លោក ខៀវ កាញារីទ្ធ៖ រដ្ឋាភិបាលមិនបានបញ្ជាឲ្យបិទបណ្តាញសង្គម ហ្វេសប៊ុកនោះទេ
Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងទិវាសេរីភាពសារព័ត៌មាន ឆ្នាំ២០១៣ ព្រឹកថ្ងៃទី៣ ឧសភា ២០១៣ ក្រោមប្រធានបទ«ការធានាសេរីភាព ក្នុងការបញ្ចេញមតិនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ»នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាឲ្យបិទបណ្តាញសង្គម ហ្វេសប៊ុក នោះទេ។

ជាមួយគ្នានោះលោក ស្រី Anne Lemaistre តំណាងយូណេស្កូ ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ទិវាសេរីភាពសារព័ត៌មាន ថ្ងៃ៣ឧសភា ត្រូវបានអនុម័តដោយមហាសន្និបាត របស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ និងឆ្លងតាមការអនុម័តរបស់សន្និសីទទូទៅ របស់អង្គការយូណេស្កូ លើកទី២៦ ឆ្នាំ១៩៩១ ដែលជាថ្ងៃមួយសម្រាប់លើកទឹកចិត្ត និងលើកកម្ពស់ដល់ការបង្កើតថ្មី ដើម្បីគាំទ្រសេរីភាពសារព័ត៌មាន។
លោក ស្រីបន្តថា ការប្រារព្ធពិធីអបអរ ទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ មានគោលបំណង ផ្តល់ជាវេទិកាសន្ទនាមួយ ដល់អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និងបញ្ហានានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕ ហេង នាង