ពាក្យសន្យា​​​​ដែល​​ប្រធានាធិបតី​​បារាំង​​មិន​​បាន​​គោរព​​

នៅ​ប្រទេស​បារាំង​ ថ្ងៃចន្ទ​ទី​៦​ ឧសភា​នេះ គឺ​ជា​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឡើង​កាន់តំណែង​ជា​ប្រធានា ធិបតី​របស់​លោក François Hollande។ លោក François Hollande ធ្លាប់​បាន​សន្យា​ថា នៅ​ឆ្នាំ​២០០១៣នេះ​ ​​​រដ្ឋាភិបាល​នឹង​ធ្វើ​អោយ​ឧនភាពថវិកា​​ធ្លាក់​ចុះ​​ក្រោម​កម្រិត​៣ភាគរយ។ ​​​​ឥលូវ​នេះ ឆ្នាំ​២០១៣ហើយ​​​ វិបត្តិ​សេដ្ឋកិច្ច​​ក្នុង​ប្រទេស​​នៅ​តែ​បន្ត​មាន។ រោងចក្រ​ជាច្រើន​​បាន​បិទទ្វារ​ ហើយពាក្យសន្យា​ជាច្រើន​ទៀត​របស់​ប្រធានាធិបតី​បារាំង​ក៏​មិន​ត្រូវ​បាន​គោរព ​ដូច​ជា​ការ​គ្រោង​ទុក​នោះ​ដែរ។

សំរាប់​​ខួបមួយ​ឆ្នាំ​​នៃ​ការ​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​​បារាំង​ នៅ​ថ្ងៃ​ចន្ទ​នេះ លោក François Hollande បាន​​​កោះ​ហៅ​​រដ្ឋមន្ត្រី​ទាំង​៣៧​នាក់​របស់​លោក អោយ​មក​​ជុំ​គ្នា​នៅ​​​ក្នុង​សិក្ខា សាលា​​បូកសរុប​ការងារ​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​គ្នា​លើ​កំណែ​ទម្រង់​ដែល​បារាំង​ត្រូវ​ធ្វើ​ក្នុង​ពេល​ បន្តទៅទៀត​នោះ។

លោក François Hollande មិន​បាន​ជប់លៀង​អបអរ​ថ្ងៃ​ខួបនេះ​ទេ ព្រោះថា​រដ្ឋាភិបាល​បារាំង​នៅតែ​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដដែល។ ពាក្យសន្យារបស់​ប្រធានាធិបតី​បារាំង​ថា​​​កាត់​បន្ថយ​​ឧនភាពថវិកា​​​អោយ​​ ធ្លាក់​​​ក្រោម​កម្រិត​៣ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក អោយបាន​​ដាច់ខាត​នៅ​ឆ្នាំ​២០១៣​នេះ មិនត្រូវ​​បាន​គោរព​ដូច​​​ការ​គ្រោង​ទុក​នោះ​ទេ។ ពិតណាស់​ថា​ លោក ហូឡង់​បានគោរព​សន្យា​ដោយ​បានធ្វើការ​​​​​​ចរចា​ឡើងវិញ​​លើ​កាតិកា​សញ្ញា​ ថវិកា​អឺរ៉ុប​ ​ដែល​​​ចុះ​ហត្ថលេខា​​ដោយ​អតីត​ប្រធានាធិបតីបារាំង​​ Nicolas Sarkozy។ ប៉ុន្តែ​នៅទីបញ្ចប់ លោក​មិន​បាន​ផ្លាស់​ប្តូរ​ទិសដៅ​នយោបាយ​​​អឺរ៉ុប​នោះ​ទេ។ បារាំង​​នឹង​​បន្ត​​គោលនយោបាយ​ត្បិតត្បៀត​ថវិកា​ចាយវាយ ​​​ដើម្បី​ដោះស្រាយ​​បញ្ហាសេដ្ឋកិច្ច​ ដោយ​ចៀស​មិនរួច។​  ​

លើស​ពី​នេះ សហភាព​អឺរ៉ុប​បាន​​រំពឹង​ទុក​ថា​ នៅ​ឆ្នាំ​២០១៤ខាងមុខ​ អត្រា​អ្នកគ្មានការងារធ្វើ​នៅ​បារាំង នឹង​​​បន្ត​កើន​ឡើង​​​​​ថែម​ទៀត។ ​​សំរាប់​ចុង​ត្រីមាស​​ឆ្នាំ២០១២​ កន្លង​ទៅ​ អត្រាអ្នកគ្មាន​ការងារ​ធ្វើ​​​​​មានជាង​​​១០​ភាគរយ​នៃ​ប្រជាជន​សកម្ម។ ទន្ទឹមនេះ​ដែរ ការសន្យាកន្លង​មក ​ថា​អនុញ្ញាត​​អោយ​ជនបរទេស​បាន​បោះឆ្នោត​ក៏​​ត្រូវ​បាន​រលាយ​​ខ្សុល​ផងដែរ ដោយសារ​តែ​សមាសភាពភាគច្រើន​នៅ​រដ្ឋ​សភា​​​​​​​​​បាន​ជំទាស់។

តែ​ក្នុង​មួយ​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ប៉ុណ្ណោះ ប្រជាប្រិយភាពរបស់​​ប្រធានាធិបតី​បារាំង​បាន​ធ្លាក់ចុះ​ខ្លាំង។ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ទីក្រុង​ប៉ារីស ប្រជាជន​បារាំង​រាប់​ម៉ឺននាក់​​បាន​ចុះ​បាតុកម្ម​​ ទៅ​តា​ម​សំណូមពរ​​របស់​គណបក្ស​ឆ្វេង​និយម​ជ្រុល​មួយ​ ដែល​បាន​​រិះគន់​រដ្ឋាភិបាល​បារាំង​ថា មិន​គោរព​ពាក្យសន្យា។ លើស​ពីនេះ គេ​ក៏​សង្កេត​ឃើញផងដែរ​នូវ​​​បាតុកម្ម​របស់​​ប្រជាជន​​បារាំង​រាប់​ពាន់​ នាក់​ផ្សេង​ទៀត ដែល​​មិន​ពេញ​ចិត្ត​នឹង​សភា​ដែល​​ទើប​អនុម័ត​ច្បាប់​​អោយ​​​​អ្នក​មាន​ភេទ​ ដូច​គ្នា​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា។​​ ​

នៅ​ចំពោះ​មុខ​​​ការរិះគន់​​ទាំង​អស់​នេះ​ នាយករដ្ឋមន្ត្រីបារាំង លោក​​ Jean Marc Ayrault បាន​ប្រាប់​ថា​ រដ្ឋាភិបាល​​​​បាន​ដាក់​កំហិតរួច​​អស់​ហើយ បើទោះ​ជា​មាន​ការ​លំបាក​ក្តី។ ហើយ​​នៅពេល​ខាង​មុខ​​នេះ ដើម្បី​លើកកំពស់​សេដ្ឋកិច្ច រដ្ឋបារាំង​​​​​នឹង​បន្ថយ​វត្តមាន​របស់​ខ្លួន​​​ក្នុង​សហគ្រាស​សាធារណៈ​មួយ​ ចំនួន៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close