លោកហ៊ុន សែន ប្រតិកម្មចំពោះព្រះអង្គម្ចាស់ធម្មិកោ ដែលចូលរួមនឹងបក្សប្រឆាំង
Cambodia News
ព្រៃវែង ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មដោយសម្តីខ្លាំងៗ ចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បន្ទាប់ពីទ្រង់សម្រេចចិត្តចូលរួមធ្វើនយោបាយ ជាមួយគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលជាគូប្រជែងធំ នឹងគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយសម្តីខ្លាំងៗ ក្នុងពិធីសម្ពោធសាលា ពុទ្ធិកអនុវិទ្យាល័យ ហ៊ុន សែន សិរីពេជ្ញ នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ឧសភា ២០១៣នេះ ថា សកម្មភាពរបស់ព្រះអង្គម្ចាស់ ធម្មិកោ គឺមិនពាក់ព័ន្ធជាមួយព្រះមហាក្សត្រ និងសម្តេចម៉ែទេ គឺជាទង្វើរបស់បុគ្គលមួយរូបតែប៉ុណ្ណោះ។
ជាមួយគ្នានោះលោក ហ៊ុន សែន បានអះអាងថា ព្រះអង្គម្ចាស់ ធម្មិកោ ជាទាហាន លន់ នល់ ដែលបានចូលរួមចំណែក ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ១៩៧០។ ហើយថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនមានសិទ្ធិប្រើពាក្យថា ជាអ្នកការពាររាជានិយម ជាអ្នកការពារព្រះមហាក្សត្រ និងការពារសង្គមរាស្ត្រនិយមបានទេ៕