អ៊ីស្រាអែល​ធ្វើការ​វាយប្រហារ​តាមផ្លូវ​អាកាស​សាជាថ្មី​លើ​ស៊ីរី

នៅព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ​នេះ យន្តហោះចម្បាំង​អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​​សាជាថ្មី ទៀត ទៅលើ​​​ទីតាំង​យោធា ក្នុង​ទឹកដី​ស៊ីរី។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​ជាតិ​ស៊ីរី និង​តាម​ការ​បញ្ជាក់​ឲ្យដឹង​ពី​ប្រភព​រដ្ឋាភិបាល​អ៊ីស្រាអែល​ខ្លួនឯង​ ផ្ទាល់។ ការវាយប្រហារ​តាម ផ្លូវ​អាកាស នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ ធ្វើឡើង នៅក្បែរ​ទីក្រុង​ដាម៉ាស់ រដ្ឋធានី​របស់​ស៊ីរី។

ទីតាំង​យោធា ដែល​ទទួលរងនូវ​ការ​វាយប្រហារ​ នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ​នេះ គឺ​រួមមាន មន្ទីរ ពិសោធន៍​យោធា​ស៊ីរី ឈ្មោះ Jamraya ដែល​បណ្តា​ប្រទេស​លោកខាងលិច​​សង្ស័យ​ថា ជា​ទីតាំង​ផលិត​អាវុធ​គីមី​ ព្រមទាំង​ទីតាំង​យោធា​មួយចំនួន​ផ្សេងទៀត។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ីរី​បាន​អះអាង​ដោយ​ដកស្រង់​សម្តី​ សាក្សី ដែល​នៅ​កន្លែង​កើត​​ថា នៅ​ពេល​មាន​ការ​វាយប្រហារ​នោះ គេឃើញ​មាន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះកាត់ពីលើ។​ អង្គការ​សិទ្ធិមនុស្ស​នេះ​ក៏​បាន​អះអាង​ផងដែរ​ថា បើ​មើល​ទៅលើ​សមត្ថភាព​ខាង​កងទ័ព​របស់​ក្រុម​ឧទ្ទាម ពួកគេ​ទំនង​ជា​មិនមាន​លទ្ធភាព​ធ្វើ​ការវាយប្រហារ​នេះ​ទេ។

ស្ថានីយ៍ទូរទស្សន៍​ជាតិ​ស៊ីរី​ឯណោះវិញ បាន​ផ្សាយ​ថា ការវាយប្រហារ​​តាមផ្លូវអាកាស​នេះ គឺ​ជា​ស្នាដៃ​របស់​អ៊ីស្រាអែល ហើយ​គោលដៅ​របស់​អ៊ីស្រាអែល គឺ​ចង់​ជួយ​ដល់​ក្រុមឧទ្ទាម ដែល​រដ្ឋាភិបាល​ស៊ីរី​ចាត់ទុកថា​ជា​ក្រុម​ភេរវជន។

រដ្ឋាភិបាល​អ៊ីស្រាអែល​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ជុំវិញ​ព័ត៌មាន ពី​ការ​វាយប្រហារ​ទៅលើ​ទីតាំង​យោធា​របស់​ស៊ីរី​នេះ​។

ក៏ប៉ុន្តែ ប្រភព​ពី​មន្រ្តី​ជាន់ខ្ពស់​អ៊ីស្រាអែល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា យន្តហោះ​អ៊ីស្រាអែល​ពិត​ជា​បាន​ធ្វើការ​វាយប្រហារ​​ទៅលើ​ទីតាំង​ក្បែរ​ រដ្ឋ ធានី​ដាម៉ាស់ នៅ​ព្រឹកមិញ​នេះ​មែន ហើយ​ការ​វាយប្រហារ​នេះ គឺ​សំដៅ​កម្ទេច​គ្រឿងសព្វាវុធ ដែល​ត្រូវ​បាន​ដឹកចេញ​ពី​អ៊ីរ៉ង់ ឆ្លងកាត់​ស៊ីរី ដើម្បី​យក​ទៅ​ឲ្យ​ក្រុម Hezbollah នៅ​លីបង់។ ប្រភព​ពី​មន្រ្តី​អ៊ីស្រាអែល​ដដែល​នេះបាន​បញ្ជាក់ទៀត​ថា កាល​ពីថ្ងៃ​សុក្រ អ៊ីស្រាអែល​​ក៏​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​គ្រឿងសព្វាវុធអ៊ីរ៉ង់ នៅ​ក្នុង​ទឹកដី​ស៊ីរី​នេះ​ដែរ។

អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស៊ីរី​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​​ទូរទស្សន៍​ CNN បាន​ចាត់ទុក​ការ​វាយប្រហារ​ដោយ​យន្តហោះអ៊ីស្រាអែល​នេះ​ថា ជា “​ការ​ប្រកាស​សង្រ្គាម​”។ រដ្ឋាភិបាល​អ៊ីរ៉ង់​វិញ ក៏​បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នេះ​ដែរ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ បញ្ចេញ​ប្រតិកម្ម​តបត​ចំពោះ​ទង្វើ ដែល​អ៊ីរ៉ង់​ចាត់ទុក​ថា ជា​អំពើ​ឈ្លានពាន​របស់​អ៊ីស្រាអែល៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close