HRW៖អាជ្ញាធរចូលរួមការសម្លាប់ជនជាតិអ៊ីស្លាមភាគតិច
អង្គការការពារសិទ្ធមនុស្សអន្តរជាតិ Human Rights Watch (HRW) ទើបបានចេញរបាយការណ៍មួយនៅថ្ងៃចន្ទនេះ ចោទអាជ្ញាធរនៅរដ្ឋរ៉ាគីន ថាបានធ្វើការបោសសំអាតប្រឆាំងជនជាតិភាគតិចអ៊ីស្លាមចាប់តាំងពី ឆ្នាំ២០១២នៅប៉ែកខាងលិចភូមា។ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ-នេះបើយោងតាម Human Rights Watch ដែលមានទីស្នាក់ការនៅទីក្រុងញូវយក(New York) ។ អង្គការការពារសិទ្ធមនុស្សដដែលនេះ បានបញ្ជាក់ទៀតថា អំពើហិង្សាប្រឆាំងសហគមន៍អីស្លាម បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១១០នាក់នៅខែមិថុនានិងនៅខែ តុលា២០១២។
អង្គការការពារសិទ្ធមនុស្សអន្តរជាតិ Human Rights Watch នៅក្នុងរបាយការណ៍មួយរបស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទ២២មេសា បានចោទ”កងកម្លាំងសន្តិសុខភូមា ថា បានរួមចំណែកក្នុងការកំទេចបំផ្លាញ អាវុធរបស់ជនជាតិភាគតិចអ៊ីស្លាម Rohingyas ដែលមានជាប់ខ្លួន ដើម្បីទុកការពារសុវត្តិភាពរបស់ពួកគេ។
ម្យ៉ាងទៀត នៅពេលដែល ក្រុមអ្នកកាន់ព្រះពុទ្ធសាសនា ចាប់ផ្តើមធ្វើការកាប់សម្លាប់ជនជាតិភាគតិច ទាំងបុរសស្ត្រីនិងកុមារ នៅខែមិថុនានិងខែតុលា២០១២ កងទ័ពភូមា ដែលមានភារៈកិច្ចការពារសុវត្តិភាពប្រជាជនបែរ ជានៅស្ងៀម គ្មានធ្វើអន្តរាគមន៍ឡើយ ហើយនៅក្នុងករណីខ្លះ ពួកគេថែមទាំងចូលរួមក្នុងអំពើហិង្សាទៀតផង។
ជួនកាលខ្លះ កងសន្តិសុខភូមា បានធ្វើ អន្តរាគមន៍ ដើម្បី ទប់ស្កាត់អំពើហិង្សានិងក៏ដើម្បី ការពារកុំឲ្យជនជាតិភាគតិចរត់ភៀសខ្លួន ។ ប៉ុន្តែជាញឹកញាប់ កងសន្តិសុខ មិនបានអើពើ នឹងបញ្ហាឈ្លានពាននេះឡើយ ផ្ទុយទៅវិញ បែរជាទៅជួយគាំទ្រដោយផ្ទាល់ពួកជនឈ្លានពាន នៅក្នុងការបង្កឃាតកម្មឬក៏ការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗ ទៀត។
លោក Phil Robertson នាយករងនៃអង្គការ Human Rights Watch ទទួលបន្ទុកខាងតំបន់អាស៊ី បានចាត់ទុកសហគមន៍ជនជាតិភាគតិចអ៊ីស្លាម ថា ជាជនរងគ្រោះដោយការរើសអើងប្រកាន់ពូជ សាសន៍ និងដែលត្រូវគេរំលោភបំពានតាមតែអំពើតែចិត្តនៅភូមា។ មិនតែប៉ុណ្ណោះ អាជ្ញាធរ ថែមទាំងលើកទឹកចិត្តពួកអ្នកឈ្លានពានក្នុងការប្រព្រឹត្តអំពើ ឆ្កួតលីលាផ្សេងៗទៀត ប្រឆាំងទៅលើជនជាតិអ៊ីស្លាម។ លោក Phil Robertson បានថែ្លងសង្កត់ពាក្យដូចនេះ ដោយ យោងទៅលើ មរណភាពរបស់ជនអ៊ីស្លាម៤៣នាក់ និងការរត់ភៀសខ្លួនរបស់បណ្តាជនយ៉ាងតិច១ម៉ឺន២០០០នាក់កាលពីខែមីនា នៅចំកណ្តាលប្រទេសភូមា។
លើសពីនេះ អាជ្ញាធរភូមា ថែមទាំងរារាំងមិនឲ្យអង្គការមនុស្សធម៌នានា អាចចូលទៅកាន់ជំរំដ៏តោកយ៉ាករបស់ជនភៀសខ្លួន Rohingyas និង Kamans ដែរដែលកំពុងប្រឈមមុខនឹងការអត់ម្ហូបអាហារទទួលទាន និងជម្ងឺផ្សេងៗទៀតដូចយ៉ាងជម្ងឺ អាសន្នរោគនិងជម្ងឺគ្រុនពោះ វៀន- នេះបើយោងតាមរបាយការណ៍របស់ អង្គការ Human Rights Watch ។
គួររំលឹកថា ជនជាតិភាគតិចអ៊ីស្លាមជាង ១២ម៉ឺននាក់ បានភៀសខ្លួន ពីអំពើហិង្សានានានៅរដ្ឋ Rakhine ដែលនៅទីនោះ ពួកគេ ត្រូវទទួលរងដោយការវាយប្រហារដោយកាំបិតតាំងតោពីពួក អ្នកកាន់ព្រះពុទ្ធសាសនា ។ ចំណែកលំនៅឋានរបស់ពួកគេទៀតសោត ក៏ត្រូវបានគេដុតបំផ្លាញដែរ ។ ជនភៀសខ្លួនអ៊ីស្លាមទាំងនេះ ជាច្រើនពាន់នាក់ បាននាំគ្នាជិះតាមទូកដើម្បីរត់ភៀសខ្លួនចេញពីភូមា ដើម្បីទៅកាន់ប្រទេសជិតខាងដែលនៅទីនោះ ពួកគេ ត្រូវបានរងគ្រោះមួយសារទៀតដោយធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួក ឈ្មួញទុច្ចរិត៕ដោយ នុយ ប៊ែរណាដែត(RFI)