ចងក្រង​ស្ថិតិ​តាម​​ស្តង់ដារជា​​លើក​​ដំបូង​​​ពី​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា

ហេង​ នាង
Cambodia News
ភ្នំពេញ៖ នៅក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន អំពើហិង្សា​យេនឌ័រ​ដែល​ក្នុង​​នោះ​​មាន​​ហិង្សា​លើ​ផ្លូវ​ចិត្ត​ ផ្លូវ​កាយ​ ផ្លូវ​ភេទ​ និង​ផ្លូវ​សេដ្ឋកិច្ទ​ នៅ​តែ​ជា​បញ្ហា​ចោទដែល​ធ្វើ​ឲ្យមាន​ការ​​​បន្ទុច​បង្អាក់​ការ​អភិវឌ្ឍនិងរំខាន​ដល់​​សុភមង្គល​​នៅ​ក្នុង​គ្រួសារ​ ក៏ដូចជា​សង្គម​ជាតិ​ទាំងមូល។

Cambodia News
ផ្លាកដាក់បង្ហាញនៅក្នុងតំបន់ជាយរាជធានីភ្នំពេញដើម្បីជម្រុញពលរដ្ឋឲ្យ ជួយ​ទប់ស្កាត់អំពើហិង្សាយេនឌ័រ ឬអំពើហិង្សាក្នុងគ្រួសារ។

បើ​ទោះ​ជា​នៅ​ក្នុង​ច្បាប់​របស់​​ប្រទេស​កម្ពុជា​ អំពើហិង្សា​យេនឌ័ ដែលពេល​ខ្លះ​កើត​ឡើង​នៅក្នុង​​គ្រួសារ និង​ពេល​ខ្លះ​នៅក្នុងស្ថាប័ន ព្រមទាំង​នៅក្នុង​​សង្គមផង​នោះ​​​​​ត្រូវ​បាន​ចាត់​ទុកថា​ជា​អំពើ​ខុស​ច្បាប់​ក៏​ដោយ​ ក៏​បញ្ហា​នេះ​តែង​តែ​កើត​មាន​ជា​ញឹក​ញាប់​ ហើយ​​មាន​លក្ខណៈ​ខុស​ៗ​គ្នា​​ទៅ​តាមទីកន្លែង និង​​​ស្ថានភាព​របស់​គ្រូសារនីមួយៗ ​ដូច​​​ជា​​​ការប្រមាថ ការ​មាក់​ងាយ ការ​​រំលោភ​បំពាន​លើ​រាង្គ​កាយ ការ​បង្ក​ឲ្យមាន​​​របួស​ស្នាម​ ដោយ​​​មាន​ករណី​ខ្លះ​បាន​បង្ក​ឲ្យ​​​បាត់​​បង់​​ជីវិត​ក៏មាន​។

ទោះបី​ជា​យ៉ងនេះ​ក្តី ក៏​ប្រទេស​កម្ពុជានៅ​មិន​ទាន់​មាន​ទិន្នន័យជាក់​លាក់​ណា​មួយ​យក​​​មក​សំអាង​ ថាតើ​អំពើ​ហិង្សា​យេនឌ័​​បាន​​កើន​​ឡើង ​ឬក៏ថយចុះពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំនោះ​។
ដោយ​​​មើល​​ឃើញ​​ពី​សារប្រយោជន៍​នៃ​ទិន្ន​ន័យ​ទាក់​ទិន​នឹង​អំពើ​ហិង្សា​ប្រភេទ​នេះ កម្មវិធី​​ស៊ុយអែត​សម្រាប់ការ​អភិវឌ្ឍ ICT នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ ដែល​ហៅ​កាត់​ថា ស្ប៉ាយឌ៍រ
(SPIDER: The Swedish Program for ICT in Developing Regions) បាន​​​ឧបត្ថម្ភ​គម្រោង​មួយ​ដែល​មាន​​​ឈ្មោះថា​ “​ការ​​​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​នៅ​កម្ពុជា”។
គម្រោង​​នេះ​មាន​​​គោល​បំណង​​​​​​​ផ្ដល់​​ចំណេះដឹងស្តី​ពីការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​​គមនាគមន៍ជូន​សមា​ជិក​​​​​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​អង្គការ​ស្ត្រី​​មួយ​ចំនួន​នៅ​កម្ពុជា​ ដើម្បី​​ចូល​រួម​​​អនុវត្ត​​ផែនការ​សកម្មភាព​​ជាតិក្នុង​ការបញ្ឈប់​​ហិង្សា​លើ​ស្ត្រី  ដោយ​​​ធ្វើការ​​ប្រមូល​ផ្ដុំ​និង​​វិភាគ​ទិន្នន័យ​​​ដែល​​ប្រមូល​បាន​ពី​ការ​​​​​​សិក្សា​​ស្រាវ​​ជ្រាវ​​តាមរយៈ​កម្រង​សំណួរ​ពាក់ព័ន្ធ​​ទៅលើ​​យន្តការ​សម្រាប់​​ការ​ទប់​ស្កាត់​​​​​​អំពើ​ហិង្សា​​យេនឌ័រ។
លោក​​ស្រី សុក សុគន្ធា ប្រធាន​គម្រោង​​អំពើ​ហិង្សាទាក់ទិន​នឹង​យេនឌ័រ​នៃ​អង្គការ​វិទ្យា​​ស្ថាន​​បើក​ទូលាយ​​បាន​និយាយថា គម្រោង​​នេះអាចត្រូវបាន​​ទទួល​ស្គាល់​ថា ជា​ការ​សិក្សា​​​​​​​​​​លើក​ដំបូង​​​លើ​​យន្តការ​ដោះស្រាយ និង​ទប់ស្កាត់ ​អំពើ​ហិង្សា​យេនឌ័រ​នៅ​ក្នុងប្រទេស។
លោក​​ស្រី​បញ្ជាក់ថា គម្រោងនេះ​បានធ្វើការ​នៅក្នុង​​តំបន់គោល​ដៅ​ចំនួន ៣៧៩ ឃុំ-សង្កាត់​ស្ថិតនៅ​​​​​ខេត្ត​​​បាត់​ដំបង កំពង់ធំ សៀមរាប និង​រាជ​ធានីភ្នំពេញ ដោយ​​ការ​សិក្សា​បាន​ផ្ដោត​ផង​ដែរ​ទៅ​លើ​ការ​ប្រមូល​ព័ត៌មាន​អំពើ​ហិង្សា​គ្រប់​ប្រភេទក្នុងឆ្នាំ ២០១១ ដើម្បី​ចង​ក្រង​​ជា​ស្ថិតិ មាន​ស្តង់ដារ​ជា​រួម​មួយ​សម្រាប់​បម្រើ​តម្រូវ​ការ​ជា​ទូទៅ។ ​គម្រោងនេះ​​​បាន​​​ចាប់​ផ្តើម​​អនុវត្ត​​ចាប់​​ពី​​ខែ​មេសាឆ្នាំ ២០១២ និង​​​​​បញ្ចប់​​នៅក្នុង​ខែ​ឧសភា ​ឆ្នាំ ២០១៣ នេះ។

គួរ​​បញ្ជក់​​ដែរ​ថា អង្គការ APC (Association for Progressive Communication) ជា​​អ្នក​ដឹក​នាំ​គម្រោង​នេះ ខណៈដែល​​​អង្គការវិទ្យាស្ថាន​បើក​ទូលាយ​ជាអ្នក​ប្រតិបត្តិ​ ដោយ​​ទទួល​ខុស​ត្រូវ​​ក្នុង​​ការ​ប្រមូល​​ទិន្នន័យ និង​ធ្វើ​ការ​បណ្ដុះបណ្ដាល​សមាជិកដែលជា​ក្រុម​គោល​ដៅ​ ដោយ​​មានកិច្ច​​សហការ​​ជា​មួយ​​សម្ព័ន្ធ​ភាព​​ជាតិ​ឃុំ-សង្កាត់។
លោក​ស្រី សុក សុគន្ធា បាន​បញ្ជាក់ថា គម្រោងនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​សកម្មភាព​ និង​​ជា​មធ្យោ​បាយ​​មួយ​ដែល​នាំ​ឆ្ពោះ​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​របស់​ប្រទេស​​និង​គោលដៅ​អភិវឌ្ឍ​​សហស្សវត្ស។
លោក​​ស្រីបន្តថា ការ​យល់​ដឹង​​ទូលំទូលាយ​នៃ​ការ​កើត​មាន​ឡើង​​នៃ​អំពើ​ហិង្សា​​លើ​ស្ត្រី និង​​វត្តមាន​​នៃ​យន្តការ​ដោះស្រាយ ឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល​​ទៅ​លើ​បញ្ហា​នេះ ជា​​ចំណុច​​​វិជ្ជមាន​មួយ​​ដែល​​​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​តាមដាន​​ជា​សាធារណៈ​ទៅ​លើ​​ការ​ទប់​ស្កាត់​​​អំពើ​ហិង្សា​យេនឌ័រ​នៅ​​កម្ពុជា៕  (២០ ឧសភា ២០១៣)

Related Articles

Back to top button
Close
Close