បក្សសង្គ្រោះជាតិ គ្រោងបញ្ជូនឈ្មោះលោក សម រង្ស៊ី ទៅកាន់មណ្ឌល កណ្ដាល
Cambodia News
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការយឺតយូរមិនទាន់បញ្ជូនគណបក្ស និង បញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិថ្ងៃទី ២៨ កក្កដា ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺដោយសារតែជាប់រវល់ពិចារណារៀបចំបញ្ជីឈ្មោះ ហើយអ្វីដែលជាភាពស្មុគ្រស្មាញ សម្រាប់ពេលនេះ គឺការដាក់ឈ្មោះលោក សម រង្ស៊ី ប្រធានគណបក្សនេះ ទៅកាន់មណ្ឌលខេត្ត កណ្ដាល ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញាប្ញទ្ធិ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា «ឈ្មោះរបស់លោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងការពិភាក្សា និង សម្រេចនេះជាមូលហេតុចម្បងមួយ ថា គួរដាក់ឬ មិនគួរដាក់ ហើយបើដាក់ភាគច្រើនដាក់នៅខេត្តកណ្ដាល»។
លោក សម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការកម្ពុជាកាត់ឲ្យជាប់ទោសជាង១០ឆ្នាំ ពាក់ព័ន្ធសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ។ តាមច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា អ្នកដែលមានទោសពុំត្រូវបានអនុញ្ញាតិ ឲ្យបោះឆ្នោត ឬ ឈរឈ្មោះឲ្យគេបោះឆ្នោតឡើយ ៕