ឥណ្ឌារងគ្រោះដោយបទឧក្រិដ្ឋផ្លូវភេទ
នៅប្រទេសឥណ្ឌា ប្រជាជនកំពុងតែមានការរំជើបរំជួលក្នុងចិត្តខ្លាំងដោយសារតែកុមារី អាយុ៤ឆ្នាំ ដែលត្រូវបានគេចាប់រំលោភ កាលពីពាក់កណ្តាលខែមេសាកន្លងទៅ នៅក្រុង Ghansour ភាគកណ្តាលប្រទេស បានស្លាប់បាត់បង់ជីវិតហើយ កាលពីថ្ងៃចន្ទកន្លងទៅ។ ជាច្រើនឆ្នាំមកហើយដែលឥណ្ឌាបានធ្លាក់ខ្លួនជាចំណីនៃបទឧក្រិដ្ឋ ផ្លូវភេទ ពិសេសពិភពលោកចាប់កត់សម្គាល់ខ្លាំងលើបញ្ហានេះ ចាប់តាំងពីពេលដែលនិស្សិតពេទ្យស្រីអាយុ២៣ឆ្នាំ បានត្រូវគេចាប់រំលោភ និងស្លាប់បាត់បង់ជីវិតមក។
“តើប្រទេសនេះរឺដែលជាប្រទេសសំរាប់កុមារ?” នេះជាសំណួរដែលចោទសួរឡើងដោយទស្សនាវដ្តី India Today នៅសប្តាហ៍នេះ។ ទស្សនាវដ្តីនេះបានដាក់ចំណងជើងអោយក្របទំព័រមុខរបស់ខ្លួនថា “ជនឃោរឃៅបំពានផ្លូវភេទ” ហើយបានលើកឡើងថា នៅឥណ្ឌា មួយភាគបីនៃជនរង គ្រោះដោយការរំលោភផ្លូវភេទគឺសុទ្ធតែជាកុមារ។
កាលពីថ្ងៃចន្ទកន្លងទៅ កុមារីអាយុ៤ឆ្នាំ ដែលត្រូវបានគេចាប់រំលោភ នាពាក់កណ្តាលខែមេសាកន្លងទៅ នៅភាគកណ្តាលប្រទេស បានស្លាប់បាត់បង់ជីវិតហើយ។ ហើយនៅមុនពេលមានករណីចាប់រំលោភកុមារីនេះ ក៏មានកុមារីម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវបានគេចាប់ពង្រត់និងរំលោភភេទអស់រយៈពេលបួនម៉ោងផងដែរ។ ប្រជាជនទីក្រុងNew Delhi បានបាតុកម្មបញ្ចេញកំហឹង បរិហារអំពើរព្រៃផ្សៃទាំងនេះ។ ប្រទេសឥណ្ឌាបានធ្លាក់រងគ្រោះជាចំណីនៃបទឧក្រិដ្ឋរំលោភផ្លូវភេទ ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែចាប់ពីខែធ្នូ ឆ្នាំ២០១២មក តាំងពីពេលដែលនិស្សិតពេទ្យស្រីត្រូវបុរសជាច្រើននាក់ចាប់រំលោភ ផ្លូវភេទរួមគ្នា និងវាយដំធ្ងន់ធ្ងររហូតធ្វើអោយនាងស្លាប់បាត់បង់ជីវិតមក ពិភពលោកទាំងមូលកាន់តែចាប់អារម្មណ៍លើឥណ្ឌា ហើយប្រទេសមួយចំនួនបានទូន្មានប្រជាជនខ្លួនមិនអោយធ្វើដំណើរទៅ កំសាន្តនៅប្រទេសនេះ។
នៅឥណ្ឌា ប៉ូលិសមិនដែលកត់ត្រាករណីចាប់រំលោភទុកក្នុងបញ្ជីទេ។ ប៉ុន្តែចាប់ពីមានករណីនិស្សិតពេទ្យស្រីមក ប៉ូលិសបានទទួលបទបញ្ជាការងារថ្មី អោយមានការកត់ត្រាបញ្ហានេះ។ ដូច្នេះ ត្រឹមតែរយៈពេលបីខែបន្ទាប់ពីនោះមក ការប្តឹងតវ៉ា បានកើនឡើងដល់ទៅ១៤៨ ភាគរយ ប្រៀបទៅនឹងឆ្នាំកន្លងទៅ។
ឥណ្ឌាបានអនុម័តច្បាប់ដាក់ទោស ក្នុងកម្រិតធ្ងន់ ដល់ឧក្រិដ្ឋជនផ្លូវភេទ។ ប៉ុន្តែការរំលោភនៅតែបន្តមាន។ កាលពីថ្ងៃចន្ទ នៅភាគឥសានប្រទេស កុមារីម្នាក់ទើបតែត្រលប់មកពីសាលា រៀនវិញបានត្រូវគេចាប់រំលោភ។ ឪពុកម្តាយនាងតូចនិងអ្នកជិតខាងមានការខឹងសម្បារជាខ្លាំង បានបាតុកម្មដុតឡានអស់ជាច្រើនគ្រឿង។
សំរាប់សមាគមការពារសិទ្ធិមនុស្សនានា អ្វីដែលឥណ្ឌាត្រូវផ្លាស់ប្តូរនោះ គឺមិនមែនត្រឹមតែច្បាប់តែមួយមុខនោះទេ។ គឺត្រូវផ្លាស់ប្តូរចេញនូវសង្គមដែលអោយតំលៃហួសហេតុលើបុរសភេទ៕ ដោយ ព្រំ សឿន សូលីណា (RFI)