ពួក​​អ្នក​​ដើរ​កប៉ាល់​​ជាតិ​​រុស្ស៊ី​​ឃាត់ខ្លួន​​ដោយ​​កងល្បាត​​ដែន​ទឹក​​ជប៉ុន​​

អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ គឺ​ជាតិរុស្ស៊ី​ទាំងនោះ សរុបទៅ​មាន​គ្នា​១៥​នាក់ ធ្វើការ​ស៊ីឈ្នួល​នេសាទ​ជលផល​គឺ​ដោយ​ប្រើ​កប៉ាល់​នេសាទ​ដែល​ដោត​ទង់ជាតិ​ កម្ពុជា​តែម្តង។ ការ​ឃាត់ខ្លួន​នេះ​បាន​ប្រព្រឹត្ត​ទៅ​ព្រឹកមិញ ដោយ​មកពី​កប៉ាល់​នោះ បាន​នេសាទ​ក្តាម​សមុទ្រ​ដោយ​ខុស ច្បាប់ នៅត្រង់​តំបន់​សេដ្ឋកិច្ច​របស់​ជប៉ុន ជាប់​នឹង​កោះ​ជប៉ុន Hokkaido។

ដំណឹង​ស្តីអំពី​ការឃាត់ខ្លួន​ព្រឹកមិញ​នេះ ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​រុស្ស៊ី ITAR-TASS យោង​ទៅលើ​ស្ថាន​អគ្គ​កុងស៊ុល​រុស្ស៊ី​ប្រចាំ​នៅ​ក្រុង​ជប៉ុន Sapporo ជា​ធានី​កោះ Hokkaido។ ព័ត៌មាន​នេះ​ក៏​ត្រូវបាន​ផ្សាយ​ព្រឹកមិញ​ដោយ​កាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Vesti។
គឺ​ស្ថាន​អគ្គកុងស៊ុល​រុស្ស៊ី​នេះ ដែលបាន​ទទួល​ពី​ភាគី​ជប៉ុន​នូវ​វិញ្ញត្តិ​ជា​លាយលក្ខណ៍​អក្សរ​ ជូន​ដំណឹង​ថា៖

ព្រឹក​ថ្ងៃ​២៤​ មេសា​នេះ កងល្បាត​ព្រំដែន​សមុទ្រ​ជប៉ុន​បាន​ឃាត់ខ្លួន​មនុស្ស​១៥​នាក់ ដែល​សុទ្ធតែ​ជា​ពលរដ្ឋ​នៃ​សហព័ន្ធ​រុស្ស៊ី នៅក្នុង​កប៉ាល់​នេសាទ​មួយ​ដោត​ដោយ​ទង់ជាតិ​កម្ពុជា ឃាត់​នេះ​គឺ​ចំពោះ​ការ​នេសាទ​ក្តាមសមុទ្រ​ដោយ​ខុស​ច្បាប់ នៅត្រង់​តំបន់​សេដ្ឋកិច្ច​ជា​ដែនទឹក​ជប៉ុន​សុទ្ធ សាធ នៅ​ក្បែរ​កោះ Hokkaido ជា​កោះ​ប៉ែក​ខាងជើង​បង្អស់​របស់​ជប៉ុន។

ឥឡូវ​ជន​រុស្ស៊ី​ទាំងនេះ ត្រូវ​ឃាត់ខ្លួន​ឲ្យ​ស្ថិត​នៅ​សិន ក្នុង​ក្រុង​ផែ​ជប៉ុន Mombetsu។ ភាគី​ជប៉ុន​នៅ​មិនទាន់​ធ្វើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ទៅលើ​អ្នក​ទាំងនោះ​ ឡើយ ដ្បិត​តាម​ធម្មតា​អាជ្ញាធរ​ជប៉ុន​មាន​ពេល​ដល់ទៅ​៤៨​ម៉ោង សម្រាប់​ធ្វើ​ការ​ចោទប្រកាន់​នេះ។

លើក​មុន ឧប្បត្តិហេតុ​បែបនេះ​ក្នុង​ដែនទឹក​ជប៉ុន ត្រូវបាន​កត់ត្រា​ឃើញ​កាលពី​ចុង​ឆ្នាំ​២០១១។ កាល ណោះ កងល្បាត​ព្រំដែន​សមុទ្រ​ជប៉ុន​ក៏បាន​ឃាត់ខ្លួន​ក្រុម​អ្នក​ដើរកប៉ាល់​ជាតិ​ រុស្ស៊ី​ដែរ ដោយ​កប៉ាល់​គេ​បាន​នេសាទ​ក្តាមសមុទ្រ​ដោយ​ខុសច្បាប់ នៅត្រង់​តំបន់​សេដ្ឋកិច្ច​ជប៉ុន។ បន្ទាប់​មក តុលាការ​ជប៉ុន​បាន​វិនិច្ឆ័យ​ឲ្យ​មេក្រុម​អ្នកដើរកប៉ាល់​ជាតិ​រុស្ស៊ី​នោះ​ បង់ប្រាក់​ពិន័យ​ទំហំ ២​លាន​យ៉េន រឺ​ប្រមាណ ២​ម៉ឺន​ដុល្លារ​អាមេរិក។

បើ​និយាយ​ពី​កប៉ាល់​នេសាទ​ដោតដោយ​ទង់ជាតិ​កម្ពុជា​នោះ​ ឧស្សាហ៏​កើតមាន​ឡើង​ករណី​កាល​ដែល​កប៉ាល់​នេះ​មាន​ថៅកែ​ជា​ក្រុមហ៊ុន​រុស្ស៊ី ​ទេតើ តែង​ត្រូវ​បាន​កងល្បាត​ព្រំដែន​រុស្ស៊ី​ឃាត់ខ្លួន​ជា​ញឹកញយ ចំពោះ​ការ​នេសាទ​ក្តាមសមុទ្រ​ខុសច្បាប់​ នៅត្រង់​តំបន់​សេដ្ឋកិច្ច​របស់​រុស្ស៊ី។ ដំណឹង​បែបនេះ ពី​មួយពេល​ទៅ​មួយពេល តែង​ផ្សាយដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី។

ដោយ​ហេតុ​ថា ទាំង​ជប៉ុន ទាំង​រុស្ស៊ី សុទ្ធតែ​រងគ្រោះ​នឹង​ការ​នេសាទ​ជលផល​ដោយ​ខុសច្បាប់ ក្នុង​ដែនទឹក​ខ្លួន បានជា​កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១២ ក្រុង​ម៉ូស្គូ​និង​តូក្យូ​បាន​ចុះ​នឹងគ្នា​សន្ធិ សញ្ញា​ស្តី​អំពី​ការ​ ប្រយុទ្ធ​រួមគ្នា​ទល់នឹង​ការនេសាទ​ដោយ​លួចលាក់ គ្រាន់នឹង​បញ្ចៀស​ឲ្យផុត​ពី​ការ​នេសាទ និង​ការ​ជួញ​ជលផល​នេះ​ដោយ​ខុសច្បាប់ នៅតាម​តំបន់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក មាន​ក្តាម​សមុទ្រ​ជាដើម។ ក្តាមសមុទ្រ​នេះ​មាន​មាឌ​ធំៗ​ណាស់ ប្រវែង​៣​តឹក ៤​តឹក៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close