ចៅហ្វាយក្រុងថ្មី សន្យាដោះស្រាយវិបត្តិដីធ្លី
Cambodia News

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក កែប ជុតិមា តាមរយៈព្រះក្រឹត្យមួយកាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣ និង ដោយយោងទៅលើច្បាប់ស្ដីពីក្រុមប្រឹក្សា ខេត្ត-ក្រុង ដែលកំណត់អាណត្តិការងារ របស់ចៅហ្វាយ ខេត្ត-ក្រុង ត្រឹមតែរយៈពេល៤ឆ្នាំ។
ទើបបានតែងតាំងជាចៅហ្វាយក្រុងភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី០៣ ឧសភា ២០១៣ លោក ប៉ា សុជាតិវង្ស បានសន្យាជាសាធារណៈថា នឹងធ្វើការដោះស្រាយឲ្យអស់ពីលទ្ធភាព នូវបញ្ហាដីធ្លីដ៏ចម្រូងចម្រាស ដែលនៅសេសសល់ ។
ចំពោះបញ្ហាដីធ្លី នៅសហគមន៏បឹងកក់ បុរីកីឡា សហគមន៏ថ្មគោលដែលជានិច្ចកាល ប្រជាពលរដ្ឋ តែងតែលើកគ្នា ធ្វើបាតុកម្មទាមទារដំណោះស្រាយ នោះ ត្រូវបានលោក ប៉ា សុជាតិវង្ស អះអាងថា នឹងលើកយកមកធ្វើការដោះស្រាយជាបន្តទៀត រួមទាំងបញ្ហាទឹកសម្អុយ ដែលបណ្ដាលឲ្យផ្លូវ ក្នុងទីក្រុងភ្នំពេញលិច ស្ទើរតែរៀងរាល់រដូវវស្សា ផងដែរ ៕