រឿងអាស្រូវនានារបស់រដ្ឋាភិបាលអូបាម៉ា
ប្រធានាធិបតីអាមេរិក លោក Barack Obama កំពុងតែក្រពុលមុខដោយសារតែរដ្ឋាភិបាលរបស់លោកបានជួបរឿងអាស្រូវ ជាបន្តបន្ទាប់ ទាក់ទងនឹងរឿងការរំលោភសិទ្ធិសេរីភាពសារព័ត៌មាន រឺក៏ការវាយប្រហាររបស់ផ្នែកពន្ធដារអាមេរិកទៅលើអ្នកនយោបាយ អភិរក្សនិយមនានា។ ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន Associated Press ទើបតែបានប្រកាសថា ខ្លួនរងគ្រោះដោយការបំពានរបស់រដ្ឋាភិបាល ដែលបានដកហូតយកដោយសំងាត់នូវព័ត៌មានតាមទូរសព្ទរបស់ ទីភ្នាក់ងារ និងអ្នកសារព័ត៌មានមួយចំនួន។
នៅថ្ងៃអង្គារម្សិលមិញនេះ លោក Eric Holder រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានបង្ខំ ចិត្តចេញមុខមកបកស្រាយ ហេតុផលដែលបង្កអោយមានរឿងអាស្រូវទាំងអស់នេះ។ លោកគ្មានជំរើសនោះទេ ព្រោះថាសេតវិមានបានរំលឹកថា រដ្ឋាភិបាលប្រធានាធិបតីអូបាម៉ាគោរពឥតងាករេនូវសេរីភាព សារព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានពន្យល់នៅក្នុងសន្និសីទ សារព័ត៌មាន កាលពីម្សិលមិញនេះថា ការតាមដានឃ្លាំមើលទីភ្នាក់ងារសារព័ត៌មាន Associated Press នេះ ដោយសារតែ Associated Press បានទទួលបាននូវការលេចធ្លាយព័ត៌មានទាក់ទងនឹងប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មក្នុងនិទាឃរដូវឆ្នាំ២០១២ រវាងYemen និងសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា កន្លងមក ការលេចធ្លាយព័ត៌មានសំខាន់ៗបែបនេះ ធ្លាប់បានកើតឡើងម្តង រឺក៏ពីរដងរួចមកហើយ ហើយលោកមិនដែលឃើញមានរឿងបែបនេះនោះទេ។ សំរាប់រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក បញ្ហានេះអាចធ្វើអោយប្រជាជនអាមេរិកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។
ក្រៅពីរឿងលេចធ្លាយព័ត៌មាននេះ រដ្ឋាភិបាលលោកអូបាម៉ាក៏ប្រឈមនឹងរឿងអាស្រូវទាក់ ទងនឹងការវាយប្រហារ នៃផ្នែកពន្ធដារទៅលើអ្នកនយោបាយអភិរក្សនិយមនានាផងដែរ។ កាលពីថ្ងៃអង្គារម្សិលមិញនេះ អធិការទូទៅនៃសេវាពន្ធដារសាធារណៈឯករាជ្យមួយរូប បានចេញរបាយការណ៍ដ៏វែងអន្លាយមួយអះអាងថា រដ្ឋបាលពន្ធដារអាមេរិកដែលហៅកាត់ថា IRIS បានប្រើនូវទង្វើមិនសមស្របកេះកាយនិតិវិធី ដើម្បីត្រួតពិនិត្យអង្គការនានាមកពីគណបក្សអភិរក្សនិយមឈ្មោះថា Tea Party។
គួររំលឹកថា កាលពីឆ្នាំ២០០៩ អង្គការនានានៃគណបក្សនេះ បានដាក់ពាក្យសុំទៅរដ្ឋបាលពន្ធអាមេរិក ដើម្បីទទួលប្រយោជន៍ពីការមិនយកពន្ធរដ្ឋ។ ប្រការនេះផ្ទុយពីគោលការណ៍នយោបាយដែលចែងថា អង្គការនៃបក្សនយោបាយគ្មានសិទ្ធិចំណេញប្រយោជន៍ពីរដ្ឋនោះទេ។ អង្គការទាំងនេះបានឆ្លើយតបវិញថា គ្រាន់តែចង់បង្ហាញថវិកាខ្លួនជាសាធារណៈប៉ុណ្ណោះ។
ទោះយ៉ាងនេះក្តី តាមរយៈរបាយការណ៍របស់អធិការសេវាពន្ធឯករាជ្យនេះ រដ្ឋបាលពន្ធដារអាមេរិកត្រូវបានគេចោទប្រកាន់ថា បានវាយប្រហារអ្នកនយោបាយអភិរក្សនិយម ដោយសារតែបានរើកកាយឯកសារអង្គការគណបក្ស Tea Party នេះ មកត្រួតពិនិត្យច្រើនជាងគេ។ រដ្ឋបាលពន្ធដារអាមេរិកបានសំដែងការសុំទោសជាផ្លូវការ។ ប៉ុន្តែ អ្នកនាំពាក្យប្រធានាធិបតីអាមេរិក លោក Jay Carney បានប្រាប់ថា នៅរង់ចាំលទ្ធផលនៃការស៊ើបអង្កេតផ្នែករដ្ឋបាលទាក់ទងនឹងបញ្ហានេះ សិន។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក Eric Holder ក៏បានប្រកាសផងដែរ នូវការស៊ើបអង្កេតមួយផ្សេងទៀត ដើម្បីកំណត់ថា តើទង្វើរបស់ផ្នែកពន្ធដារអាមេរិកអាចចាត់ទុកជាបទល្មើសព្រហ្ម ទណ្ឌ ដែររឺទេ៕ដោយ ព្រំ សឿន សូលីណា (RFI)