ប៉េកាំង​បញ្ជូន​នាវា​នេសាទ​៣០​គ្រឿង​ទៅ​ប្រជុំ​កោះ​ជាប់​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង

រដូវ​នេសាទ​មក​ដល់ ចិន​បាន​បញ្ជូន​​នាវា​នេសាទ​ ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន ទៅ​កាន់​ប្រជុំ​កោះ​Spratleys នៃ​​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ជាប់​ជម្លោះ​​ជាមួយ​ប្រទេស​ជិត​ខាង និង​ដែល​ជា​ប្រភព​​​តាន​តឹង​ក្នុង​តំបន់​មួយ​រយៈ​ពេល​ចុងក្រោយនេះ។ ជា​​នាវាចុះ​ទៅ​នេសាទមែន ប៉ុន្តែ​មាន​អម​ដំណើរ​ដោយ​​នាវា​ផ្ទុក​ប្រេង​ផង និង​នាវា​យោធាការពារ​ពី​ក្រោយ​ទៀត។

នាវានេសាទ​ដែលមាន​សមត្ថភាព​​ផ្ទុក​មច្ឆា​បានប្រមាណជាង​ ​១០០​តោន ចំនួន​៣០​គ្រឿង​បាន​ចាក​ចេញពី​កំពង់​ផៃ​ Danzhou ភាគ​ខាង​ត្បូង​ហៃណាន់ សំដៅ​ប្រជុំ​កោះ​Spratleys ឬ​ណង់ស្ហា ជាភាសា​ចិន នៃ​​សមុទ្ទ​ចិន​ខាង​ត្បូង ដើម្បី​ប្រមូល​ផល​នេសាទ។ ហើយ​ដោយ​ហេតុ​តែ​ប្រជុំ​កោះ​Spratleys ​មាន​ជាប់​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ក្រុង​ប៉េកាំង​បាន​ប្រើ​មធ្យោបាយធំ ដោយ​បញ្ជូន​នាវា​យោធា​ មានកង​អង្គរក្ស​ទៅ​ការពារ និង​នាវាផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ ៤៥០០​តោន​ទៅ​អម​យុទ្ធនាការ​នេសាទ ៤០​ថ្ងៃ។

ប្រជុំ​កោះ ​Spratleys ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​កូន​កោះ​តូចៗ​ជាង​មួយ​រយ និង​សម្បូរ​ទៅ​ដោយ​ធនធាន​មច្ឆា ព្រមទាំង​ឧស្ម័ន​ក្រោម​ដី​ផង ត្រូវ​បាន​ប្រទេស​ជិតខាង មាន​ជាអាទិ៍ តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ ជាពិសេស​ វៀតណាម និង​ហ្វីលីពីន ទាមទារ មួយ​ចំណែក ឬ​ទាំង​ស្រុង​ ថា​ជាអធិបតេយ្យ​របស់​ខ្លួន។ រាល់​រដូវ​​​នេសាទ ប្រទេស​ជាប់​ជម្លោះ​ទាំងនេះ​ – ផ្តើម​ដោយ​ប្រទេស​ចិន- ​តែង​បញ្ជូន​​នាវា​យោធា​ទៅ​ជាមួយ​ ដើម្បី​​ការពារដែន​ទឹក​ជា​បូរណភាព​ជាតិ រៀងៗខ្លួន។

កាលពី​ឆ្នាំ​២០១២ អ្នក​នេសាទ​វៀតណាម​២១​នាក់​ត្រូវ​បាន​យោធា​ចិន​ចាប់​ខ្លួន។ ចិន​និង​វៀតណាម ប៉ះទង្គិច​ខាង​ប្រដាប់​អាវុធ​រវាង ​ ក្នុង​តំបន់​នេះ​ កាលពី​ឆ្នាំ​១៩៨៨។ ហ្វីលីពីន​និង​វៀតណាម​បាន​ចោទ​ប្រកាន់​ក្រុង​ប៉េកាំង​ ថា​​មាន​មហិច្ឆតា​វាតទី​ និង​ឈ្លានពាន​គំរាម​កំហែង​អ្នក​នេសាទរបស់​ខ្លួន​។ កញ្ចប់​ថវិកា​ជាតិ​ផ្នែក​សន្តិសុខ​ដែន​ទឹក​ របស់​បណ្តា​ប្រទេស​ជាប់​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង សុទ្ធ​តែ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ នៅ​ឯ​សមុទ្ទ​ចិន​ខាង​កើត​វិញ ចិន​ក៏​កំពុង​មាន​ជម្លោះ​ខ្លាំង​ជាមួយ​ជប៉ុន នាវាល្បាត​ ឬ​យន្តហោះ​ចម្បាំង​​ប្រទេស​ទាំង​ពីរ​ បង្អួត​គ្នា​យ៉ាង​គ្រោះ​ថ្នាក់​បំផុត៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close