ក្នុងខែមេសា ដើមឆ្នាំ២០១៣ ខ្យល់ព្យុះកើតមានឡើងចំនួន ៧៩ករណី
Cambodia News
ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹង ប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា តាមរយៈការប៉ាន់ប្រមាណហានិភ័យ ប្រព័ន្ធផ្តល់ព័ត៌មានជា មុន និងការរៀបចំបទដ្ឋានសាងសង់» នៅព្រឹកថ្ងៃទី២ មេសា ២០១៣ នាសណ្ឋាគារភ្នំពេញ លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុក ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ បានឲ្យដឹងថា ក្នុងខែមេសា ដើមឆ្នាំ២០១៣នេះ កម្ពុជាបាន ទទួលរងនូវខ្យល់ព្យុះចំនួន ៧៩ករណី ដែលបំផ្លាញទ្រព្យ សម្បត្តិប្រជាពលរដ្ឋ និងបណ្តាលឲ្យមនុស្សស្លាប់។
លោកទេសរដ្ឋមន្រ្តី បានបន្តថា «ក្នុងពេលថ្មីនេះនៅក្នុងខែមេសា ដើមឆ្នាំ២០១៣នេះ ប្រទេសកម្ពុជាទទួលរងផល ប៉ះពាល់ និងខូចខាតដោយគ្រោះ មហន្តរាយដូចជាខ្យល់ព្យុះ រន្ទះបាញ់ និងអគ្គីភ័យ។ ក្នុងនោះខ្យល់ព្យុះមាន ៧៩ ករណី បានបំផ្លាញផ្ទះដួលរលំចំនួន ១.០១៩ខ្នង និងធ្វើឲ្យរបើកផ្ទះ ចំនួន ៤.៣៤៣ខ្នង, សាលារៀនចំនួន ១ខ្នង, ស្លាប់មនុស្សចំនួន ១៤នាក់, រងរបួសចំនួន ៤១នាក់»។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា រន្ទះបាញ់មានចំនួន ៤១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣៥នាក់ របួស ចំនួន២៤នាក់ សត្វស្លាប់ចំនួន ៩ ក្បាល និងអគ្គិភ័យកើតឡើងមានចំនួន ១៣៦លើក ដែលបណ្តាលឲ្យខូចខាតផ្ទះ សម្បែងចំនួន ២៤០ខ្នង និងតូបលក់ដូរចំនួន ១១១តូប ឃ្លាំងចំនួន ២ សិប្បកម្មចំនួន ៤កន្លែង ស្ថានីយប្រេង ចំនួន ៣កន្លែង។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបញ្ជាក់ឲ្យដឹងថា គ្រោះមហន្តរាយ គឺកើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើងៗ បាន គំរាមកំហែងចំពោះការរស់នៅ និង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ហើយមុខសញ្ញាដែលកំពុង ជួបប្រទះកន្លងមកនោះមានដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ, រន្ទះបាញ់ អគ្គិភ័យ ជំងឺរាតត្បាតផ្សេងៗ៕