ស្នើសុំសម្តេច ហ៊ុន សែនជួយទប់ស្កាត់តម្លៃទំនិញ និងថ្លៃសេវាដឹកជញ្ជូននៅឱកាសបុណ្យចូលឆ្នាំ
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ សហភាពការងារកម្ពុជា ដឹកនាំដោយលោក អាត់ ធន់ បានផ្ញើលិខិតសុំអន្តរាគមន៍មួយច្បាប់ ជូនសម្ដេច ហ៊ុន សែន ស្នើសុំជួយទប់ស្កាត់តម្លៃទំនិញគ្រប់ប្រភេទនៅលើទីផ្សារ និងថ្លៃសេវាដឹកជញ្ជូនគ្រប់ប្រភេទ កុំឲ្យមានការឡើងថ្លៃ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
លិខិតដាក់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីបញ្ហា តម្លៃទំនិញគ្រប់ប្រភេទនៅលើទីផ្សារ បានឡើងថ្លៃហួសហេតុខុសពីតម្លៃធម្មតា និងតម្លៃរថយន្ដឈ្នួលគ្រប់ប្រភេទ ក៏បានឡើងថ្លៃតាមចិត្តដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់។ បើទោះបីជាអាជ្ញាធរ ឬសាលារាជធានី តែងតែបានប្រកាសជូនដំណឹងជាមុនក៏ដោយ ប៉ុន្តែការគ្រប់គ្រង ឬការចាត់វិធានការផ្សេងៗ ហាក់ពុំមានប្រសិទ្ធភាពទាល់តែសោះ។
សហភាពការងារកម្ពុជា ដែលដឹកនាំដោយ លោក អាត់ ធន់ សូមស្នើចំពោះសម្ដេច ហ៊ុន សែន ជួយធ្វើអន្តរាគមន៍តាមសំណូមពរដូចខាងក្រោម ដោយមានអាជ្ញាធរពាក់ព័ន្ធ ត្រូវតែទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ចំពោះថ្លៃទំនិញគ្រប់ប្រភេទនៅលើទីផ្សារ និងថ្លៃរថយន្ដឈ្នួលដឹកអ្នកដំណើរ ដែលអាចនឹងឡើងថ្លៃហួសហេតុខុសពីតម្លៃធម្មតា ដោយត្រូវឲ្យតម្លៃទំនិញនៅលើទីផ្សារ និងតម្លៃគ្រប់សេវាកម្មទាំងអស់ ស្ថិតក្នុងកម្រិតតម្លៃធម្មតា ដូចនៅមុនពេលថ្ងៃបុណ្យ៕