បក្សប្រឆាំងបញ្ជូនលិខិតទៅកាន់សាលាក្រុងសម្រាប់ការធ្វើបាតុកម្មថ្ងៃ ២០ឧសភា
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី ១៤ ឧសភា ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា គេបានបញ្ជូនលិខិតទៅកាន់សាលាក្រុងភ្នំពេញហើយ សម្រាប់ការធ្វើបាតុកម្មថ្ងៃទី ២០ ឧសភា ខាងមុខ ដើម្បីទាមទារឲ្យមានការផ្លាស់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ។
លិខិតនោះត្រូវបានចុះហត្ថលេខា ដោយមន្ត្រីជាន់ខ្ពស់៣រូប នៃ គណបក្សសង្គ្រោះជាតិ ក្នុងនោះមានលោក ហូរ វ៉ាន់ លោក គួយ ប៊ុនរឿន និង លោក ម៉ៅ មុនីវណ្ណ ដើម្បីស្នើសុំការអនុញ្ញាតិធ្វើបាតុកម្ម នាថ្ងៃទី២០ ឧសភា ខាងមុខ ទាមទារឲ្យមានការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) តាមអនុសាសន៏តំណាងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និង អនុសាសន៏របស់អង្គការសង្គមស៊ីវិល ។
ការទាមទារបែបនេះ បានធ្វើម្ដងរួចមកហើយកាលពីខែ មេសា កន្លងទៅ ហើយគម្រោងធ្វើជាលោកទីពីរនេះ ត្រូវបានគេកត់សម្គាល់ថា ស្របគ្នាទៅនឹងដំណើរមកកាន់កម្ពុជា របស់លោក ស៊ូរិយា ស៊ូប៊ែឌី តំណាងពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា៕