កម្មកររោងចក្រសាប្រីណា ដួលសន្លប់បន្តបន្ទាប់ជាច្រើននាក់
ព្រឹកថ្ងៃទី៤ មេសា ២០១២ នៅវេលាម៉ោងជាង ១១ កម្មករជាច្រើនាក់ នៃរោងចក្រកាត់ដេរយីហោ សាប្រីណា ដែលមានទីតាំងស្ថិតនៅភូមិសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានដួលសន្លប់ជាបន្តបន្ទាប់។ ចំពោះករណីកម្មការិនីដួលសន្លប់នេះ មិនទាន់មានការបញ្ជាក់ណាមួយអំពីមូលហេតុពិតប្រាកដពីមន្ត្រីជំនាញឡើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក អោ វ៉ាន់ថេន បានឲ្យដឹងថា ចំនួនកម្មករដែលចូលមន្ទីរពេទ្យទាំងអស់មាន ១៣៥នាក់ មានមួយចំនួនខ្វះជាតិស្ករ មួយចំនួនភ័យខ្លាច តក់ស្លត់ ដោយក្នុងនោះអ្នកដែលសន្លប់ពិតប្រាកដមានចំនួនតិចតួចទេ ចំណែកមូលហេតុនៅមិនទាន់រកឃើញទេ។
តាមការពិតទៅ វាមានមូលហេតុមួយចំនួនខ្វះជាតិស្ករ មួយចំនួនចាញ់ក្លិនថ្នាំដែលគេលាប (នៅជាន់ក្រោម) វាអាចធ្វើអោយអ្នកខ្លះចាញ់ក្លិនថ្នាំលាបនោះ ហើយធ្វើអោយមានប្រតិកម្ម ពិបាកដង្ហើម ធ្វើអោយដួលម្នាក់ពីរនាក់ វាធ្វើអោយដួលតគ្នាទៅ។
ប្រភពព័ត៌មានពីកម្មករម្នាក់ដែលបំរើការងារក្នុងរោងចក្រ សាប្រីណា បានឲ្យដឹងថា ក្រោយពីឃើញអ្នកសន្លប់កាន់តែច្រើននោះថៅកែបាន អនុញ្ញាតឲ្យកម្មករ ការីនីទាំងអស់ចាកចេញពីអាគារធ្វើការងារ ឈប់សំរាកបណ្ដោះអាសន្ន ព្រោះព្រួយបារម្ភវាកាន់តែធ្ងន់ធ្ងរជាងនេះ។
ចំណែកលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា មានកម្មករជាច្រើនបានដួលសន្លប់ នៅក្នុងរោងចក្រកាត់ដេរយីហោ សាប្រីណា ហើយចំពោះចំនួនប៉ុន្មាននោះ លោកមិនទាន់ដឹងដែរ។ ប៉ុន្តែលោកសន្និដ្ឋានថា ការដួលសន្លប់នេះ ប្រហែលមកពីថ្នាំដែលគេបាញ់ការពារសត្វល្អិត កុំអោយកាត់ក្រណាត់៕