Freshie Girl លេខ១ ឆ្នាំ២០១២ ជួបគ្រោះថ្នាក់ចរាចរ គេសងហើយ បែរជាបង្ករឿងដាក់គេវិញ
Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ស្រីស្អាត ដែលបានអះអាងថាជា Freishie Girl លេខ១ ឆ្នាំ២០១២ ជួបគ្រោះថ្នាក់ចរាចរ ដោយត្រូវរថយន្តពាក់ស្លាកលេខរដ្ឋបុក នៅចំណុចផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក មុខវិទ្យាស្ថានសុវណ្ណភូមិ ក្រោយមកភាគីរថយន្តបង្កបានចេញថ្លៃជួសជុលរថយន្តឲ្យហើយ នៅតែស្រែកឡូឡា និងបានទូរស័ព្ទ ប្រាប់អ្នកកាសែតឲ្យជួយចុះទៅយក ព័ត៌មាន តែពេលទៅដល់ ស្រីស្រស់ខាងលើ បែរជាបង្ករឿង យកដបគប់ទៅលើរថយន្តពាក់ស្លាកលេខរដ្ឋនោះទៅវិញ។
រថយន្តកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-7705 ខូចខាតទ្វារចំហៀងខាងឆ្វេងទាំង២ បើកបរដោយ Freshie Girl ជាប់លេខ១ នៅឆ្នាំ២០១២ ឈ្មោះ ស៊ីន យូប៊ីន ដែលដំបូងជារថយន្តរងគ្រោះ ដោយត្រូវរថយន្តមួយគ្រឿងទៀត ពណ៌ស មួយបាំងកន្លះ ពាក់ស្លាកលេខរដ្ឋ ១២-០៣១៩ បើកទៅប៉ះ។
ក្រោយកើតហេតុ ខាងម្ចាស់រថយន្ត ពាក់ស្លាកលេខរដ្ឋ ព្រមចេញសំណងខូចខាត ឲ្យខាងរថយន្តកាមរីហាយប្រ៊ីត។ ប្រហែលជាដោយសំណងមិនគ្រប់គ្រាន់នឹងការខូចខាត ទើបអ្នកបើករថយន្តកាមរីហាយប្រ៊ីត ដែលបានអះអាងខ្លួន ថាជាFreshie Girl ជាប់លេខ១នោះ បានបើករថយន្ត ទៅឈប់ទន្ទឹមនឹងរថយន្តស្លាកលេខរដ្ឋ រួចបើកកញ្ចក់ យកសំបកដប គប់ទៅលើរថយន្តស្លាកលេខរដ្ឋ ចំនួន ៣ដប ហើយបើករថយន្តយ៉ាងលឿនចេញទៅបាត់៕