ពលរដ្ឋមានជម្លោះជំរុញឲ្យអភិបាលរាជធានីថ្មី ដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ប្រជាពលរដ្ឋបឹងកក់ បុរីកីឡា និងថ្មគោលបានប្រមូលផ្ដុំគ្នាសាជាថ្មីនៅមុខសាលារាជធានីកាលពី ដើម្បីស្នើសុំនិងជំរុញឲ្យអភិបាលរាជធានីថ្មីលោក ប៉ា សុជាតិវង្ស ជួយដោះស្រាយបញ្ហាដីធ្លីរបស់គាត់ឲ្យបានឆាប់។
នេះជាលើកទីពីរ ហើយដែលក្រុមអ្នកភូមិរងគ្រោះក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងរាជធានីទាំងនេះ បាននាំគ្នាមកប្រមូលផ្ដុំនៅមុខសាលារាជធានីចាប់តាំងពី លោក ប៉ា សុជាតិវង្ស បានឡើងកាន់តំណែងជាអភិបាលរាជធានីជំនួសលោក កែប ជុតិមា។
អ្នកភូមិបឹងកក់ បាននាំគ្នាលាតបដា ដែលមានបោះពុម្ព នូវឯកសារថតចម្លងអនុក្រឹត្យលេខ១៨៣ស្ដីពី«ការកែសម្រួលក្រឡាផ្ទៃ ដីតំបន់អភិវឌ្ឍបឹងកក់»ដាក់បង្ហាញជាសាធារណៈ នៅមុខច្រកទ្វារចូលសាលារាជធានីនិងបានស្រែកអំពាវនាវសូមឲ្យ អាជ្ញាធរជាពិសេសលោកអភិបាលរាជធានីដែលទើបឡើងកាន់តំណែងថ្មីជួយ ពន្លឿនការដោះស្រាយនូវបញ្ហាវិវាទរបស់ពួកគេ។
តាមការអះអាងរបស់តំណាងប្រជាពលរដ្ឋ ដែលត្រូវបានលោក ប៉ា សុជាតិវង្ស អនុញ្ញាតឲ្យចូលជួប ដើម្បីពិភាក្សា បានឲ្យដឹងថា នៅចុងខែឧសភានេះលោកអភិបាលរាជធានី នឹងចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ដែលមានជម្លោះ ដើម្បីសិក្សាស្វែងយល់ពីការរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការដោះស្រាយ៕