អ.ស.ប អនុម័ត​សេចក្តីសម្រេច​អំពី​ការ​បញ្ចប់​អាណានិគម​បារាំង​នៅ​កោះ​ប៉ូលីណេស៊ី

កាលពីថ្ងៃ​សុក្រ​ម្សិលមិញ មហាសន្និបាត​អ.ស.ប បាន​អនុម័ត​សេចក្តីសម្រេច​ ដាក់​កោះ​ប៉ូលីណេស៊ី​បារាំង ឲ្យ​ស្ថិត​ក្នុង​បញ្ជី​​នៃ​ទឹកដី ដែល​ត្រូវ​បិទបញ្ចប់​អាណានិគម។ សេចក្តីសម្រេច​ដែល​បាន​ធ្វើ​ឲ្យ​បារាំង​ផ្ទុះកំហឹង ដោយ​ចោទ​ថា វា​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​បារាំង និង​ជា​ការ​បំពាន​ទៅលើ​ជម្រើស​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​ ប៉ូលីណេស៊ី។

សេចក្តីសម្រេច ដែល​មហាសន្និបាត​អ.ស.ប អនុម័ត កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ត្រូវ​បាន​ស្នើឡើង​ដោយ​រដ្ឋ​ជាសមាជិក​មួយចំនួន ដែល​ជា​កូនកោះ​តូចៗ នៅ​ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ប្រជុំកោះ​ប៉ូលីណេស៊ី​របស់​បារាំង (Polynésie française)។

ប៉ូលីណេស៊ី​ ដែល​មាន​កូនកោះ​តូចៗ​ចំនួន ១១៨ ស្ថិត​នៅ​ខាង​កើត​ប្រទេស​អូស្រ្តាលី និង​នូវែលសេឡង់ ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បច្ចុប្បន្ន​នេះ ប៉ូលីណេស៊ី គឺ​ជា​ដែនដី​របស់​បារាំង នៅឯនាយ​សមុទ្រ ដែល​មាន​លក្ខណៈ​ជា​ដែនដី​ស្វយ័ត ដោយ​ប្រជាជន​ប៉ូលីណេស៊ី ជា​អ្នក​រៀបចំ​បោះឆ្នោត​ជ្រើសរើស​សភាតំណាង និង​ប្រធានាធិបតី​របស់​ខ្លួន គ្រាន់តែ អំណាច​សំខាន់ៗ​មួយចំនួន ដូចជា នយោបាយ​ការបរទេស ការពារជាតិ សន្តិសុខ តុលាការ ជាដើម ស្ថិត​ក្រោម​ការ​គ្រប់គ្រង់​របស់​បារាំង។

បារាំង​បាន​ព្យាយាមគ្រប់​មធ្យោបាយ​ការទូត​របស់​ខ្លួន ដើម្បី​​រារាំង​កុំ​ឲ្យ​​មហាសន្និបាត​អ.ស.ប សម្រេច​ដាក់​ប៉ូលីណេស៊ី ទៅក្នុង​បញ្ជីដែនដី ដែល​ត្រូវ​បញ្ចប់​អាណានិគម។ ក៏ប៉ុន្តែ ការខិតខំ​ប្រឹងប្រែង​របស់​បារាំង​ត្រូវ​ទទួល​បរាជ័យ ហើយ​នៅ​ភ្លាមៗ ក្រោយ​ពី​សេចក្តី​សម្រេច​របស់​មហា សន្និបាត​អ.ស.ប ត្រូវ​បាន​អនុម័ត បារាំង​ធ្វើការ​បរិហារ​សេចក្តីសម្រេច​នេះ​ថា ជា​ការ​ជ្រៀតជ្រែក​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​បារាំង និង​ជា​ការ​បំពាន​ទៅលើ​ជម្រើស​របស់​ប្រជាជន​ប៉ូលីណេស៊ី ដែល​ទើប​នឹង​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ការ​ប្រកាស​ឯករាជ្យ​ពី​បារាំង។

ប្រទេស​មួយចំនួន រួមមាន អាមេរិក អង់គ្លេស អាល្លឺម៉ង់ និង​ហូឡង់ ជាដើម ក៏​បាន​បង្ហាញ​នូវ​ជំហរ​មិនគាំទ្រ​សេចក្តីសម្រេច​របស់​អ.ស.ប​​នេះ​ដែរ ដោយ​លើក​ហេតុផល​ស្រដៀង​គ្នា​នឹង​បារាំង​ដែរ គឺ​បរាជ័យ​របស់​ក្រុម​ទាមទារ​ឯករាជ្យ ក្នុងការ​បោះឆ្នោត​ជាតិ​ប៉ូលីណេស៊ី​នាពេល​ថ្មីៗ​នេះ។

គួរបញ្ជាក់ថា កាល​ពីថ្ងៃសុក្រ​ម្សិលមិញ​នេះ​ដែរ នៅក្នុង​ថ្ងៃ​ជាមួយគ្នា​ ដែល​អ.ស.ប អនុម័ត​ដាក់​ប៉ូលីណេស៊ី ក្នុង​បញ្ជី​ដែនដី​ ដែល​ត្រូវ​បញ្ចប់​អាណានិគម ប្រធានាធិបតី​ចប់អាណត្តិ​របស់​ប៉ូលីណេស៊ី ដែល​ជា​អ្នក​មាន​និន្នាការ​ទាមទារ​ឯករាជ្យ បាន​ចាញ់​ឆ្នោត​ របូត​អំណាច​ទៅក្នុង​ដៃ​អតីត​ប្រធា នាធិបតី​ប៉ូលីណេស៊ី ដែល​ប្រឆាំង​នឹង​ការ​ទាមទារ​ឯករាជ្យ។

ការ​ដែល​មហាសន្និបាត​អ.ស.ប ​ចេញ​សេចក្តីសម្រេច​ដាក់​ប៉ូលីណេស៊ី ទៅក្នុង​បញ្ជីដែនដី ដែល​ត្រូវ​បញ្ចប់​អាណានិគម​នេះ គឺ​មានន័យថា បារាំង​ត្រូវ​រៀបចំ​​យន្តការ​មួយ ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ ឲ្យ​ប្រជាជន​ប៉ូលីណេស៊ី​សម្រេច​ដោយ​ខ្លួនឯង​ថា តើ​ពួកគេ​ចង់​នៅ​ជា​ដែនដី​របស់​បារាំង ឬមួយ​ចង់​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ពេញលេញ? ក៏ប៉ុន្តែ សេចក្តីសម្រេច​របស់​មហាសន្និបាត​អ.ស.ប មិនមាន​អានុភាព​ផ្លូវ​ច្បាប់ ដូច​ជា​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ។ សេចក្តីសម្រេច​របស់​មហាសន្និបាត ទាក់ទង​នឹង​ការ​បញ្ចប់​អាណានិគម​បែបនេះ កម្រ​នឹង​ត្រូវ​បាន​ប្រទេស​មហាអំណាច​អាណានិគម​គោរព​តាម​ណាស់ រហូតមកទល់​នឹង​សព្វ ថ្ងៃ​នេះ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close