ពលរដ្ឋតំបន់បឹងកក់ព្រួយបារម្ភពីពីសុវត្ថិភាព
នៅព្រឹកថ្ងៃទី៥ មេសា ២០១២ ប្រជាពលរដ្ឋតំបន់បឹងកក់បានយកលិខិតទៅដាក់ជូនលោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសុំឲ្យជួយអន្តរាគមន៍ដល់មន្ត្រីថ្នាក់ក្រោមរបស់លោក ជួយការពារសុវត្ថិភាពពលរដ្ឋតំបន់បឹងកក់។
ខ្លឹមសារលិខិត ដែលបានដាក់នៅស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា រាល់ពេលដែលពួកគេចេញដំណើរពីផ្ទះនៅបឹងកក់ តែងតែមានប៉ូលិសស្លៀកពាក់ស៊ីវិល តាមដានរៀងរាល់ថ្ងៃ កាន់តែព្រួយបារម្ភជាងនេះទៀតនោះ គឺមានប៉ូលិសប៉ុស្ដិ៍ ឈ្មោះ ថៃ វិរៈ បានជិះតាមតាំងពីចេញពីភូមិ និងមានក្រុមជនមិនស្គាល់អត្តសញ្ញាណ ពាក់មួកការពារតាមប្រមាញ់ស្ត្រីទាំង ៥នាក់ដែលជាតំណាងពលរដ្ឋបឹងកក់។
ជុំវិញការស្នើសុំរបស់ពលរដ្ឋបឹងកក់ខាងលើនេះ នៅវេលាម៉ោង ១១ ថ្ងៃទី៥ មេសា លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការប៉ូលិសរាជធានីភ្នំពេញ មិនទទួលយកលិខិតស្នើសុំរបស់ពលរដ្ឋបឹងកក់ ដែលបានសុំឲ្យប៉ូលិសជួយការពារសុវត្ថិភាពដល់ពួកគាត់នោះឡើយ៕