នាយករដ្ឋមន្ត្រីជប៉ុនប្រកាសអន្តរាគមន៍យោធាករណីវត្តមាននាវាបរទេសក្នុងដែនទឹកខ្លួន
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ជប៉ុននឹងធ្វើអន្តរាគមន៍យោធាប្រសិនបើនាវាមុជទឹកបរទេសហ៊ានចូល ខ្លួនក្នុងដែនទឹកជប៉ុន។ ការប្រកាសរបស់លោក Shinzo Abe ធ្វើឡើង បន្ទាប់ពីក្រសួងការពារជាតិជប៉ុនទើបតែបានរកឃើញវត្តមានរបស់ នាវាមុជទឹកមួយគ្រឿងនៅក្នុងដែនទឹកជប៉ុន កាលពីល្ងាចថ្ងៃអាទិត្យនិងព្រឹកថ្ងៃចន្ទកន្លងទៅ។
នាយក រដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសអំពីអន្តរាគមន៍យោធានេះ នៅចំពោះមុខសភាជាតិជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីក្រសួងការពារជាតិជប៉ុនទើបតែបានសង្កេតឃើញ វត្តមានរបស់ នាវាមុជទឹកមួយគ្រឿងនៅក្នុងដែនទឹកជប៉ុន កាលពីល្ងាចថ្ងៃអាទិត្យនិងព្រឹកថ្ងៃចន្ទកន្លងទៅ។ ប៉ុន្តែ រដ្ឋាភិបាលជប៉ុនមិនបានបញ្ជាក់ទេថា នាវាមុជទឹកនោះគឺជានាវាមុជទឹករបស់ចិន។
ការ ប្រកាសអន្តរាគមន៍យោធានេះ ធ្វើឡើងនៅក្នុងពេលដែលជម្លោះរវាងជប៉ុននិងចិន ជុំវិញប្រជុំកោះសេនកាគូកំពុងតែតានតឹងខ្លាំង។ នាយករដ្ឋមន្ត្រីជប៉ុនមិនបានលំអិតច្បាស់លាស់អំពីអន្តរាគមន៍យោធា នេះទេ។ ប៉ុន្តែការប្រកាសថាជប៉ុននឹងប្រើគ្រប់វិធានការដើម្បីការពារ សុវត្ថិភាពដែនទឹកខ្លួននោះ បញ្ជាក់ច្បាស់ថា ក្នុងករណីចាំបាច់ ក្រសួងការពារជាតិជប៉ុននឹងធ្វើសកម្មភាពតបតនឹងវត្តមាននាវាមុជទឹក បរទេសជាក់ជាមិនខាន។
កាលពីថ្ងៃចន្ទកន្លងទៅ នាវាមុជទឹកមួយគ្រឿងបានចូលមកក្នុងកោះ Kume ដែលស្ថិតក្នុងប្រជុំកោះអូគីណាវ៉ាជប៉ុន។ ប៉ុន្តែជាក់ស្តែង វត្តមានរបស់នាវានេះមិនបានបំពានលើច្បាប់នោះ ទេ។ ហើយក្នុងថ្ងៃចន្ទដដែលនេះដែរ នាវារដ្ឋាភិបាលចិនបីគ្រឿងក៏បានបរកាត់ក្នុងដែនទឹកនៃប្រជុំកោះ គ្មានមនុស្សនៅ “សេនកាគូ” ដែលជាកោះជម្លោះរវាងជប៉ុននិងចិនផងដែរ។
គួររំលឹកថា គេតែងតែសង្កេតឃើញវត្តមាននាវាចិន និងយន្តហោះចិននៅម្តុំប្រជុំសេនកាគូនេះជាញឹកញយ ចាប់តាំងតែជប៉ុនបានទិញយកកោះ៣ក្នុងចំណោមកោះចំនួន៥ នៅទីនោះ ដាក់អោយក្លាយជាដែនដីជាតិខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១២។ នៅចំពោះមុខស្ថានភាពតាន តឹងអស់នេះ នាពេលថ្មីៗនេះ ក្រុងតូក្យូបានប្រកាសចាត់តាំងកងកម្លាំងពិសេស៦០០នាក់ និងនាវាចំនួន១២ ដើម្បីត្រួតពិនិត្យការពារប្រជុំកោះនេះ។ ប្រជុំកោះសេនកាគូសំបូរទៅដោយធនធានថាមពល មានទីតាំងស្ថិតនៅ២០០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រតៃវ៉ាន់។ ហើយតៃវ៉ាន់ក៏បានទាមទារដែនកោះនេះជារបស់ជាតិខ្លួនផងដែរ។
កាលពីខែកុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុនធ្លាប់បានព្រមានម្តងរួចមកហើយថា ជប៉ុនមិនអត់ឧនឡើយនូវការរំលោភបូរណភាពដែនដីខ្លួន រួមទាំងដែនកោះនេះផងដែរ។ ហើយប្រសិនបើចាំបាច់ ជប៉ុននឹងប្រើកម្លាំងបាយបណ្តេញវត្តមាននាវាចិនអោយចេញពីប្រជុំកោះ សេនកាគូ៕ដោយ ព្រំ សឿន សូលីណា (RFI)