លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Angela Merkel សន្យាបញ្ជៀសសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប
នៅក្នុងជំនួបជាមួយលោក នាយករដ្ឋមន្រ្តីចិន Li Keqiang នាថ្ងៃអាទិត្យ ទី២៦ ឧសភាម្សិលមិញ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Angela Merkel បានច្រានចោលនូវគ្រប់ទស្សនវិស័យទំាងអស់ដែលជម្រុញឲ្យមានសង្រ្គាម ពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។ ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទំាងពីរក៏បានសន្យារួមគា្នថា នឹងព្យាយាមកាត់បន្ថយភាពមិនចុះសម្រុងគ្នាតាមការចរចា។
ដំបូង គួរជម្រាបជូនថា អាល្លឺម៉ង់ គឺជាប្រទេសសមាជិកសហភាពអឺរ៉ុបទីមួយដែលមានកិត្តិយសទទួលដំណើរ ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសចិន Li Keqiang។ នៅក្នុងសន្និសីទរួមគ្នាមួយនៅយប់មិញ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Angela Merkel បានថ្លែងថា អាល្លឺម៉ង់ និងចិនបានច្រានចោលយ៉ាងដាច់ខាតចំពោះគោលនយោបាយសេដ្ឋ កិច្ចអាត្មានិយម ពោលគឺគោលនយោបាយដែលការពារតែប្រយោជន៍ផ្ទាល់ខ្លួន។ ការថ្លែងយ៉ាងនេះបានធ្វើឡើង ចំពេលដែលចិនកំពុងមិនសប្បាយចិត្តចំពោះសហភាពអឺរ៉ុបដែលសម្រេច យកពន្ធលើផលិតផលផ្ទំាងកញ្ចក់ដើរដោយថាមពលព្រះអាទិត្យ Made in China នំាចូលសហភាពអឺរ៉ុប។ ការសម្រេចយ៉ាងនេះ មកពីសហភាពអឺរ៉ុបចង់ការពាររោងចក្រ សហគ្រាសរបស់ខ្លួនដែលផលិត ផលិតផលដូចគ្នានេះ និងដែលកំពុងទទួលការគំរាមកំហែងដោយផលិតផលរបស់ចិនដែលមាន តម្លៃថោកជាង។
លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានថ្លែងយ៉ាងច្បាស់ៗថា ចិនមិនយល់ព្រមតាមការសម្រេចរបស់សហភាពអឺរ៉ុបនេះទេ។ ជាការឆ្លើយតបវិញ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Angela Merkel បានធានាថា លោកស្រីនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទំាងអស់ដើម្បីស្វែងរក ដំណោះស្រាយសមស្របមួយតាមផ្លូវចរចាដើម្បីធ្វើយ៉ាងណា កុំឲ្យផ្ទុះឡើងនូវសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។ សង្រ្គាមពាណិជ្ជកម្មដែលបើយោងតាមលោកស្រី Merkel នឹងធ្វើឲ្យមានការខាតបង់ទំាងអស់គ្នា។ គួរជម្រាបជូនថា ក្នុងនាមជាប្រទេសដៃគូ ពាណិជ្ជកម្មទីមួយរបស់ចិននៅអឺរ៉ុប និងដែលទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាឧភតោ ភាគីចំនួន ១៧បន្ថែមទៀតនៅថ្ងៃម្សិលមិញ អាល្លឺម៉ង់ពិតជាគ្មានជម្រើសអ្វី ក្រៅពីជម្នះសមាជិកសហភាពអឺរ៉ុបផ្សេងទៀតឲ្យបោះបង់ចោលវិធានការ ប្រឆំាងនឹងចិននោះទេ។
ត្រង់ចំណុចនេះ លោក Li Keqiang ពិតជាយល់មិនច្រឡំទេថា លោកអាចពឹងពាក់ និងអាចទទួលបានការគំាទ្រពីលោកស្រី Angela Merkel៕ដោយ គួច គន្ធារ៉ា (RFI)