ពលរដ្ឋបុរីកីឡា ៨០ គ្រួសារទទួលបានអង្ករពីអង្គការលើកលែងទោសអន្តរជាតិ
នៅព្រឹកថ្ងៃទី៤ មេសា ២០១២ កញ្ញា ឡុង គីមហៀង មន្ត្រីក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានឲ្យដឹង ប្រជាពលរដ្ឋបុរីកីឡា ដែលរងគ្រោះដោយសារតែការបណ្តេញចេញពីផ្ទះសម្បែង ដែលកំពុងតែរស់តាមកាំជណ្តើរ និងគំនរសំរាមនៅក្បែរអគារបុរីកីឡា បានទទួលការជួយឧបត្ថម្ភ ជាអង្ករពីសំណាក់អង្គការលើកលែងទោសអន្តរជាតិ។
ប្រជាពលរដ្ឋបុរីកីឡា ដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋានចំនួន ៨០ គ្រួសារ បានទទួលអង្ករក្នុងមួយគ្រួសារ ១០ គីឡូក្រាម ពីអង្គការលើកលែងទោសអន្តរជាតិ តាមរយៈក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលការផ្តល់អំណោយជាអង្ករនេះ បានធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលអប់រំច្បាប់សមម្រាប់សហគមន៍ កាលពីល្ងាចថ្ងៃទី៣ មេសា ឆ្នាំ២០១២។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋបុរីកីឡា ត្រូវបានក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលមានលោកស្រី ស៊ុយ សុផាន ជាប្រធាន បានយកគ្រឿងចក្រអបដោយកងកំលាំងនគរបាល និងកងរាជអាវុធហត្ថរាប់សិបនាក់ទៅធ្វើការឈូសឆាយបំផ្លាញផ្ទះ ប្រជាពលរដ្ឋដើម្បីយកដីធ្វើការអភិវឌ្ឍ និងបានឲ្យប្រជាពលររដ្ឋទៅរស់នៅភ្នំបាត ស្ថិតនៅខេត្តលណ្តាល និងនៅទួលសំបូរជាយរាជធានីភ្នំពេញ។
ហូលហេតុដែលប្រជាពលរដ្ឋបុរីកីឡាត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន ហើយកំពុងតែរស់តាមកាំជណ្តើរ និងគំនរសំរាមនៅក្បែរអគារបុរីកីឡាដោយសារក្រុមហ៊ុនមិនបានធ្វើអគារចំនួន ១០តាមកិច្ចសន្យានោះទេ គឺបានធ្វើតែចំនួន ៨ អគារ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមិនបានឡើងទៅរស់នៅលើអគារថ្មី ៕