លោកអូបាម៉ាទទួលជួបប្រធានាធិបតីភូមានៅសេតវិមានក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត
នៅថ្ងៃចន្ទនេះ លោកអូបាម៉ានឹងទទួលជួបលោកប្រធានាធិបតីភូមា ថេន សេន នៅឯសេតវិ មាន នៅក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយ ដែលមិនធ្លាប់មាន នៅក្នុងរយៈពេលប្រមាណជា កន្លះសតវត្សរ៍កន្លងទៅនេះ។ ការដែលលោកអូបាម៉ាទទួលជួបលោក ថេន សេន នៅពេលនេះ គឺជានិមិត្តរូបដ៏សំខាន់មួយ បង្ហាញអំពីការគាំទ្ររបស់អាមេរិក ចំពោះកំណែទម្រង់របស់រដ្ឋាភិបាលភូមា។ ក៏ប៉ុន្តែ មានសកម្ម ជនសិទ្ធិមនុស្សមួយចំនួនយល់ថា លោកអូបាម៉ា ហាក់ដូចជាបោះជំហានលឿនពេកទៅរកមេដឹកនាំភូមា នៅក្នុងពេលដែលភូមានៅមានបញ្ហាធំៗច្រើនទៀត មិនទាន់អាចដោះ ស្រាយបាន ។
លើកចុងក្រោយបង្អស់ ដែលមេដឹកនាំភូមា ត្រូវបានមេដឹកនាំអាមេរិកទទួលជួប នៅសេតវិមាន កើត មានតាំងពីឆ្នាំ១៩៦៦ម៉្លេះ គឺជំនួបរវាងប្រធានាធិបតីអាមេរិក លីនដុន ចនសុន (Lyndon Johnson) និងឧត្តមសេនីយ៍ភូមា នេ វីន (Ne Win)។ ចាប់ពីពេលនោះមក អស់រយៈពេល៤៧ឆ្នាំ ភូមាដែលដឹកនាំដោយរបបសឹកត្រូវទទួលរងទណ្ឌកម្មរបស់អាមេរិក ហើយមិនដែលមានមេដឹកនាំភូមាណាមួយឈានជើងជាន់សេតវិមានជាថ្មីទៀតទេ។
លោកអូបាម៉ា បានផ្តល់កិត្តិយសទទួលជួប លោកថេន សេន (រូបលោកផ្ទាល់ជាអតីតឧត្តម សេនីយ៍ក្នុងរបបសឹកភូមា) គឺធ្វើឡើង ក្នុងគោលដៅបង្ហាញការគាំទ្រចំពោះកំណែទម្រង់ ដែលរដ្ឋាភិបាលភូមាបានធ្វើនាពេលកន្លងមក និងដើម្បីលើកទឹកចិត្តឲ្យភូមាបន្តកំណែទម្រង់នេះឲ្យបានកាន់តែ ស៊ីជម្រៅបន្ថែមទៀត ដើម្បីនាំភូមាទៅកាន់ផ្លូវប្រជាធិបតេយ្យដោយពេញលេញ។
ក៏ប៉ុន្តែ សកម្មជនសិទ្ធិមនុស្ស និងសមាជិកសភាអាមេរិកមួយចំនួន បានបង្ហាញនូវក្តីបារម្ភថា លោកអូបាម៉ាទើបនឹងបានបន្ធូរបន្ថយទណ្ឌកម្មលើភូមា បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅភូមា ហើយនៅពេលនេះ ក៏ស្រាប់តែទទួលជួបលោកថេន សេន នៅសេតវិមានទៀត ដែលវាហាក់ដូចជាការបោះជំហានលឿនពេកទៅរកភូមា នៅក្នុងពេលដែលភូមាមិនទាន់អាចដោះ ស្រាយបញ្ហាជម្លោះជាតិសាសន៍បាន ជាពិសេស អំពើហិង្សាប្រព្រឹត្តទៅលើសហគមន៍ជនជាតិភាគតិចភូមា ដែលកាន់សាសនាអ៊ីស្លាម នៅតែកើតមានឥតឈប់ឈរ។
មន្រ្តីរដ្ឋការរបស់លោកអូបាម៉ាវិញ បានទទួលស្គាល់ថា ភូមាពិតជានៅមានបញ្ហាជាច្រើនទៀតមែនដែលត្រូវដោះស្រាយ ហើយក្នុងគោលដៅជំរុញឲ្យភូមាបន្តធ្វើកំណែទម្រង់ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះហើយ ទើបលោកអូបាម៉ាខិតខំព្យាយាមបង្ហាញនូវកាយវិកា គាំទ្រកំណែទម្រង់ ដែលបានធ្វើរួចហើយ។ ទាំងនេះ គឺដើម្បីឲ្យលោកថេន សេន អាចមានហេតុផលសមរម្យ ប្រាប់ទៅអតីតមេដឹកនាំយោធាភូមាផ្សេងទៀត ដែលជំទាស់នឹងការធ្វើកំណែទម្រង់ ឲ្យពួកគេបានឃើញច្បាស់ផ្ទាល់នឹងភ្នែក អំពីផលចំណេញ ដែលបានមកពីការធ្វើកំណែទម្រង់នេះ។
ទោះជាយ៉ាងណា មានអ្នកវិភាគជាច្រើនបានសំឡឹងឃើញថា ការបន្ទន់ឥរិយាបថយ៉ាង ឆាប់ រហ័សរបស់លោកអូបាម៉ា ចំពោះភូមា ក្នុងមួយរយៈកាលថ្មីៗចុងក្រោយនេះ ក្រៅពីចង់បង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលភូមា លោកអូបាម៉ាក៏សំឡឹងឃើញអំពីផលប្រយោជន៍នយោបាយ និងយុទ្ធសាស្រ្ត សម្រាប់អាមេរិកខ្លួនឯងផ្ទាល់ ផងដែរ ពីព្រោះថា រាប់ទសវត្សរ៍កន្លងទៅនេះ ភូមា ដែលជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិ និងមានសក្តានុពលខាងផ្នែកសេដ្ឋកិច្ច ស្ថិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិន។ ការស្តារទំនាក់ទំនងជាមួយភូមា គឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់លោកអូបាម៉ា ដែលយកតំបន់អាស៊ី ជាអាទិភាពចម្បង នៃនយោបាយការបរទេសរបស់លោក៕ដោយ សេង ឌីណា (RFI)