សេដ្ឋកិច្ច​​ជប៉ុន​​ត្រីមាស​​ដើមឆ្នាំ​​២០១៣​​ ឡើងបាន​​០,៩​​ភាគរយ​​

សំរាប់​ត្រីមាស​ដើម​ឆ្នាំ​២០១៣​នេះ​​ ប្រទេស​ជប៉ុន​​​​​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីបី​ក្នុង​ពិភព​លោក​នោះ បាន​ទទួល​កំណើន​សេដ្ឋកិច្ច​០,៩ភាគរយ។ នេះ​ជា​អត្រា​​មួយ​ខ្ពស់​ ​​ហើយ​វា​ជា​ដំណឹង​ល្អ​​សំរាប់​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe។

កំណើន​សេដ្ឋកិច្ច​០,៩ភាគរយ សំរាប់​ត្រីមាស​ដើម​ឆ្នាំ​២០១៣​នេះ គឺ​ជា​អត្រា​គួរអោយ​កត់​សម្គាល់ និង​ជា​ដំណឹង​ល្អ​សំរាប់​​លោក​ Shinzo Abe ដែល​បាន​ព្យាយាម​ជំរុញ​អោយ​មាន​សំទុះ​​សេដ្ឋកិច្ច​ក្នុងស្រុក​​ តាំងតែ​ពី​លោក​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​មក។ គួររំលឹកថា សេដ្ឋកិច្ចជប៉ុន​​មាន​ការ​ថយ​ចុះ ក្នុងរយៈ​ពេល​៦​ខែ​ក្នុង​​ឆ្នាំ​២០១២​កន្លង​ទៅ​ ​​គឺ​ពី​ខែ​មេសា ដល់​ខែ​កញ្ញា។ ប៉ុន្តែ​ ចាប់​​ពី​ខែ​តុលា​ដល់​ខែ​ធ្នូ ភាគរយ​​នៃ​កំណើន​ផលិត​ផល​សរុប​ក្នុង​ស្រុក​បាន​ចាប់​កើន​​ឡើងវិញ​ ដោយទទួល​បាន​កំណើន​០,៣ភាគរយ។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កត្តា​ដែល​ជំរុញ​អោយ​ជប៉ុន​ទទួល​បាន​កំណើនសេដ្ឋកិច្ច​​បាន​លឿន​បែបនេះ​ ​ គឺ​ដោយ​សារ​តែ​សេដ្ឋកិច្ច​អាមេរិក​បាន​ចាប់​​​ងើបឡើងវិញ ហើយ​ក៏​ដោយ​សារ​តែនៅ​ជប៉ុន ​រដ្ឋាភិបាល​​បាន​ចេញវិធាន ការ​​ជាច្រើន​ ជំរុញ​អោយ​​មាន​សំទុះ​សេដ្ឋកិច្ចជាតិ​​ផងដែរ។

គេ​សង្កត​ឃើញថា ចាប់តាំង​តែ​ពី​លោក​ Shinzo Abe បាន​ចូល​គ្រប់គ្រង​ប្រទេសពី​ខែ​ធ្នូ​​មក ការ​​បរិភោគ​ក្នុង​ស្រុក​ហាក់​បាន​កើនឡើង​វិញ​ គួរអោយ​កត់​សម្គាល់។ នាយករដ្ឋមន្ត្រី​ថ្មី​ជប៉ុន​បាន​ដាក់​សម្ពាធអោយ​​ធនាគារ​​ជប៉ុន​បន្ធូរបន្ថយ ​​គោលនយោបាយ​រូបិយវត្ថុ​ខ្លួន​ ដើម្បី​ជួយ​​លើកស្ទួយ​សេដ្ឋកិច្ច​ អោយ​គ្រួសារ​ប្រជាជន​និមួយៗ​​មាន​លទ្ធភាព​ចាយវាយ​ខ្ពស់។ រដ្ឋាភិបាល​ជប៉ុន​បាន​​ចេញ​ប្រាក់​ជាង​ ៤០​​ពាន់លាន​អឺរ៉ូ​ សំរាប់​​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ។

នៅ​ដើម​ឆ្នាំ​២០១៣​នេះ ការ​នាំ​ចេញផលិតផល​ជប៉ុន​ទៅ​ក្រៅ​ស្រុក ​បាន​ស្ទុះ​ដល់​ទៅ​ជាង​៣,៨ ភាគរយ​ ដែលជា​អត្រា​​​ខ្ពស់​ជាង​ការ​នាំ​ចូល​ផលិតផល​បរទេស​មក​ក្នុង​ស្រុក។ ​​ ការ​នាំ​ចូល​ផលិត ផល​បរទេស​ក្នុង​ស្រុក​មាន​ជាង​១ ភាគរយ​ប៉ុណ្ណោះ។ គួរ​បញ្ជាក់​ថា ជប៉ុន​បាន​នាំ​ចេញ​យានយន្ត​ច្រើនគ្រឿង​​ទៅ​សហរដ្ឋអាមេរិក ហើយ​​សេវា​ដឹកជញ្ជូន​ផលិតផល​គីមី​ក៏មាន​ការ​កើនឡើង​លឿន​ផងដែរ។

អ្វី​ដែល​នៅ​ជា​បញ្ហា​​​សំរាប់​ជប៉ុន​​នៅ​ពេល​នេះ គឺ​​​​ការ​វិនិយោគ​ទុន​​ឯកជន​​​។ ការ​វិនិយោគ​នេះ​​​មាន​ការ​ថយ​ចុះ​ ០,៧ភាគរយ។ សហគ្រាស​​នានា​នៅ​មាន​ការ​ប្រុងប្រយ័ត្ន​នៅឡើយ​ក្នុង​ការ​សំរេច​ធ្វើ​​ វិនិយោគ​។

យោង​តាម​ការ​ប្រមើល​មើលចុងក្រោយ​​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​ ភាគរយ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុកនៅ​​ជប៉ុន​​អាច​នឹង​មាន ១,៦ ភាគរយ​ សំរាប់​ឆ្នាំ​២០១៣​នេះ។ សំរាប់​ឆ្នាំ​២០១២​កន្លង​មក ផលិតផល​សរុប​ក្នុង​ស្រុក​ មាន​២,០ភាគរយ៕ដោយ ព្រំ សឿន សូលីណា (RFI)

 

Related Articles

Back to top button
Close
Close