រុមឧទ្ទាមស៊ីរីវិញ ក៏ហាក់ដូចជាមិនមានការអរសប្បាយ ចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះប៉ុន្មានដែរ ដោយពួកគេបានលើកឡើងថា ការបញ្ឈប់ការហាមឃាត់ការបញ្ជូនគ្រឿងសព្វាវុធទៅឲ្យក្រុមឧទ្ទាមស៊ីរី ដោយសហភាពអឺរ៉ុបនេះ ធ្វើឡើងដូចជាយឺតពេលបន្តិចទៅហើយ៕ដោយ សេង ឌីណា (RFI)