កូរ៉េខាងជើងកាត់ទោសពលរដ្ឋអាមេរិកដាក់ក្នុងជំរំលត់ដំរយៈពេល១៥ឆ្នាំ
កូរ៉េខាងជើងបានកាត់ទោសពលរដ្ឋអាមេរិក ម្នាក់ ដាក់ក្នុងជំរំលត់ដំ រយៈពេល ១៥ឆ្នាំ ដោយចោទពីបទវិច្ឆេទកម្មប្រឆាំងនឹងរដ្ឋកូរ៉េខាងជើង។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ។ ការកាត់ទោសពលរដ្ឋអាមេរិកនេះ ធ្វើឡើង នៅក្នុងពេលដែលកូរ៉េខាងជើង កំពុងមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក។
ពលរដ្ឋ អាមេរិក ដើមកំណើតកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងបានសម្រេចកាត់ទោស ដាក់ក្នុងជំរំលត់ដំ រយៈពេល ១៥ឆ្នាំ នៅពេលនេះ មានឈ្មោះថា Kenneth Bae (ឈ្មោះជាភាសាកូរ៉េ Pae Jun-Ho) អាយុ ៤៤ឆ្នាំ ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន នៅក្នុងពេលដែលលោកចូលទៅក្នុងខេត្តប៉ែកខាងជើងប្រទេសកូរ៉េខាងជើង ជាមួយអ្នកទេសចរបរទេស ៤នាក់ផ្សេងទៀត កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំទៅមិញ។
ពលរដ្ឋអាមេរិករូបនេះ ត្រូវបានតុលាការកំពូលកូរ៉េខាងជើងកាត់ទោស ពីបទធ្វើវិច្ឆេទកម្មប្រឆាំងនឹងរដ្ឋកូរ៉េខាងជើង។ ក៏ប៉ុន្តែ បើយោងតាមសកម្មជនសិទ្ធិមនុស្សនៅកូរ៉េខាងត្បូង Kenneth Bae ត្រូវអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន ទំនងជាមកពីគាត់បានថតរូបកូនក្មេងកូរ៉េខាងជើង ដែលកំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។
អ្នកជំនាញម្នាក់ នៅវិទ្យាស្ថានស្រាវជ្រាវកូរ៉េខាងត្បូង បានលើកឡើងថា កូរ៉េខាងជើងទំនងជាចង់យកករណី Kenneth Bae នេះ មកធ្វើជាសន្លឹកបៀ ដើម្បីចរចាជាមួយនឹងសហរដ្ឋអាមេរិក ដូចដែលធ្លាប់ធ្វើពីពេលមុន។
គួររំឭកឡើងវិញថា កាលពីពេលកន្លងទៅ កូរ៉េខាងជើងក៏ធ្លាប់បានចាប់ខ្លួន និងកាត់ទោសពលរដ្ឋអាមេរិកជាច្រើនរូប ដាក់ក្នុងពន្ធនាគារ ឬជំរំលត់ដំដែរ ហើយរហូតទាល់តែមានដំណើរទស្សនកិច្ចរបស់លោកអតីតប្រធានាធិបតីអាមេរិក Jimmy Carter ទៅកូរ៉េខាងជើង ទើបរដ្ឋាភិបាលក្រុងព្យុងយ៉ាង សុខចិត្តដោះលែងពលរដ្ឋអាមេរិកទាំងនេះមកវិញ។
ជាទូទៅ គេសង្កេតឃើញថា មេដឹកនាំក្រុងព្យុងយ៉ាងតែងតែចង់ឲ្យមានឥស្សរជនកំពូលៗរបស់អាមេរិក ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីជាការបង្ហាញឲ្យកងទ័ព និងពលរដ្ឋកូរ៉េខាងជើងឃើញថា នេះគឺជាកាយវិកាលន់តួ គោរពកោតខ្លាចរបស់មេដឹកនាំមហាអំណាចអាមេរិក ចំពោះមេដឹកនាំកូរ៉េខាងជើង។
យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានកូរ៉េខាងត្បូង នៅពេលនេះ លោក Jimmy Carter មានបំណងចង់ធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាថ្មីម្តងទៀត ដើម្បីព្យាយាមស្វះស្វែងរកការដោះលែងលោក Kanneth Bae ៕ដោយ សេង ឌីណា(RFI)