បុរសម្នាក់យកកាំភ្លើងភ្ជង់ ប្តីប្រពន្ធពីរនាក់ ឲ្យលុតជង្គង់សុំទោសខ្លួន
Cambodia News
ភ្នំពេញ៖ កាល ពីវេលាម៉ោង ១០នឹង៥នាទីយប់ ថ្ងៃទី៩ ឧសភា បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បានយកកាំភ្លើងមកភ្ជង់ប្តីប្រពន្ធពីរនាក់ ឲ្យលុតជង្គង់សុំទោសខ្លួន នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយបុរសរូបនោះ ក៏បានបើករថយន្ត រត់គេចខ្លួនភ្លាមៗ ដោយសារ ហេតុការណ៍នេះមានភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
តាមប្រភពព័ត៌មាន ពីប្តីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ បានទៅចូលបន្ទប់ទឹក នៅការាស់សាំង កាល់តិច ដើម្បីបត់ជើងតូច ខណៈនោះ ក៏បានទាស់សម្តីគ្នា បន្តិចបន្តួច ជាមួយស្ត្រីម្នាក់ ដែលត្រូវជាសង្សា របស់បុរស ដែលបានយកកាំភ្លើង មកភ្ជង់គាត់ពីរនាក់ប្តីប្រពន្ធ។
ក្រោយពេល កើតហេតុ បុរសនោះបានឡើង ជិះរថយន្តរត់គេចខ្លួន វិញបាត់ ដោយបន្សល់ទុកតែស្រីស្នេហ៍ របស់ខ្លួននៅកន្លែងកើតហេតុ កំពុងចោទប្រកាន់ គ្នាទៅវិញទៅមក ចំពោះការរករឿង បង្កបញ្ហាដាក់គ្នាមុន ជាមួយនិងប្តីប្រពន្ធពីរនាក់ខាងលើ។ ដោយឡែកសមត្ថកិច្ចនឹងដោះស្រាយបញ្ហានេះយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ ព្រោះសមត្ថកិច្ច កំពុងធ្វើការសាកសួរ ភាគីទាំងសងខាង៕ ហេង នាង