ជាលើកទី១ ដែលនាវាចម្បាំងរុស្ស៊ីទៅដល់រដ្ឋអ៊ីស្រាអែល
នាវាចម្បាំង រុស្ស៊ីដែលម្សិលមិញបាន យាត្រាទៅដល់ទឹកដីអ៊ីស្រាអែល គឺដើម្បីចូលរួមក្នុងពិធីរំលឹកខួប៦៨ឆ្នាំនៃជ័យជំនះលើរបប ហ្វាស៊ីស្តអាល្លឺម៉ង់ ថ្ងៃ៩ ឧសភា ឆ្នាំ១៩៤៥ ដែលបានខ័ណ្ឌបញ្ចប់សង្គ្រាមលោកលើកទី២នៅទ្វីបអឺរ៉ុប។ នេះជាព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើល ដ្បិតក្នុងប្រវត្តិ៦៥ឆ្នាំនៃរដ្ឋអ៊ីស្រាអែល ធ្លាប់មានទាំងការផ្តាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតដែលតែង បានកាន់ជើងលោកអារ៉ាបនៅក្នុងទំនាស់ជាមួយអ៊ីស្រាអែល ទម្រាំអាចស្តារឡើងវិញទំនាក់ទំនងនេះ លុះជាមួយប្រទេសរុស្ស៊ីសម័យថ្មីទៅហើយ។
តាម ដែលក្រសួងការពារជាតិរុស្ស៊ីប្រកាសឲ្យដឹង ក្នុងប្រវត្តិ៦៥ឆ្នាំនៃរដ្ឋអ៊ីស្រាអែល គឺជាលើកទី១ដែលមានពួកនាវិករុស្ស៊ីចូលរួមនៅលើទឹកដីអ៊ីស្រាអែល ផ្ទាល់ក្នុងពិធីដ៏ឧឡារឹកជាកិត្តិយសដល់ខួប៦៨ឆ្នាំនៃមហាជ័យជំនះលើ របបហ្វាស៊ីស្តអាល្លឺម៉ង់។ ស្របនឹងកម្មវិធីបុណ្យ ពួកនាវិករុស្ស៊ីដែលបានទៅដល់កំពង់ផែអ៊ីស្រាអែល Haifa តាមរយៈនាវាចម្បាំងដ៏ធំរបស់រុស្ស៊ីឈ្មោះAzov នឹងប្រគំតន្ត្រី ព្រមទាំងឈរជារបងសំដែងគារវកិច្ចជូនលោកតា លោកយាយដែលជាអតីតយុទ្ធជនសូវៀតធ្លាប់បានច្បាំងក្នុងសង្គ្រាមលោក លើកទី២ ដើម្បីរំដោះជាតិ Juif ចេញពីគម្រោងសែនយង់ឃ្នងរបស់មេក្លោងហ្វាស៊ីស្ត Hitler ប្រុងបំផុតពូជសាសន៍នេះតែម្តង។
លោកតា លោកយាយទាំងនេះ ក្រោយមក បានត្រូវអំណាចសូវៀតអនុញ្ញាតឲ្យគេចាកចេញទៅរស់នៅឯស្រុកកំណើត Juif របស់គេទៅ។ ជាការកត់សម្គាល់ បច្ចុប្បន្នពីក្នុងចំណោមបណ្តាជន៧លាននាក់នៅអ៊ីស្រាអែល គឺមានដល់ទៅ ១លាននាក់ដែលមុនដំបូង ទៅពីសហភាពសូវៀត បន្ទាប់មក គឺទៅពីប្រទេសរុស្ស៊ី។ ពិតជាអង្គការយុទ្ធជនជើងចាស់នៅអ៊ីស្រាអែលដែលបានបំផុសមកនូវគំនិត ឲ្យអញ្ជើញពួកនាវិកនៃនាវាចម្បាំងរុស្ស៊ី ទៅចូលរួមក្នុងពិធីបុណ្យនោះ។ នៅអ៊ីស្រាអែល ទិវាជ័យជំនះត្រូវគេប្រារព្ធនៅថ្ងៃ៩ ឧសភា ដូចនៅរុស្ស៊ី និងបណ្តារដ្ឋឯទៀតនៃអតីតសហភាពសូវៀត។
ចាប់ពីឆ្នាំ១៩៩៩ មក វាបានទទួលឋានៈជាបុណ្យផ្លូវការ ហើយចាប់ពីឆ្នាំ២០០៨មក មាន លក្ខណៈស្របច្បាប់ពេញទី គឺព្យុហយាត្រានៃយុទ្ធជនជើងចាស់នៅតាមមហាវិថីមួយកណ្តាលក្រុង Jerusalem។ ការដែលមាននាវាចម្បាំងរុស្ស៊ីទៅដល់ទឹកដីអ៊ីស្រាអែល ប្រទេសដែលលើកបញ្ហាសន្តិសុខជាអាទិភាពចម្បង គឺរំលេចឲ្យឃើញពីការជឿទុកចិត្តកម្រិតខ្ពស់ ពីខាងប្រទេសនេះ ចំពោះម៉ូស្គូ។ ដ្បិតគេនៅចងចាំថា សម័យសង្គ្រាម ៦ថ្ងៃនៃខែមិថុនា ឆ្នាំ១៩៦៧ ពេលដែលអ៊ីស្រាអែលបានវាយប្រហារទៅលើអេហ្ស៊ីប ស៊ីរី ហ្ស៊កដានី សហភាពសូវៀត ដែលតែងសាមគ្គីជាមួយលោកអារ៉ាប បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលតែម្តង ដោយចាត់ទុក អ៊ីស្រាអែលជា “ប្រទេសឈ្លានពាន”។
លុះកន្លងផុត២៤ឆ្នាំមក នៅខែតុលា ឆ្នាំ១៩៩១ ទើបមានស្តារឡើងវិញទំនាក់ទំនងនេះ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីរុស្ស៊ីពូទីនបានបំពេញទស្សនកិច្ច ២លើកឯណោះនៅប្រទេសអ៊ីស្រាអែល គឺក្នុងឆ្នាំ ២០០៥ និងឆ្នាំ២០១២ ក៏ដូចជាទស្សនកិច្ចឆ្លើយតបវិញ ពីខាងថ្នាក់ដឹកនាំកំពូលអ៊ីស្រាអែលមកកាន់ប្រទេសរុស្ស៊ី៕ដោយ កែវ ឆាយា(RFI)