កាកបាទក្រហមអន្ដរជាតិចង់ឲ្យអាវុធនុយក្លេអ៊ែរជារឿងខុសច្បាប់អន្ដរជាតិ
អង្គការកាកបាទក្រហមអន្ដរជាតិ មានជំនឿ ទុកចិត្ដថា នឹងបានទទួលការគាំទ្រសម្រាប់យុទ្ធសាស្រ្ដអន្ដរជាតិមួយដើម្បី ធ្វើឲ្យការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជាសកម្មភាពខុសច្បាប់ អន្ដរជាតិ។
បណ្ដាតំណាងពី អង្គការកាកបាទក្រហមអន្ដរជាតិពីប្រទេសជា ច្រើនមកទល់ពេលនេះកំពុងជួបប្រជុំនៅក្នុងក្រុងហ៊ីរ៉ូស្ហ៊ីម៉ានៃ ប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីវិធីសម្រេចបាននូវគោលដៅមួយគឺពិភពលោកដែល គ្មានគ្រឿងអាវុធនុយក្លេអ៊ែរ។
លោក Robert Tickner ប្រធានអង្គការកាកបាទក្រហមអន្ដរជាតិសាខាអូស្រ្ដាលីដែលជាសហអ្នក រៀបចំពិធីជួបពិភាក្សានេះ បានប្រាប់វិទ្យុអូស្រ្ដាលីថា សហគមន៍អន្ដរជាតិត្រូវតែចាត់វិធានការជុំវិញរឿងនេះ។
លោក Robert Tickner បានឲ្យដឹងទៀតថា យុទ្ធនាការនេះទំនងជាអាចធ្វើទៅបានពីព្រោះថា សហគមន៍អន្ដរជាតិកន្លងមកបានខិតខំធ្វើឲ្យមានសន្ធិសញ្ញាអន្ដរ ជាតិជាច្រើនដូចជាការគ្រប់គ្រងគ្រាប់មីន, គ្រាប់បែកចង្កោម, អាវុធគីមី និងគ្រឿងអាវុធជីវសាស្រ្ដ។
ប៉ុន្ដែនៅមានបញ្ហាអាវុធ នុយក្លេអ៊ែរ ដែលគេនៅមិនទាន់មានសន្ធិសញ្ញាអន្ដរជាតិច្បាស់លាស់ណាមួយដែល ធ្វើឲ្យការប្រើអាវុធនុយក្លេអ៊ែរជាសកម្មភាពខុសច្បាប់៕ (Radio Australia)