កូរ៉េខាងត្បូង៖ កូរ៉េខាងជើង​នៅ​តែ​បាញ់​មីស៊ីល​ញុះញង់

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ ​ចម្ងាយជិត បីគ្រាប់ នៅក្នុង​សមុទ្រ​ជប៉ុន​ កាលពីថ្ងៃ​សៅរ៍ម្សិល មិញ។ នៅព្រឹកថ្ងៃ​អាទិត្យ​នេះ កូរ៉េខាងត្បូង​ប្រកាស​ចាត់ទុក​សកម្មភាព​របស់​​ទីក្រុង​ព្យុងយ៉ាង​​ថា​ ជា​អំពើញុះញង់។ ជាមួយគ្នានេះ សេអ៊ូលបានទាមទារ​ផង​ដែរ​ឲ្យ​ព្យុងយ៉ាង​ត្រលប់​ចូល​តុ​​ចរចា​ឡើងវិញ ជាពិសេស​ព្យុងយ៉ាង​ត្រូវ​លើកចោល​នូវ​ការផ្អាក​បិទ​តំប​ន់​ឧស្សាហកម្ម​ Kaesong។

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ បីគ្រាប់ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ។ បើតាម​ក្រសួង​កូរ៉េខាងត្បូង​ ទទួលបន្ទុក​កិច្ចការ​ព្រំដែន ការបាញ់​មីស៊ីល​រយៈ​ចម្ងាយ​ជិត​របស់​កូរ៉េខាងជើងអាច​ធ្វើឡើង​នៅក្នុង សមយុទ្ធ ​​របស់​ប្រទេស​នេះ។ នៅព្រឹកថ្ងៃ​អាទិត្យនេះ នៅខណៈពេល​ដែល​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទើប​បង្ហាញ​ក្តីសង្ឃឹម​ របស់​លោកថា កូរ៉េខាងជើងអាច​នឹង​បញ្ឈប់​បាញ់​មីស៊ីល ជាថ្មីនោះ ​កូរ៉េខាងជើង​បែ​ជា​បាន​បាញ់​មីស៊ីល​មួយគ្រាប់ទៀត។

​យោងតាម​ក្រសួងកូរ៉េខាងត្បូង មីស៊ីល​បីគ្រាប់​ដែល​កូរ៉េខាងជើង​បាញ់​ កាលពី​ថ្ងៃ​ម្សិលមិញ ជា​មីស៊ីល​ដែល​គេ​បាន​កែច្នៃ និង​ប្រើសម្រាប់​កម្ទេច​នាវា។ ​​វាអាច​បំផ្លាញ​គោលដៅដែល​ស្ថិតនៅ​​ចម្ងាយ​ប្រមាណ​១២០​គីឡូម៉ែត្រ។ បើទោះជា​មីស៊ីល​អាច​បាញ់​ក្នុង​ចម្ងាយជិត ប៉ុន្តែ ទីក្រុង​សេអ៊ូល​ដែល​ជា​ភាគីសត្រូវនៅតែ​ចាត់ទុក​ថា ជា​គ្រោះថ្នាក់ និង​ការគំរាម​កំហែង​​ដល់​សន្តិសុខ​ខ្លួន។

កាលពីពេល​ថ្មីៗនេះ កូរ៉េខាងត្បូង អាមេរិក ជប៉ុន និង​អាមេរិក​មាន​ការព្រួយបារម្ភខ្លាំង​ ដែល​ឃើញ​កូរ៉េខាងជើង​ដំឡើង​គ្រាប់មីស៊ីល​​ « Musudan » ពីរ​គ្រាប់ ទៅក្បែរ​ទឹកដី​កូរ៉េខាងត្បូង។ ​ ​កូរ៉េខាងជើង​អាច​ប្រើ​គ្រាប់មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ធុននេះ ដើម្បី​វាយប្រហារ​យ៉ាងងាយ​កូរ៉េខាងត្បូង ​ជប៉ុន ឬ​ទឹកដី​អាមេរិក។ ប៉ុន្តែ បើតាម​អ្នកជំនាញការ​អាមេរិក ​ កាលពីដើមខែ​ឧសភានេះ រដ្ឋអំណាច​ក្រុង​ព្យុង យ៉ាង​បាន​​សម្រេច​ដក​គ្រាប់មីស៊ីល​ទំាង ២គ្រាប់​នោះ​ចេញ​ពី​ជើងតម្កល់បាញ់​របស់​វា​ទៅ​វិញ។

បើតាម​អ្នកជំនាញ ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើងកាលពីថ្ងៃ​ម្សិលមិញ​ ទំនង​ជា​ធ្វើឡើង​ ដើម្បី​ឆ្លើយតប​នឹង​​សមយុទ្ធ​ជើងទឹក​រួម​របស់​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​បាន​ធ្វើឡើង នៅក្នុង​សប្តាហ៍ នេះ។ កូរ៉េខាងជើង​បាន​ចាត់ទុក​សមយុទ្ធ​រួម​រវាង​អាមេរិក​ និង​កូរ៉េខាងត្បូង​ថា មាន​ចរិតញុះញង់ និង​ត្រៀម​ប្រកាស​សង្រ្គាម ជាមួយ​កូរ៉េខាងជើង។

រហូតមកដល់​ពេលនេះ ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ​​នៅតែ​មិនទាន់​ថមថយ។ ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទីក្រុង​ ព្យុងយ៉ាង ជាការឆ្លើយតប​ទៅនឹង​ការ​​ផ្គើន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ របស់កូរ៉េខាងជើង កាលពី​ខែ​កុម្ភៈ​កន្លងទៅនេះ។ របប​កុម្មុយនិស្ត​រឹត​តែ​បង្កើន​ការគំរាមកំហែង និង​បាញ់​សាកល្បង​មីស៊ីល​កាន់​ញឹកញាប់​ជាងមុន ជាពិសេស នៅពេល​ឃើញ​ទ័ពកូរ៉េខាងត្បូង និង​អាមេរិក​ធ្វើ​សមយុទ្ធ​ជាមួយគ្នា នៅ​សមុទ្រ​ជប៉ុន ដែល​នៅក្នុង​នោះ​ក៏មាន​ប្រើ​​យន្តហោះB2 និង​B52 ដែល​មាន​សមត្ថភាព​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរផងដែរ។ ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close