ធនាគារជាតិចិនបិទគណនីកូរ៉េខាងជើង តាមសំណើអាមេរិក
គណនីមួយ ដែលជាឃ្លាំងប្រាក់ដ៏សំខាន់ សម្រាប់ផ្តោះប្តូរពាណិជ្ជកម្មក្រៅប្រទេស របស់កូរ៉េខាងជើងត្រូវបានធនាគារជាតិចិន បិទលែងឱ្យដំណើរការ។ នេះបើយោងតាមភ្នាក់ងារហិរញ្ញវត្ថុ Dow Jones នៅថ្ងៃអង្គារទី ៧ ឧសភាម្សិលមិញ។ ជាវិធានការពិសេសមួយរបស់ចិន ដែលសំដៅដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើរបបព្យុងយ៉ាង ព្រោះបើតាមសហរដ្ឋអាមេរិក ធនាគារពាណិជ្ជ កម្មនាំចេញកូរ៉េខាងជើងនេះ ជាប្រភពផ្តល់ហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។
ប្រទេស ចិន ដែលសហគមន៍អន្តរជាតិ និងបស្ចិមប្រទេសធ្លាប់រិះគន់ពីជំហរគាំទ្រកូរ៉េខាងជើង មិនព្រមសម្រេចដាក់ទណ្ឌកម្មអ្វីមួយលើរបបក្រុងព្យុងយ៉ាង នៅទីបំផុត បានសម្តែងកាយវិការសហប្រតិបត្តិការ យ៉ាងកក់ក្តៅជាមួយនឹងសហរដ្ឋអាមេរិក ក្នុងការមួលបន្តឹងហិរញ្ញវត្ថុលើរបបព្យុងយ៉ាង ដោយបានប្រកាសបិទគណនីនៃធនាគារពាណិជ្ជកម្មក្រៅប្រទេសកូរ៉េខាងជើង ដែលជាធនាគារផ្តោះប្តូរប្រាក់ដ៏សំខាន់ ចេញពីធនាគារជាតិចិន។
ការបិទគណនីរបស់ក្រុងព្យុងយ៉ាង ក្នុងទិសដៅផ្តាច់ប្រភពចំណូលនេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។ ក្រៅពីលោក ប្រមុខការទូត ចន ឃែរី ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក មានអាទិ៍ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបន្ទុកស៊ើបការណ៍ហិរញ្ញវត្ថុនិង ប្រយុទ្ធប្រឆាំងភេរវនិយម -តំណាងការទូតទទួលបន្ទុកដាក់ទណ្ឌកម្មរបស់អាមេរិក បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំង ជាបន្តបន្ទាប់ កាលពីខែមីនា និងមេសា ដើម្បីបញ្ចុះបញ្ចូលចិនឱ្យដំឡើងសំឡេងដាក់កូរ៉េខាងជើង។ សហរដ្ឋអាមេរិក បានសម្រេចអនុវត្តវិធានការនេះ តាំងពីខែមីនាមក ធនាគារពាណិជ្ជកម្មក្រៅប្រទេសកូរ៉េខាងជើង បានចូលក្នុងបញ្ជីខ្មៅ លែងឱ្យសកម្មភាពនៅសហរដ្ឋអាមេរិក និងទ្រព្យក្នុងធនាគារនេះត្រូវផ្អាប់ទុក។
ដំណឹងបិទធនាគារកូរ៉េខាងជើងនេះ ធ្វើឡើងក្នុងខណៈដែលសម្ពាធតានតឹងនៅឧបទ្វីបកូរ៉េហាក់ស្រកចុះ បន្តិច ដ្បិតកូរ៉េខាងជើង ទើបបានលើកគ្រាប់មីស៊ីលពីគ្រាប់ចូលទុកក្នុងឃ្លាំងវិញ។ ប៉ុន្តែកូរ៉េខាងជើងនៅតែបន្តចោលពាក្យគំរាមកំហែងកូរ៉េខាងត្បូងទៀត នៅថ្ងៃម្សិលមិញ។ ពាក្យគំរាមកំហែង ដែលវ៉ាស៊ីនតោន និងសេអូល ចាត់ទុកថា គ្មានបានការ និងមិនអាចធ្វើអាមេរិកប្តូរចិត្តទៅចងសម្ព័ន្ធភាពជាមួយឡើយ ! នេះជាប្រសាសន៍របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅចំពោះមុខសមភាគី លោកស្រី ប៉ាក់គុនហឺ ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាឱកាសខួប៦០ឆ្នាំនៃចំណងមិត្តភាពអាមេរិក-កូរ៉េខាងត្បូង៕ដោយ អៀង សុខម៉ិញ (RFI)