មីយ៉ាន់ម៉ាចាត់វិធានការទប់ស្កាត់អំពើហិង្សារវាងក្រុមអ្នកកាន់សាសនាខុសគ្នា
គណៈកម្មការមួយរបស់រដ្ឋាភិបាល មីយ៉ាន់ ម៉ាបានលើកឡើងថាការគ្រប់គ្រងចំនួនប្រជាជនគឺជាវិធីសាស្រ្តមួយ ក្នុងការទប់ស្កាត់អំពើហិង្សា ដែលកើតមានជាញឹកញាប់រវាងពុទ្ធសាសនិក និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមនៅក្នុងខេត្ត Rakhine។
គណៈកម្មការនេះក៏បានស្នើឲ្យបង្កើនទ្វេដងនូវកម្លាំង សន្តិសុខ ដើម្បីដាក់ពង្រាយកុំឲ្យក្រុមទាំងពីរនេះប៉ះទង្គិចគ្នាទៀត។
ដើម្បី ដោះស្រាយបញ្ហាហិង្សាក្នុងរយៈពេលវែង គណៈកម្មការនេះបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលអនុវត្តន៍នូវផែនការ គ្រួសារដោយស្ម័គ្រចិត្ត ដើម្បីទប់ទល់នឹងការកើនឡើងចំនួនប្រជាជនក្នុងចំណោមជនជាតិ Rohingya កាន់សាសនាអ៊ីស្លាម។
សមាជិកគណៈកម្មការនេះ ព្រមទាំងជាអតីតបុគ្គលិកអង្គការយូនីសេហ្វលោក Yin Yin New បានមានប្រសាសន៍ថា អត្រាកំណើតខ្ពស់ក៏រួមចំណែកដល់ការកើនឡើងនៃភាពតានតឹង និងការភ័យខ្លាចផងដែរ។
គេចាត់ទុកថាជនជាតិ Rohingya ជាជនជាតិភាគតិចដែលទទួលរងការធ្វើទុក្ខបុកម្នេញជាងគេបំផុត ក្នុងទូទាំងពិភពលោក ហើយអំពើហិង្សាកាលពីខែមិថុនា និងតុលាឆ្នាំមុននេះបណ្តាលឲ្យមនុស្សស្លាប់រាប់រយនាក់៕ (Radio Australia)