គណបក្ស​កាន់អំណាច​នៅ​ម៉ាឡេស៊ី​ឈ្នះឆ្នោត​សាជាថ្មី​

នៅ​ប្រទេស​ម៉ាឡេស៊ី ការ​បោះ​ឆ្នោត​សភា​ដែល​បាន​ប្រព្រិត្តិ​ទៅ ​​កាលពី​ថ្ងៃ​អាទិត្យ​ម្សិល មិញ​នេះ បាន​ផ្តល់​ជោគជ័យ​សាជាថ្មី​ដល់​គណបក្ស​កាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី​ Najib Razak។ បក្ស​កាន់អំណាចដែល​​បាន​​​​ដឹកនាំ​ប្រទេស​ជាង​៥៦​ឆ្នាំ​​មក​ហើយ​នោះ ​ទទួល​បាន​​អាសនៈ​សភា​ចំនួន​ ១៣៣ ឈ្នះ​លើ​គណបក្ស​ប្រឆាំង​របស់​លោក Anwar Ibrahim ដែល​ទទួល​បាន​អាសនៈ​៨៩។ គណបក្ស​ប្រឆាំង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​​​ចោទ​បក្ស​កាន់​អំណាច​ថា​​ ធ្វើផ្ទុយ​ពី​ច្បាប់​ដោយ​អនុញ្ញាត​អោយ​ជនបរទេស​បាន​បោះ​ឆ្នោត​។

គណបក្ស​​អង្គការ​ឯកភាព​ជាតិ​​ម៉ាឡេស៊ី​​​​ហៅ​កាត់​ថា UMNO ដែល​ជា​គណបក្ស​កាន់​អំណាច​​របស់​​នាយករដ្ឋមន្ត្រី​ Najib Razak បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ នៅ​ម៉ាឡេស៊ី ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ទទួល​បានអាសនៈ​១៣៣ ឈ្នះ​លើ​គណបក្ស​ប្រឆាំង​របស់​លោក Anwar Ibrahim ដែល​ទទួល​បាន​អាសនៈ​៨៩។

ប៉ុន្តែ ជោគជ័យ​របស់​​​​បក្ស​កាន់អំណាច UMNO ​​គ្រាន់តែ​​ជា​ជោគជ័យ​ដ៏​ស្តួចស្តើង​ប៉ុណ្ណោះ ព្រោះ​ថា​​​​​បក្ស​កាន់អំណាច​​បាន​បាត់​អាសនៈ​ចំនួន​២។ រីឯ​គណបក្ស​ប្រឆាំង​​បាន​ទទួល​អាសនៈ​​១៤​បន្ថែម​ទៀត បើប្រៀប​ទៅ​នឹង​អាសនៈ​នៅក្នុង​រដ្ឋាភិបាល​ចាស់​ដែល​មាន​៧៥​អាសនៈ។​​ ​​ក្នុង​ការ​​បោះ​ឆ្នោត​សភា​​​ឆ្នាំ​២០០៨ កន្លង​មក គណបក្ស​​កាន់អំណាច​ UMNO ​មិនបាន​ទទួល​សន្លឹក​ឆ្នោត​ដល់​ទៅ​ពីរភាគបី​នោះទេ។ យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាលចំរុះ​​ម៉ាឡេស៊ី​ ប្រសិន​បើ​​បក្ស​ UMNO ​​នៅតែ​បន្ត​​​ធ្លាក់ចុះ​នោះ នាយក​រដ្ឋមន្ត្រី​​ Najib Razak អាច​នឹង​លាចុះ​ពី​តំណែង​​យ៉ាងយូរ​​នៅ​ដំណាច់​ឆ្នាំ​២០១៣​នេះ​។ បច្ចុប្បន្ន​នេះ លោក​ Najib Razak មិន​សូវ​ជា​មាន​អំណាច​ដូច​ជា​ពេល​មុន​នោះ​ទេ។ នៅ​ថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​សុំ​អោយ​មាន​ការ​បង្រួបង្រួម​ជាតិ ហើយ​ប្រាប់​ថា​លោក​នឹង​បំពេញ​កិច្ចការ​នយោបាយ​​ក្នុង​បែបផែន​​​ផ្សះផ្សារ​ ជាតិ។

ដោយឡែក គណបក្ស​ប្រឆាំង​របស់​លោក Anwar Ibrahim បាន​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដោយ​ចោទ​គណបក្ស​កាន់​អំណាច​ថា​​ ​​អនុញ្ញាត​អោយ​ជនបរទេស​បាន​បោះ​ឆ្នោត​​​ផ្ទុយ​ពី​ច្បាប់​។ លើសពី​នេះ គណបក្ស​ប្រឆាំង​ក៏បាន​ចោទ​គណៈ​កម្មការ​​រៀបចំការ​បោះ​ឆ្នោតផងដែរ​ ​​ថាបាន​​លួច​សន្លឹក​ឆ្នោត​ពី​ប្រជាជន​។ យោងតាម​សាក្សី​ជាច្រើន​ ទឹក​ខ្មៅ​ដែល​ប្រើ​​សំរាប់​សម្គាល់​ម្រាមដៃ​បោះ​ឆ្នោត​​ ងាយស្រួល​​នឹង​រលុបបាត់។ ដូច្នេះ វាធ្វើ​អោយ​អ្នកបោះ​ឆ្នោត​ម្នាក់ ​អាច​បោះ​ឆ្នោតបាន​ច្រើនដងទៀត។ ​

ទោះ​ជា​មាន​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោតក្តី យោង​តាម​អ្នកវិភាគ​នានា បក្ស​ប្រឆាំង​ពិបាក​នឹង​តវ៉ា​ដើម្បី​ប្តូរ​ជ័យជំនះ​របស់​បក្ស​កាន់អំណាច​ ណាស់។ បក្ស​ប្រឆាំង​អាច​ត្រឹម​តែ​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ​​​ប៉ុណ្ណោះ។ មេដឹកនាំ​បក្ស​ប្រឆាំង​ Ibrahim ​ដែល​មាន​អាយុ​៦៥​ឆ្នាំ​ និង​មាន​សុខភាព​មិន​សូវ​ជា​អំណោយ​ផល​​​នោះ​​ធ្លាប់​បាន​ប្រាប់​ថា លោក​​នឹង​ដកខ្លួនថយ​​​ពី​ឆាក នយោបាយជាតិ​ ​ប្រសិន​​បើ​លោក​មិន​អាច​​​​​​កាន់តំណែង​ជា​មេដឹកនាំ​ប្រទេស​ទេនោះ។
ប្រជាជនម៉ាឡេស៊ី​​៨០ភាគរយ​​ក្នុង​ចំណោម​​អ្នកចុះ​ឈ្មោះ​បោះឆ្នោត​ជាង​១៣​លាន ​នាក់ ​បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នេះ​ជា​អត្រា​​មួយ​ដ៏​ខ្ពស់​បំផុត៕ ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close