អ្នកជំនាញ៖ ការបញ្ជូន​មនុស្ស​ទៅ​ភព​ព្រះអង្គារ​អាច​ធ្វើបាន​ក្នុងពេល​២០ឆ្នាំ​ខាងមុខ

ក្រុមអ្នកជំនាញ​ខាង​អវកាស​មក​ពី​ ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) និង​អ្នកជំនាញ​មក​ពី​វិស័យ ឯកជន​ផ្សេងៗ​ទៀត​បានយល់​ស្របគ្នា​ថា ការ​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះអង្គារ ដែល​ពីមុន​គ្រាន់តែ​ជា​ក្តីស្រម័យ​របស់​មនុស្ស​ជាតិ​នោះ គឺ​ពិត​ជា​អាច​ធ្វើ​ទៅបាន នៅ​ក្នុងរយៈពេល ២០ឆ្នាំ​ខាងមុខ។ ក៏ប៉ុន្តែ បញ្ហាប្រឈម​ខាង​ផ្នែក​បច្ចេកវិទ្យា​​នៅ​មាន​ច្រើន​ទៀត ដែល​គេ​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សាស្រាវជ្រាវ​បន្ថែម ហើយ​ដែល​ត្រូវការ​កញ្ចប់​ថវិកា​ច្រើន។

នៅថ្ងៃ​ចន្ទ​ស្អែក​នេះ ក្រុមអ្នកជំនាញ​​កំពូលៗ​ខាង​អវកាស​ ទាំង​មក​ពី​ស្ថាប័នរដ្ឋ និង​មក​ពី​វិស័យឯកជននឹង​ធ្វើការ​ជួបប្រជុំគ្នានៅ​រដ្ឋធានី​វ៉ាស៊ីងតោន ក្នុង​សន្និសីទ​រយៈពេល ៣ថ្ងៃ ដើម្បី​ ជជែក​ពិភាក្សា​គ្នា អំពី​លទ្ធភាព ក្នុងការ​បញ្ជូន​មនុស្ស​ទៅកាន់​ភពព្រះអង្គារ។ ក្នុង​ចំណោម​អ្នក​ជំនាញ​ទាំងនេះ ក៏​រួមមាន​ អគ្គនាយក​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) និង​លោក Buzz Aldrin ផងដែរ។ លោក Buzz Aldrin ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ព្រះចន្ទ រួមជាមួយ​នឹង​លោក Neil Armstrong កាល​ពី​ឆ្នាំ១៩៦៩ (លោក​ Buzz Aldrin ត្រូវ​បាន​គេ​រាប់ថា​ជាមនុស្ស​ទី២ ដែល​បាន​ឈាន​ជើង​ជាន់ដី​ព្រះចន្ទ ដោយសារ​តែ​លោក​បាន​​​ចេញ​ពី​យាន ក្រោយ​លោក Neil Armstrong)។

គេ​សង្កេតឃើញ​ថា ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចំណាប់អារម្មណ៍​អំពី​ការ​បញ្ជូន​មនុស្ស​ទៅកាន់​ភពព្រះអង្គារ បាន​កើតមាន​ឡើង​កាន់តែ​ខ្លាំង ទាំង​ក្នុង​ចំណោម​អ្នក​វិទ្យា សាស្រ្ត និង​សាធារណជន​ទូទៅ នៅអាមេរិក។ ​ការ​ស្ទាបស្ទង់មតិ កាល​ពី​ខែ​មីនា កន្លងទៅ ថ្មីនេះ បាន​បង្ហាញ​ថា ប្រជាជន​អាមេរិក​ជាង ៧០% រំពឹង​ថា មនុស្ស​ជាតិ​អាច​នឹង​ឈានជើង​ជាន់ដី​ភព​ព្រះអង្គារ​បាន នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បង្កើន​ថវិកា ដល់​ទីភ្នាក់ងារ NASA ដើម្បី​សិក្សា​លើ​គម្រោង​នេះ។

គួរបញ្ជាក់ថា ភពព្រះអង្គារ​មាន​ចម្ងាយ​ពី​ផែនដី ចន្លោះ​ពី ៥៦លាន ទៅ ៤០០​លាន​គីឡូម៉ែត្រ អាស្រ័យ​ទៅតាម​រដូវកាល។ បើពឹងផ្អែក​ទៅលើ​បច្ចេកវិទ្យា​បច្ចុប្បន្ន ការ​ធ្វើ​ដំណើរ​ទៅកាន់​ភពព្រះអង្គារ​នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា ៦ខែ ដោយ​មិនទាន់​គិត​ពី​រយៈពេល​ដែល​ត្រូវ​ចំណាយ​ទៅនោះ និង​រយៈពេល ដែល​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មកវិញ។

ដំណើរ​ដ៏វែងឆ្ងាយ​​​នេះ ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​បច្ចេកវិទ្យា​ធំៗ​ជាច្រើន រួមមាន បរិមាណ និង​ទម្ងន់​នៃ​គ្រឿងចំហេះ ដែល​ចាំបាច់​សម្រាប់​ដំណើរការ​យាន​ទាំងទៅ ទាំងមក និង​បញ្ហា​ទាក់ទង​នឹង​សុខភាព​​ទាំងខាង​ផ្លូវកាយ និង​​ផ្លូវចិត្ត ​របស់​អវកាសយានិក ដែល​ត្រូវ​ចំណាយ​ពេលរាប់ខែ នៅ​ក្នុង​ទីអវកាស​។

ក៏ប៉ុន្តែ ក្រុមអ្នកជំនាញ​អវកាស​​ជាទូទៅ​បាន​យល់ឃើញ​ដូចៗ​គ្នាថា បញ្ហា​ប្រឈម​ខាង​បច្ចេក វិទ្យា​ទាំង​ប៉ុន្មាន​ខាងលើនេះជា​បញ្ហាដែល​គេ​អាច​ស្វែងរក​ដំណោះស្រាយ​បាន ហើយ​ថា ការ​បញ្ជូន​ មនុស្ស​ទៅ​កាន់​ភពព្រះអង្គារ​នេះ​​ អាច​នឹង​ធ្វើ​ទៅបាន នៅ​ក្នុងរយៈពេល ២០ឆ្នាំ​ទៀត ប្រសិនបើ​យើង​ចាប់ផ្តើម​អនុវត្ត​គម្រោង នៅ​ពេល​នេះ។

បញ្ហា​​ដែល​ចោទនៅ​ក្នុង​ការ​សិក្សា និង​អនុវត្ត​គម្រោង​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះ អង្គារ​នេះ គឺ​បញ្ហា​ថវិកា។ វិបត្តិ​សេដ្ឋកិច្ច​បាន​ជំរុញ​ឲ្យ​អាមេរិក​កាត់បន្ថយការ​ចំណាយ​សាធារណៈ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ក្នុងនោះ ក៏​រួមមាន​​ថវិកា​របស់​ទីភ្នាក់ងារ NASA ផងដែរ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទីភ្នាក់ងារ NASA ទទួល​បាន​កញ្ចប់​ថវិកា​តែ ០,៥%​ប៉ុណ្ណោះ នៃ​ ថវិកា​សរុប​របស់​រដ្ឋាភិបាល​អាមេរិក ធៀប​ទៅនឹង ៤% កាល​ពី​ក្នុង​អំឡុង​គម្រោង Apollo ទៅកាន់​ព្រះចន្ទ នាទសវត្សរ៍​ឆ្នាំ​៦០៕ដោយ សេង ឌីណា​(RFI)

Related Articles

Back to top button
Close
Close