ជំនួបកំពូលនៃអង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម (OTSC)
ជំនួបបើកធ្វើនៅក្រុង Bichkek រដ្ឋធានី Kirghizistan ចូលរួមដោយ ប្រធានាធិបតី ៦ប្រទេសជាសមាជិក ពោលគឺ Russie Belarus Armenie Kazakhstan Kirghizistan និង Tadjikistan។ ប្រទេសរុស្ស៊ី តំណាងដោយលោកប្រធានាធិបតី ពូទីន។ តាមវិមានក្រេមឡាំង ប្រធានបទធំចម្បង គឺ បញ្ហាប្រឈម នឹងការគំរាម ដែលលេចចេញមកពីខាង Afghanistan ក្រោយពីកងកម្លាំងអន្តរជាតិនៃ “សម្ពន្ធប្រឆាំងភេរវនិយម” ដកចេញពីទីនោះ ក្នុងឆ្នាំក្រោយ។
ជាបឋម អំពី “អង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម” ហៅកាត់ថា OTSC។ អង្គការនេះ ដែលតាំងគោលដៅ ធានាឲ្យមានសន្តិសុខ និង ស្ថិរភាព ក្នុងប្រទេសជាសមាជិក បានប្រសូត្រ មក នៅថ្ងៃ១៥ឧសភាឆ្នាំ១៩៩២ ដោយ មាត្រាជាគន្លឹះនៃលក្ខន្តិកៈរបស់វា គឺមាត្រាទី៤ដែលចែង ថា បើប្រទេសណាមួយ ជាសមាជិក រងនូវអំពើឈ្លានពាន ពីខាងរដ្ឋ ឬពីខាងក្រុមរដ្ឋណាក៏ដោយនោះ អំពើឈ្លានពាននេះ ត្រូវចាត់ទុក ជាអំពើឈ្លានពាន ប្រឆាំងនឹងគ្រប់តែប្រទេស ទាំងអស់ ជាសមាជិក OTSC។ មកពីមូលហេតុនេះ បានជា បស្ចិមលោក តែងប្រៀបប្រដូច OTSC ទៅនឹងបក្សសម្ពន្ធ OTAN ប្រភេទថ្មី។
បើនិយាយពីភូមិសាស្ត្រនៃប្រទេសសមាជិក OTSC គេសង្កេតឃើញលំហដ៏ធំរបស់វា គឺថា Russie មានដែនដី លាតសន្ធឹងនៅទ្វីបអឺរ៉ុបផង អាស៊ីផង។ Belarus ស្ថិតនៅអឺរ៉ុបខាងកើត។ Armenie ស្ថិតនៅតំបន់នាយភ្នំកូកាស។ Kazakhstan Kirghizistan និង Tadjikistan ស្ថិតនៅ តំបន់អាស៊ីកណ្តាល ពីក្នុងនោះ គឺ Tadjikistan ដែលមានព្រំដែនជាប់ផ្ទាល់នឹងAfghanistan។
ជាការកត់សម្គាល់ ក្នុងប្រវត្តិជាង២០ឆ្នាំនៃ “អង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម” OTSC ធ្លាប់មានទាំងប្រទេសឯទៀត នៃតំបន់អាស៊ីកណ្តាល បែបយ៉ាង Ouzbekistan ចូលជា សមាជិក ដែរ ប៉ុន្តែ ក្រោយមក ដោយរងនូវការបញ្ចុះបញ្ចូល ពីខាងស.រ.អា. ក៏បានដកខ្លួនចេញ ទៅវិញ។ ចំណែករដ្ឋ Georgie ដែលលំអៀងខ្លាំងទៅខាងបស្ចិមលោក រហូតដល់ចង់ក្លាយ ជាសមាជិក អូតង់ទៅផង ព្រមទាំងរដ្ឋ Azerbaidjan នៅតំបន់នាយភ្នំកូកាស ទោះបី មុនដំបូង សុទ្ធតែបាន ចូលជាសមាជិក OTSC អង្គការនាំមុខដោយរុស្ស៊ី ក៏នៅទីបំផុត ដោយលើកផលប្រយោជន៍ខ្លួន ជាមួយបស្ចិមលោកខ្ពស់ជាង ក៏បានដកខ្លួនចេញ ទៅដែរ។
ទាក់ទងនឹងកិច្ចប្រជុំកំពូលថ្ងៃនេះ នៅក្រុង Bichkek រដ្ឋធានី Kirghizistan វិមានក្រេមឡាំង លំអិតថា ក្នុងរបៀបវារៈ គឺការពិនិត្យមើល វិធានការដែលត្រូវចាត់ឡើង ៖
- ខាងពង្រឹងព្រំប្រទល់ Tadjikistan ជាប់នឹង Afghanistan
- ខាងប្រយុទ្ធទល់នឹង ចរាចរណ៍គ្រឿងញៀន ដែលហូរចេញមកពី Afghanistan
- ខាងប្រឈមទល់នឹង អន្តោប្រវេសន៍ខុសច្បាប់ ,ទល់នឹងពួកជ្រុលនិយម, ពួកភេរវនិយម។
អស់ទាំងនេះ ស្ថិតនៅក្នុង ចង្កោមបញ្ហាដែលចោទ គឺ “កែឲ្យទាល់តែបានសុក្រឹត ប្រព័ន្ធខាងធានាសន្តិសុខរួម ជាគោលដៅ ដែលចែងស្រាប់នៅ ក្នុងលក្ខន្តិកៈរបស់ OTSC៕ដោយ កែវ ឆាយា (RFI)