លទ្ធផលខ្លះៗនៃកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី៣
ភ្នំពេញ: នៅព្រឹកថ្ងៃទី៤ មេសា ២០១២ នេះ លោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស បានថ្លែងនៅវិមានមិត្តភាព នៃទីស្ដីការ គណៈរដ្ឋមន្រ្តី និងសហប្រតិបត្តិការអន្តរជាតិថា កិច្ចប្រជុំកំពូលអាស៊ានបានធ្វើឡើងតាមរបៀបវារៈដែលបានគ្រោងទុក និងមានការពិភាក្សាគ្នាខ្លះដែរ អំពីបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមិនបានលើកឡើងលម្អិតទេ។
នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានបានពិភាក្សាគ្នាអំពីតំបន់អាស៊ានដែលគ្មាន គ្រឿងញៀន ហើយក៏នឹងមានកិច្ចប្រជុំចង្អៀត ដែលមានរបៀបវារៈចំនួន៣ គឺទី១ ផ្លាស់ប្ដូរមតិទៅលើបញ្ហាតំបន់និងអន្តរជាតិ ទី២ បញ្ហាការតាមដាននិងការអនុវត្តCOC និងទី៣ កិច្ចសន្ទនាពិភពលោកអាស៊ាន។
ក្រោយកិច្ចប្រជុំអាស៊ានត្រូវបានបញ្ចប់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន នឹងធ្វើសន្និសីទកាសែតបង្ហាញពីលទ្ធផលដែលបានប្រជុំកន្លងមក៕